Ad Code

មូលនិធិ​ទ្រទ្រង់​កិច្ច​ដំណើរការ​របស់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​គឺ ៨៥ % រំពឹង​ទៅលើ​អំណោយ​សប្បុរស​ជន​ឯកជន

សៀមរាប ៖ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner ប្រធាន​ស្ថាបនិក និង​ជា​ប្រធាន​មូលនិធិ​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា​មានប្រសាសន៍​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​នា​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា​នេះ នៅ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ទី​៣ (​ខេត្តសៀមរាប ) ឬ មន្ទីរពេទ្យ​កុមារ​ជ័យវរ្ម័ន​ទី​៧ ក្នុង​ខណៈ​ពេល​ដែល លោកជំទាវ​កុយ សាលី​ណា ភរិយា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ អគ្គ​ស្នងការ​រង​នគរ​បាល​ជាតិ​នាំ​យក​ថវិកា​ចំនួន​២​ម៉ឺន​ដុល្លារ​បរិច្ចាគ​ជូន​ផ្ទាល់ ចំពោះ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner ដើម្បី​រួមចំណែក​ដល់​ការប្រើប្រាស់​ជួយសង្គ្រោះ​សុខភាព​និង​ជីវិត​កុមារ​ចាក​ចេញ​ពី​ជំងឺ​បៀតបៀន​ផ្សេងៗ​ជាមួយនឹង​សារុង​ចំនួន ១ ០០០ សារុង​ទៀត ដើម្បី​បាន​ឧបត្ថម្ភ ជូន​ដល់​ស្ត្រី​ដែល​កំពុង​សម្រាក សម្រាលកូន នៅក្នុង​មន្ទីរពេទ្យ​នេះ​ផង​ដែរ។


លោក Beat Richner បាន​ឲ្យ​ដឹង​ថា មកដល់​បច្ចុប្បន្ន​នេះ​ស្ត្រី​ជា​មាតា​ដែល​មក​ទទួល​សេវា​ពិគ្រោះ និង​សម្រាលកូន​នៅក្នុង​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ទី​៣ ( សៀមរាប ) មាន​ចំនួន​កើនឡើង​គួរ​កត់​សម្គាល់​គឺ​ការពិគ្រោះ​មាន​ប្រមាណ​ពី ៥០០​នាក់ ទៅ ៦០០​នាក់ ក្នុង​១​ថ្ងៃ ​ជាមួយ​នេះ​មន្ទីរពេទ្យ​បាន​ផ្តល់​សេវា សម្រាលកូន​ជា​មធ្យម​ក្នុង​១​ថ្ងៃ ៧៥ កំណើត និង​មាតា​សម្រាក​រង់ចាំ​ការ​សម្រាល និង​សម្រាលកូន​រួច ក្នុង​១​ថ្ងៃ​ប្រមាណ​ជិត ២០០​នាក់​។ លោក​បាន​បន្ត​ឲ្យ​ដឹង​ថា ការ​ផ្តល់​សេវា​សម្រាលកូន​របស់​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ទី​៣​គឺ​មាន​លទ្ធភាព​ជួយ​សម្រាលកូន​ក្នុង​ពេល​តែមួយ​បាន​៨​នាក់។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា​លទ្ធភាព​បច្ចុប្បន្ន​នេះ​វា​ពុំ​ទាន់​ឆ្លើយតប​បានទេ​ទៅ​នឹង​តម្រូវការ​នៃ​កំណើន​មាតា​ដែល​មក​ទទួល​សេវា​សម្រាលកូន​នៅ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ទី​៣ ហើយ​លោក​ក៏បាន​ឲ្យ​ដឹង​បន្ថែម​ថា ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​នេះ​លោក​បាន​សាងសង់​រួចរាល់​ហើយ នូវ​អាគារ​សម្ភព​មួយ​ថ្មី​ផ្សេងទៀត​ដែល​នឹង​ត្រូវ​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ។ អាគារ​សម្ភព​ថ្មី​នេះ​មានលទ្ធភាព​ដូច​អាគារ​ចាស់​ដែរ គឺ​អាច​ទទួល​មាតា​ឲ្យ​សម្រាលកូន​បាន​ចំនួន៨​នាក់​ក្នុង​ពេល​តែមួយ។


លោក Beat Richner បាន​បញ្ជាក់​ថា នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ដំណើរការ​របស់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទី​៣​ខេត្តសៀមរាប​ប៉ុណ្ណោះ បើ​និយាយ​ជា​រួម​បូក​បញ្ចូល​ទាំង​ផ្នែក​ផ្តល់​សេវា​ពិនិត្យ ពិគ្រោះ ព្យា​ល​បាល​ជំងឺរបស់​កុមារ​ទៀត​នោះ ថវិកា​ទ្រទ្រង់​សម្រាប់​ដំណើរការ​របស់​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា ទាំង​នៅ​សៀមរាប និង​រាជធានី​ភ្នំពេញ​គឺ​មិន​តិច​ជាង ៤៦ លាន​ដុល្លារ​នោះ​ទេ​ក្នុង​១​ឆ្នាំ ហើយ​ក្នុង​ចំនួន​នេះ ៨៥ % គឺ​រំពឹង​ទៅលើ​អំណោយ​សប្បុរសជន​ឯកជន ​លោក​ថា ឧបករណ៍​តន្ត្រី បេ​ត​តូ សេល​ឡូ មិត្តសម្លាញ់​របស់​លោក​ក៏បាន​រួមចំណែក​ជួយ​ស្វែងរក​ថវិកា​សប្បុរសធម៌​នេះ​ផង​ដែរ។


សម្រាប់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ​រាប់ទាំង​លើក​នេះ​ផង​ដែរ លោកជំទាវ​កុយ សាលី​ណា​-​ខេង​សុមេធ បាន​នាំ​យក​ថវិកា​សប្បុរស​ដែល​បរិច្ចាគ​ដោយ​ក្រុម​គ្រួសារ​រួមមាន​កូន កូន​ប្រសារ និង​ចៅ​បាន​ចំនួន ១០​ម៉ឺន​ដុល្លា​ហើយ ដើម្បី​ជា​ចំណែក​ទ្រទ្រង់​អាណាចក្រ​ដ៏​អស្ចារ្យ​របស់​ព្រះ​នាង​គន្ធបុប្ផា ដើម្បី​បាន​ជួយ​ព្យាបាល​ និង​បាន​ជួយសង្គ្រោះ​ជីវិត​កុមារ​មាន​ជំងឺទាំងអស់​ដោយ​ឥតគិតថ្លៃ មិន​គិត​អំពី​វណ្ណៈ ពណ៌​សម្បុរ​នោះ​ឡើយ ព្រោះ​ពួកគេ​ជា​ព្រះ​នាង​ម្ចាស់ និង​ជា​ព្រះអង្គម្ចាស់​របស់​អាណាចក្រ​ពិភព​លោក​នៃ​ព្រះ​នាង​គន្ធបុប្ផា​ដែល​ជា​ព្រះរាជាណាចក្រ​ប្រកបដោយ​មនុស្សធម៌ និង​ភាព​យុត្តិធម៌៕


1-10-2015ab


1-10-2015a4


1-10-2015a3


1-10-2015a2




មូលនិធិ​ទ្រទ្រង់​កិច្ច​ដំណើរការ​របស់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​គឺ ៨៥ % រំពឹង​ទៅលើ​អំណោយ​សប្បុរស​ជន​ឯកជន

Post a Comment

0 Comments

Close Menu