នៅថ្ងៃព្រហស្បតិ៍សមាជិកសភារបស់ប្រទេសជប៉ុនបានប្រវាយប្រតប់គ្នាក្នុងអំឡុងពេល ការជជែកពិភាក្សាយ៉ាងក្តៅគគុកទាក់ទងនឹងសេចក្តីព្រាងច្បាប់សន្តិសុខមួយដែលនឹងធ្វើឲ្យយោធាទៅប្រយុទ្ធនៅក្រៅប្រទេសជាលើកដំបូងនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
នៅក្នុងឈុតឆាកក្នុងសភា សមាជិកនៃគណបក្សប្រឆាំងនិងក្រុមចម្រុះដែលកំពុងកាន់អំណាចបានរុញច្រានគ្នាទៅវិញទៅមកនៅពេលប្រធានគណៈកម្មការមួយត្រូវបានហ៊ុមព័ទ្ធ។
ភាពតានតឹងបាននឹងកំពុងឡើងខ្ពស់បន្ទាប់ពីការបោះឆ្នោតគណៈកម្មាធិការបានពន្យារពេលម្តងហើយម្ដងទៀតនៅយប់ថ្ងៃពុធ ខណៈពេលសមាជិកសភាគណបក្សប្រឆាំងបានបិទទ្វារហើយប្រមូលផ្តុំគ្នានៅផ្លូវដើរនៃរដ្ឋសភាដើម្បីធ្វើការតវ៉ា។
មនុស្សសរុបចំនួន១៣នាក់ក៏ត្រូវបានគេរាយការណ៍ផងដែរថា ត្រូវបានចាប់ខ្លួននៅពេលល្ងាចដោយសារ«ការជ្រៀតជ្រែកជាមួយមន្ត្រី»ក្នុងអំឡុងពេលការប្រមូលផ្តុំគ្នាមួយដែលមានមនុស្សប្រមាណជា ១៣ ០០០នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅសភាក្នុងទីក្រុងតូក្យូ។
មនុស្សរាប់ម៉ឺននាក់បានកកកុញនៅតាមដងផ្លូវដើម្បីបញ្ចេញកំហឹងរបស់ពួកគេក្នុងអំឡុងពេលការប្រមូលផ្តុំគ្នាស្ទើររាល់ថ្ងៃក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ។
ស្ថិតក្រោមផែនការផ្លាស់ប្ដូរនេះយោធាដែលគេស្គាល់ថា ជាកងកម្លាំងស្វ័យការពារនឹងមានជម្រើសក្នុងការចូលទៅប្រយុទ្ធដើម្បីការពារសម្ព័ន្ធមិត្តដូចជា សហរដ្ឋអាមេរិកបើទោះបីជាមិនមានជាការគំរាមកំហែងដោយផ្ទាល់ចំពោះប្រទេសជប៉ុន ឬប្រជាជនរបស់ខ្លួន។
សេចក្តីព្រាងច្បាប់នេះត្រូវបានគេគ្រោងនឹងបញ្ជូនទៅសម័យប្រជុំពេញអង្គនៃសភាជាន់លើ បន្ទាប់ពីត្រូវបានបោះឆ្នោតដោយគណៈកម្មាធិការ។
លោកនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ រំពឹងថា នឹងទទួលបានការអនុម័តសេចក្តីព្រាងច្បាប់នេះមុនពេលបុណ្យឈប់សម្រាកមួយដែលមានរយៈពេលបីថ្ងៃនៅសប្ដាហ៍ក្រោយ។
លោកអាបេត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកជំហាននេះបើទោះបីជាមានហានិភ័យនៃការតវ៉ានិងការប៉ះទង្គិចគ្នាបន្ថែមទៀតក៏ដោយ៕
AFP
សមាជិកសភាជប៉ុនប្រវាយប្រតប់គ្នាដោយសារបញ្ហាសេចក្តីព្រាងច្បាប់
0 Comments