Ad Code

យន្តហោះ​ចម្បាំង​អូស្ត្រាលី​ធ្វើការ​វាយប្រហារ​លើកដំបូង​ក្នុង​ប្រទេស​ស៊ី​រី​

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក Kevin Andrews បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា យន្តហោះ​ចម្បាំង​របស់​អូស្ត្រាលី​បាន​ចាប់ផ្តើម​ការ​វាយប្រហា​រលើ​អា​កាស​ជា​លើកដំបូង​របស់​ពួកគេ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី​ដោយ​បាន​បំផ្លាញ​រថពាសដែក​មួយ​គ្រឿង​។​



លោក​រដ្ឋមន្ត្រី​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា “​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការពង្រីក​យុទ្ធសាស្ត្រ​របស់​យើង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម IS ដើម្បី​ធ្វើ​ប្រតិបត្តិការ​ដោយ​មិនមែន​ត្រឹមតែ​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែមទាំង​ដើម្បី​ធ្វើ​ប្រតិបត្តិការ​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​ផង​ដែរ​ក្នុង​គោលបំណង​ដើម្បី​កម្ចាត់​និង​បំផ្លាញ​កងកម្លាំង​ក្រុម​IS”​។​



ទន្ទឹម​ជាមួយគ្នា​នេះ សហរដ្ឋអាមេរិក កាណាដា ទួរគី​និង​រដ្ឋ​ឈូង​សមុទ្រ​ពែ​ក​បាន​ចូលរួម​រួច​ទៅ​ហើយ​នៅក្នុង​ការវាយប្រហារ​លើ​ពួក​សកម្មប្រយុទ្ធ IS នៅក្នុង​ប្រទេស​ស៊ី​រី​។​



ប្រទេស​អូស្ត្រាលី​បាន​ចូលរួម​ក្នុង​ក្រុមចម្រុះ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ដើម្បី​វាយ​ប្រយុទ្ធ​ក្រុម​IS​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​កាលពី​ឆ្នាំមុន​ ប៉ុន្តែ​កាលពី​សប្ដាហ៍​មុន​អូស្ត្រាលី​បាន​ពង្រីក​ប្រតិ​ប​ត្ដិ​ការ​អាកាស​របស់​ខ្លួន​ចូល​ទៅក្នុង​ប្រទេស​ស៊ី​រី​ដោយ​និយាយ​ថា​ មូលដ្ឋាន​ច្បាប់​នេះ​គឺជា​ការ​ការពារ​ខ្លួន​រួម​នៃ​ប្រទេស​អ៊ីរ៉ាក់​ប្រឆាំង​នឹង​ក្រុម​ជី​ហាដ​និយម​ដែល​មិន​គោរព​ព្រំដែន​។​



ទោះបីជា​យ៉ាងណាក៏ដោយ យន្តហោះ​ចម្បាំង​របស់​អូស្ត្រាលី​បាន​បញ្ចប់​ប្រតិ​ប​ត្ដិ​ការ​លើក​ដំបូង​របស់​ពួកគេ​នៅក្នុង​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​មិនបាន​វាយប្រហារ​គោលដៅ​ណាមួយ​ឡើយ​។​



ដោយឡែក​សម្រាប់​ប្រទេស​អង់គ្លេស​វិញ យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ពួកគេ​បាន​សម្លាប់​ពួក​ជី​ហាដ​និយម​ចំនួន​ពីរ​នាក់​កាលពី​សប្ដាហ៍​មុន​ក្នុង​ប្រទេស​ស៊ី​រី​៕


AFP




យន្តហោះ​ចម្បាំង​អូស្ត្រាលី​ធ្វើការ​វាយប្រហារ​លើកដំបូង​ក្នុង​ប្រទេស​ស៊ី​រី​

Post a Comment

0 Comments

Close Menu