Ad Code

សាក្សី​បញ្ជាក់​ប្រាប់​អង្គ​ជំនុំជម្រះ​សាលាដំបូង​ពី​ការ​សម្លាប់​ផ្តាច់​ពូជ​ទៅលើ​ជនជាតិ​ចាម​នៅ​មន្ទីរ​សន្តិសុខ​អូរ​ត្រកួន

ភ្នំពេញ ៖ សាក្សី​ទី​៤​ទាក់​ទឹង​អង្គហេតុ​ការប្រព្រឹត្ត​ទៅលើ​ជនជាតិ​ចាម គឺ​លោក សេន ស្រ៊ុន បាន​ប្រាប់​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​សាលា​ក្តី​ខ្មែរក្រហម​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៥ ថា មាន​បញ្ជា​ពី​ថ្នាក់លើ​ឲ្យ​ប្រធាន​សហករណ៍​ស្រង់​ស្ថិតិ​ជនជាតិ​ចាម ដែល​រស់​នៅ​ក្នុង​សហករណ៍​របស់​ខ្លួន និង​ក្រោយមក​មានការ​ប្រមូល​ចាប់ខ្លួន​ពួកគេ​ទាំងអស់​យក​ទៅ​សម្លាប់ចោល​នៅ​មន្ទីរ​សន្តិសុខ​ក្នុង​វត្ត​អូរ​ត្រកួន ស្ថិតនៅក្នុង​ស្រុក​កងមាស ខេត្តកំពង់ចាម​។


លោក នេត្រ ភ័​ក្ត្រា មន្ត្រី​អ្នកនាំពាក្យ​សាលា​ក្តី​បាន​ប្រាប់​កម្ពុ​ជាថ្មី​កាលពី​វេលា​ម៉ោង​៥ និង​៣០ នាទី​ល្ងាច​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៥ ថា បើ​តាម​សាក្សី សេន ស្រ៊ុន ដែល​បានមក​ផ្តល់​សក្ខីកម្ម​បញ្ជាក់​ប្រាប់​ថា ជនជាតិ​ខ្មែរ​ឥស្លាម ដែល​រស់​នៅ​ក្នុង​តំបន់​របស់​លោក​ចន្លោះ​ពី​៤០០ ទៅ​៥០០ នាក់ ត្រូវ​បាន​ក្រុមខ្មែរក្រហម​ចាប់ខ្លួន និង​សម្លាប់ចោល​ក្នុង​រយៈពេល​មួយ​យប់ និង​ដោយមាន​ចាក់​ចម្រៀង​តាម​មេក្រូ ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​មន្ទីរ​សន្តិ សុខ​នោះ​ចាប់អារម្មណ៍​ពី​ការ​សម្លាប់​ដ៏​រង្គាល​នេះ​។ លោក​បន្ត​ថា លោក សេន ស្រ៊ុន ដែល​បាន​ស្នាក់នៅ​ចម្ងាយ​ប្រមាណ​២០០ ម៉ែត្រ​ពី​មន្ទីរ​សន្តិសុខ​វត្ត​អូរ​ត្រ​កូន​បាន​ថ្លែង​ថា មានការ​ចាប់ខ្លួន​ទៅលើ​ជនជាតិ​ចាម​ទាំងអស់​ដោយ​ក្រុមខ្មែរក្រហម​ដែល​គេ​ឲ្យ​ឈ្មោះថា ក្រុម​ដាវ​វែង​។ លោក​ត្រូវ​បាន​ខ្មែរក្រហម​ឲ្យ​ជួយ​មើល​មនុស្ស ដែល​ត្រូវគេ​ចាប់ខ្លួន​។


លោក សេន ស្រ៊ុន ថ្លែង​ដែរ​ថា ក្រុម​ខ្មែរ​ក្រហម​បាន​ចូលចាប់​បងប្អូន​ខ្មែរឥស្លាម​ភ្លាម​នៅ​តាម​ផ្ទះ​ហើយ​ការ​ចាប់​ប្រមូល​ខ្លួន​ជនជាតិ​ចាម​ដែល​ធ្វើឡើង​នោះ​ទាំង​ក្មេង​ទាំង​ចាស់ និង​ចាប់​ទាំង​ក្រុម​គ្រួសារ​ទាំងអស់​ដែល​សរុប​ទាំងអស់​មាន​ប្រមាណ​ជាង​៤០០ នាក់​។ លោក​បន្ត​ថា នៅ​ពេល​ដែល​លោក​នាំ​អ្នកទោស​ចូល​ទៅ​ក្នុង​មន្ទីរឃុំឃាំង លោក​បានឃើញ​គេ​ដាក់​ខ្នោះ​កងជើង ហើយ​ពេលដែល​នាំ​បងប្អូន​ចាម​ចូលទៅ គឺ​អ្នកទោស​មាន​ច្រើន​ពេញ ព្រះវិហារ​តែម្តង។


សាក្សី​បាន​ថ្លែងប្រាប់​អង្គជំនុំជម្រះ​សាលាដំបូង​ថា ជនជាតិ​ចាម​ដែល​ត្រូវបាន​ចាប់ខ្លួន​ត្រូវបាន​សម្លាប់ចោល​ទាំងអស់ ហើយ​កូនៗ ដែល​តាម​មកជា​មួយ​ឪពុកម្តាយ​របស់គេ​ត្រូវបាន​សម្លាប់​ដោយ​ចាប់​ហែក​ជើង​សម្លាប់ បោក​ក្បាល​នឹង​គល់ឈើ​បោះ​ចូលទៅក្នុង​រណ្តៅ​សាកសព​រួមជាមួយ​ឪពុកម្តាយ​របស់គេ​។ លោក​បន្តថា ក្រោយមក​លោក​បានឃើញ​មាន​រណ្តៅ​៥ ធំ ដែល​កប់​សាកសព​ជនជាតិ​ចាម នៅពេលដែល​លោក​ឡើងត្នោត​។ ក្រោយ​ឆ្នាំ​១៩៧៩  នៅ ពេលដែល​មានការ ជីករណ្តៅ​សាកសព​នោះ មាន​ឃើញ​សម្លៀកបំពាក់​ជនជាតិ​ចាម និង​មាន​លលា​ដ៏​ក្បាល​របស់​កូនក្មេង​ផងដែរ។


