ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធការជួញដូរនិងរក្សាទុកសារធាតុញៀនត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវបើកការស្រាវជ្រាវចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីវេលាម៉ោង១៩និង០០នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ស្ថិតនៅចំណុចផ្ទះជួលក្រុម១៧ភូមិមិត្តភាពសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
នគរបាលខណ្ឌឫស្សីកែវបានប្រាប់ឲ្យដឹងថា ជនសង្ស័យចំនួន២នាក់មួយមានឈ្មោះអៀងគីមឡាយភេទប្រុសអាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលផ្លូវរថភ្លើងក្រុម៣ភូមិបឹងសាឡាងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវរាជធានីភ្នំពេញ២មានឈ្មោះខែសុភា ហៅភាអាយុ៣៨ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅផ្ទះជួលផ្លូវលំក្រុម១៧ភូមិទួលសង្កែសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
មន្ត្រីនគរបាលបន្តទៀតថា មុនពេលកើតហេតុដោយការបញ្ជាពីលោកទៀងច័ន្ទសារអធិការនគរបាលខណ្ឌឫស្សីកែវនៅយប់វេលាម៉ោង១៩និង០០នាទីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៥កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍និងខណ្ឌបានបើកការស្រាវជ្រាវកំណត់មុខសញ្ញាជួញដូរគ្រឿងញៀនដោយជនសង្ស័យឈ្មោះអៀងគីមឡាយកំពុងបើកម៉ូតូនៅចំណុចកើតហេតុខាងលើសមត្ថកិច្ចក៏ធ្វើការឃាត់និងឆែកឆេរបានរកឃើញសារធាតុញៀនដែលជនសង្ស័យបានលាក់នៅក្រោមកែបម៉ូតូរួមមាន១ម្សៅក្រាមពណ៌សចំនួន១០កញ្ចប់ក្នុងនោះមាន៨កញ្ចប់ធំនិង២កញ្ចប់តូច២ថ្នាំគ្រាប់១កញ្ចប់មាន៩គ្រាប់ពណ៌ស្វាយ៣ម៉ូតូ១គ្រឿងដែលជនសង្ស័យជិះធ្វើសកម្មភាពចរាចរណ៍សារធាតុញៀនរួចសមត្ថកិច្ចក៏សម្រេចចាប់ឃាត់ខ្លួនជនសង្ស័យធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពជាមួយនឹងបក្សពួកម្នាក់ទៀតឈ្មោះភាទើបសមត្ថកិច្ចបានបើកការស្រាវជ្រាវភ្លាមៗមកដល់វេលាម៉ោងជិត០៨យប់ថ្ងៃខែឆ្នាំដដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបក្សពួកម្នាក់ឈ្មោះខែសុភាហៅភាស្ថិតនៅចំណុចកើតហេតុខាងលើ។
ក្នុងប្រតិបត្តិការណ៍ជាលើកទី២នេះសមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនបន្ថែមទៀតដូចជាម្សៅក្រាមពណ៌សចំនួន៨កញ្ចប់ថង់តូចដែលជនសង្ស័យបានរក្សាទុកដើម្បីធ្វើការចែកចាយមិនតែប៉ុណ្ណោះជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនអស់រយៈពេល៤ឆ្នាំមកហើយ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងគ្រឿងញៀនចំនួន១០កំពុងឋិតក្រោមចំណាត់ការរបស់សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវនិងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីនៃផ្លូវច្បាប់៕
សមត្ថកិច្ចខណ្ឌឫស្សីកែវចាប់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងថ្នាំញៀន១០កញ្ចប់
0 Comments