ភ្នំពេញ ៖ នារាត្រីថ្ងៃទី១៦ខែកញ្ញា ដែលជាថ្ងៃទីពីរនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មហាម៉ាត់ ហាមីត អាន់សារី អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា និងលោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រារព្ធរៀបចំពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តម មហាម៉ាត់ ហាមីត អាន់សារី អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដែលមានវត្តមានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះ រាជាណាចក្រកម្ពុជា។
ពិធីលៀងសាយភោជន៍ជាផ្លូវការដែលបានរៀបចំយ៉ាងពិសេសបំផុតនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី ក៏មានការអញ្ជើញចូលរួមពីសម្តេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ តំ ណាងគ្រប់ស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវជាឥស្សរជនការទូតប្រចាំកម្ពុជាជាច្រើនរូប។
សម្តេចតេជោនាយករដ្ឋមន្ត្រីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមភរិយា និងក្នុងនាមថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានប្រសាសន៍សូមសំដែងនូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះឯកឧត្តម មហាម៉ាត់ ហាមីត អាន់សារី អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា និងលោកជំទាវ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ដែលនេះបាន បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ចំពោះវឌ្ឍនភាព និងការរីកចំរើនរបស់ព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថ្លែងនូវអំណរ គុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរដ្ឋាភិបាលនិងប្រជាជនឥណ្ឌា ដែលជាប្រទេសប្រជាធិបតេយ្យទី១ លើពិភពលោក ដែលបានគាំទ្រដល់រដ្ឋាភិបាលនៃអតីតរដ្ឋកម្ពុជា និងបានផ្តល់នូវជំនួយគ្រប់បែបយ៉ាង ដល់ប្រទេសកម្ពុជា បន្ទាប់ពីកម្ពុជាបានរំដោះខ្លួនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
តាមរយៈពិធី លៀងសាយភោជន៍ជាមហាកិត្តិយសនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មាន ប្រសាសន៍ប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនដល់ការស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម មហាម៉ាត់ ហាមីត អាន់សារី និងលោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ សូមជួបប្រទះ នូវសិរីសួស្តីជ័យមង្គលគ្រប់ប្រការ មានកម្លាំងពូលាំងរឹងមាំ សុខភាពល្អបរិបូរណ៍ ដើម្បីជានិម្មិតរូបនៃការរិត ចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការស្រឡាញ់រាប់អានគ្នាដ៏ស្មោះស្ម័គ្រ សម្រាប់ថ្នាក់ដឹកនាំ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌា មានភាពរឹងមាំ និងរីកចម្រើនទ្វេឡើងថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត បានទទួលយកនូវការគោរពអញ្ជើញរូបសម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌា ក្នុងពេលវេលាដ៏សមស្របនាពេលខាងមុខ។
ដោយឡែក នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៥ នេះ គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា ដែលអមដំណើរដោយ ឯកឧត្ដម ខៀវ កញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ក៏បានអញ្ជើញ ទៅទស្សនាប្រាង្គប្រាសាទនានា នៅខេត្តសៀមរាប ហើយដែលតាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្ដម Mohammad Hamid Asari អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា និងលោកជំទាវ នឹងធ្វើមាតុភូមិនិវត្តន៍ចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងវៀងចន្ទ័ ប្រទេសឡាវ នៅរសៀលថ្ងៃដដែលនេះផងដែរ៕
សម្ដេចតេជោនាយករដ្ឋមន្ត្រី រៀបចំពិធីលៀងសាយភោជន៍ ជូនឯកឧត្តមអនុប្រធានាធិបតីឥណ្ឌា និងលោកជំទាវ
0 Comments