សាក្សី​បាន​ថ្លែងថា លោក​មិន​បានដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការចាប់ខ្លួន​ជនជាតិ​ចាម​នោះទេ​។ បងប្អូន​ជនជាតិ​ចាម គឺជា​ដំណាក់កាល​កម្ទេច​ចុងក្រោយ​របស់​ក្រុមខ្មែរក្រហម បន្ទាប់ពី​បានសម្លាប់​ទៅលើ​ប្រជាជន​ថ្មី និង​ពេលខ្លះ​ក្រុមខ្មែរក្រហម​បាន​រំលោភ​ទៅលើ​ស្ត្រី​ក្មេងៗ​ស្អាត​ដែល​ជា​ប្រជាជន​ថ្មី មុននឹង​យក​ទៅ​សម្លាប់ចោល​និង​ក្រុម​មន្ត្រី​រាជការ​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​សម័យ​សង្គមរាស្ត្រនិយម និង​សម័យ លន់ នល់​។ លោក​បន្ត​ថា មានការ​តាមដាន និង​ចាប់ខ្លួន​ទៅលើ​កម្មាភិបាល​ចាស់​ផង​ដែរ​។ លោក​បាន​ថ្លែង​ថា ក្រៅពី​អ្នក​ទាំងនោះ ជនជាតិ​ចិន និង​អ្នក​ជាប់​ខ្សែស្រឡាយ​ចិន​ក៏​ត្រូវ​បាន​គេ​តាមដាន និង​ចាប់ខ្លួន​ផង​ដែរ​។ សាក្សី​ថ្លែង​ថា ចំនួន​ប្រជាជន​ពលរដ្ឋ​ដែល​គេ​យក​ទៅ​សម្លាប់​នៅ​មន្ទីរ​សន្តិសុខ​អូរ​ត្រកួន មាន​ចំនួន​តិច​ជាង ២០០០០ នាក់ ហើយ​លោក​បាន​ថ្លែងថា តួលេខ​ដែល​ថា អ្នក​ស្លាប់​ជាង ៣៥០០០ នាក់​នៅ​មន្ទីរ​សន្តិសុខ​នេះ ទំនងជា​មិន​ត្រឹមត្រូវ​ឡើយ។


គួរ​បញ្ជាក់​ថា សាក្សី សេន ស្រ៊ុន នៅពេល​ជម្លៀស​ទៅដល់​ស្រុក​កងមាស លោក​បាន​ស្នាក់​នៅក្បែរ​វត្ត​អូរ​ត្រកួន​ប្រមាណ​២០០ ម៉ែត្រ និង​ជា​អ្នក​ឡើងត្នោត​នៅ​ជុំវិញ​វត្ត​អូរ​ត្រកួន​។ លោក​បាន​ថ្លែងថា បន្ទាប់ពី​ចាប់​ផ្សឹក​ព្រះសង្ឃ​នៅក្នុង​វត្ត​នោះ​រួច វត្ត​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ធ្វើជា​មន្ទីរឃុំឃាំង។ សាក្សី​ថ្លែង​ថា លោក​បានឃើញ​ការ​ដឹក​ប្រជាពលរដ្ឋ​ចូលទៅក្នុង​វត្ត​នោះ​ជា​រៀងរាល់ថ្ងៃ ហើយ​មិនឃើញ​ដឹក​ចេញ​មកវិញ​ទេ​។ លោក​បាន​ថ្លែង​ថា នៅមុន​ឆ្នាំ​១៩៧៧ មិន​មាន​ការ​ហាមឃាត់​ឲ្យ​មនុស្ស​ដើរ​នៅមុខ​វត្ត​នោះ​ទេ ហើយ​គេ​អាច​មើលឃើញ​អ្នកទោស ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​១៩៧៧ មក គឺ​គេ​មិន​អនុញ្ញាត​ឱ្យ​ដើរកាត់​ទៀត​ទេ។


លោក​បញ្ជាក់​ថា ពេល​ដែល​ខ្មែរក្រហម​យក​មនុស្ស​ទៅ​សម្លាប់​ពួកគេ​បាន​ចាក់​ចម្រៀង​របប​ខ្មែរក្រហម​តាម​មេក្រូ​ដើម្បី​កុំឲ្យ​ប្រជាជន​ដែល​រស់នៅ​ជុំវិញ​នោះ បានឮ​សំឡេង​ស្រែក​របស់​អ្នកទោស​។ សាក្សី​បាន​ថ្លែង​ថា នៅ​ពេល​ដែល​កម្មាភិបាល​និរតី​ចូល​មក​តំបន់​ភូមិភាគ​ឧ​ត្ត​រ​ការ​សម្លាប់ មនុស្ស​មាន​កាន់​តែ​ច្រើន​ឡើងៗ​៕


T-09-14-15-g-full



សាក្សី​បញ្ជាក់​ប្រាប់​អង្គ​ជំនុំជម្រះ​សាលាដំបូង​ពី​ការ​សម្លាប់​ផ្តាច់​ពូជ​ទៅលើ​ជនជាតិ​ចាម​នៅ​មន្ទីរ​សន្តិសុខ​អូរ​ត្រកួន

Post a Comment

0 Comments

Close Menu