សៀមរាប ៖ ក្មេងប្រុសអភ័ព្វម្នាក់ ដែលធ្លាប់បៅដោះមេគោជំនួសទឹកដោះម្ដាយ ដោយសារតែឪពុកម្ដាយបានចាកចេញទៅធ្វើការនៅប្រទេសថៃនោះ ឥឡូវអាយុ៦ឆ្នាំហើយ។
ក្មេងអភ័ព្វនោះត្រូវម្ដាយឃ្លាតឆ្ងាយ ហើយក៏បានមករួមរស់ជាមួយតា យាយ។ ក្រោយពីបណ្ដាសារព័ត៌មានបានធ្វើការផ្សព្វផ្សាយពីការ ដែលក្មេងនោះរត់ទៅបៅទឹកដោះគោជំនួសទឹកដោះម្ដាយ ដោយសារតែភាពស្រេកឃ្លាន ក្នុងពេលព្រាត់ពីឪពុកម្ដាយតាំងតែនៅខ្ចី និងមិនទាន់លែងបៅនោះរួចមក ក៏មានសប្បុរសជនជាច្រើនហូរហែបាននាំយកអំណោយមកចែកជូន។
ក្មេងប្រុសអភ័ព្វនោះមានឈ្មោះជា សុផាត កាលនៅបៅដោះមេគោ ទើបតែអាយុ១ខួប៦ខែ រស់នៅជាមួយលោកអ៊ំ អឿង អ៊ំស្រី ហ៊ុន ស្បៅ ដែលត្រូវជាតា និងយាយរបស់ក្មេង ស្ថិតនៅក្នុងភូមិ គោករកា ឃុំនគរភាស ស្រុកអង្គជុំ ខេត្តសៀមរាប។ រហូតមកដល់ពេលនេះ ក្មេងប្រុសជា សុផាត អាយុ ៦ឆ្នាំហើយ មានសុខភាពរឹងមាំ សំដីសំដៅប្រក្រតី ការចងចាំឆ្លាតឈ្លាសវៃ ប៉ុន្តែមានការអៀនខ្មាស និងខ្លាចគេច្រើន មិនព្រមឲ្យថតបានស្រួលៗ ទាល់តែមានវិធីលួចថត ឬក៏យកហ្គេមមកបញ្ឆោតទើបអាចថតបានខ្លះ។
ការបៅទឹកគោជំនួសទឹកដោះម្ដាយរបស់ក្មេងខាងលើនេះបានកើតឡើងកាលពីថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០១១ ស្ថិតនៅក្នុងភូមិ គោករការ ឃុំ នគរភាស ស្រុកអង្គជុំ ខេត្តសៀមរាប។ កាលនោះក្មេងប្រុសអភ័ព្វ ដែលទើបតែមានអាយុ១ខួប៦ខែ ត្រូវបានឃ្លាតព្រាត់ពីឪពុកម្ដាយ ខណៈពេលក្រពះស្រេកឃ្លាន ក៏ដណ្តើមកូនគោបៅដោះមេគោម្នាក់ម្ខាង។ ចំណែកមេគោឈរឲ្យកូនមនុស្ស បៅផងកូនគោ បៅផង។
កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ អ្នកសារព័ត៌មានបានចុះទៅថតយករូបភាព និងតាមដានព័ត៌មាន ពាក់ព័ន្ធទៅនឹងក្មេងអភ័ព្វ ហើយលោកអ៊ំអឿង ដែលជាជីតាក្មេងម្នាក់នេះ បានឲ្យដឹងថារហូតមកដល់ពេលនេះ ឪពុកម្ដាយរបស់ក្មេងប្រុសឈ្មោះ ជា សុផាត ក៏នៅតែធ្វើការនៅថៃដដែល មួយឆ្នាំទើបបានមកផ្ទះម្ដង។ ចំណែកក្មេងប្រុសនេះមិនសូវជាតាមឪពុកម្តាយនោះទេ ពេលទំនេរក្មេងនេះតែងតែដឹកគោទៅឃ្វាលហើយឱប អង្អែលក្បាលគោ ជិះពីលើខ្នងគោ ស្ទើរតែជារៀង រាល់ថ្ងៃ ដោយមិនព្រមឲ្យតាយាយ និងអ្នកណាមក វាយធ្វើបានមេគោ និងកូនគោនោះទេ។ ក្នុងនោះអ្វីដែលគួរឲ្យចម្លែកគឺមេគោមិនព្រមឲ្យអ្នកណាមកជិតបានទេ តែចំពោះក្មេងតូចនេះអាចស្ទាបអង្អែល ឱប និងជិះពីលើខ្នងគោបាន។ លោកបានបន្តថា នៅឆ្នាំនេះលោកនឹងនាំជា សុផាត ទៅចុះឈ្មោះចូលរៀន៕
ក្មេងប្រុសអភ័ព្វ ដែលធ្លាប់បៅដោះមេគោជំនួសទឹកដោះម្ដាយ ឥឡូវអាយុ៦ឆ្នាំហើយ
0 Comments