Ad Code

អាវី៖ “ចាប់យកអាជីពជីវិតក្រោមភ្លើងពណ៌ ព្រោះតែគ្មានជំរើស”

ភ្នំពេញ ៖   មនុស្ស ប្រុស​ស្រី​គ្រប់រូប រមែង​ប្រាថ្នា​ចង់បាន​នូវ​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ មាន​កិត្តិយស​បុណ្យ​សក្តិ​ធំ មាន​អង្គរ​ក្ស័​ឬ​អ្នកបំរើ​ឆ្វេង​ស្តាំ សោយសុខ​លើ​គំនរ​មាសប្រាក់ បើទោះបី​មនុស្ស​ទាំងឡាយ​នោះ អួតខ្លួន​ឯង​ថា​ស្មោះត្រង់ មិន​លោភ​លន មិន​ចង់មានចង់បាន​ក៏ដោយ  គឺ​គ្រាន់តែ​និយាយ​ឱ្យ​រួចពីមាត់​ប៉ុណ្ណោះ ព្រោះតែ​ខ្លួន​មិនមាន​សមត្ថភាព។


ដូច្នេះហើយ​មនុស្ស​គ្រប់រូប គ្មាន​នរណាម្នាក់​ចង់​ក្រលំបាក តោកយ៉ាក ធ្វើជា​ខ្ញុំបំរើ​ឬ​ស្រី​ខា​រា​អូ​ខេ ឬ​ជា​ស្រី​រត់ត​នោះទេ។ យ៉ាងណាមិញ ចំពោះ​ការងារ​ជា​អ្នកបម្រើ ស្រា​បៀរ​តាម បៀរហ្គាឌិន និង ខារ៉ាអូខេ​វិញ​តើ​វា​ជាការ​ងារ​ល្អ​ឬ បើ​ទោះ​វា​មិនបាន​ផ្តល់នូវ​ផលប្រយោជន៍​ល្អ និង​ប្រាក់កាស​ច្រើន​នោះ​ក្តី ឬ​ត្រូវមាន​មនុស្ស​ខ្លះ មើលងាយមើលថោក​ក៏ដោយ​មុខរបរ​នេះ ក៏​មនុស្ស​យើង​ត្រូវតែ​ចាប់យក​ជា​មុខរបរ​ដែរ ព្រោះ​វា​ចៀស​មិន​រួច​និង​គ្មាន​ជំរើស ។


អា​វី ជា​ឈ្មោះ​អ្នកកាសែត​ដាក់ឱ្យ នាង​បាន​រៀបរាប់​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា​រយះពេល​ជិត​ដប់ឆ្នាំ​មកហើយ​ដែល​នាង​ប្រកបការងារ​ជា អ្នកបម្រើ​ស្រា​បៀរ​នៅតាម បៀរហ្គាឌិន និង​ខា​រា​អូ​ខេ​នៅ​ម្តុំ​ព្រែកលៀប។  អា​វី​និយាយថា នាង​មាន​អាយុ២៧ ឆ្នាំ​ហើយ ប្រាក់ខែ​ត្រឹម តែ ៦០ ទៅ ៧០  ដុល្លា​តែប៉ុណ្ណោះ បើទោះជា​ការងារ​នេះ តម្រូវ​ឲ្យ​នាង​ត្រូវតែ​ចេះ​រាំ ច្រៀង ចេះ​យកចិត្ត​ភ្ញៀវ មិន​ប្រកាន់​នៅពេលដែល​ភ្ញៀវ លូក​ច្របាច់​គ្រប់​កន្លុកកន្លៀត ព្រមទាំង​ពូកែ​ផឹកស្រា​បៀរ​ក៏ដោយ។  នាង​បាន​និយាយទៀតថា ប្រាក់ខែ​ដែល​បើក​បាន​ម ក​ខ្ញុំ​ផ្ញើរ​ទៅ​ឲ្យ​អ្នកផ្ទះ​ទាំងអស់ ចំណែក​ប្រាក់​ដែល​ខ្ញុំ​បាន​ពី ភ្ញៀវ ដែល​គេ​និយម​ហៅថា​លុយធីបៗ នោះ​ខ្ញុំ​បាន​ទុក​ចាយ​រាល់ថ្ងៃ ដូចជា​ថ្លៃ​ទឹក ថ្លៃ ភ្លើង​និង​ថ្លៃ​ផ្ទះជួល ថ្លៃ​ក្រែ​ម​ម្សៅ ហើយ​អ្នកធ្វើការ​ជាមួយ​ខ្ញុំ ភាគច្រើន គឺ​សុទ្ធតែ​មកពី​តាម​បណ្តា​ខេត្ត នានា។  អា​វី​និយាយប្រាប់​បន្តទៀតថា ដោយសារតែ​ភាពក្រីក្រ បានធ្វើ​ឲ្យ​នារី​ជនបទ​ជាច្រើន ចាក​ចេញពី​ស្រុកកំណើត​របស់ខ្លួន ដើម្បី​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ​តាំងពី​នាង​អាយុ ១៧ឆ្នាំ​មកម្ល៉េះ ជាមួយ​មិត្តភក្តិ។


ជាការ​ពិត នាង​គ្មាន​បំណង​មក​ធ្វើការ​បែបនេះ​ទេ នាង​មក​ដំបូង​គឺ​បាន​ចូលធ្វើការ​ជា​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ម្តុំ ផ្លូវ​វេ​ង​ស្រេង ប៉ុន្តែ ការងារ​ដំបូង នាង​មិនអាច​ទ្រាំទ្រ​បាន​ដោយសារ ទី១ថៅកែ​តម្រូវឱ្យ​នាង​ឈរ​រហូត ដូច្នេះ​នាង​បាន​ហើមជើង ទី២ទៀត ដោយសារ​ចាញ់បោក​ប្រុស​ព្រាន ជាច្រើន​ដង​ទើប​ធ្វើឱ្យ​ខ្ទេចខ្ទាំ​ទាំង​រាងកាយ ទាំង​បេះដូង។


ចំណុច​ទាំងនេះហើយ ទើប​បណ្តាលអោយ​ស្ត្រី​ជនបទ​ភាគច្រើន មក​ចាប់យក​ជំរើស​ជា​ស្ត្រី បំរើកា​រងា​តាម​ហាង​បៀរហ្គាឌិន និង​ហាង​ខា​រា​អូ​ខេ។ ជាមួយនឹង​ការងារ​មួយ​នេះ ស្រា​បៀរ​បាន​ក្លាយទៅជា​ទឹក​ទៅហើយ សម្រាប់​នាង​ព្រោះ​ក្នុងមួយថ្ងៃៗ អា​វី​បាន​ឲ្យ​ដឹង​ពី​ចំណុះ​នៃ​ការផឹក​ស្រា​បៀរ​ថា នាង​អាច​ផឹកស្រា​បៀរ​ប៉ុន្មាន ក៏បាន​ដែរ គឺ​វា​អាស្រ័យ​លើ​ភ្ញៀវ​ប៉ុណ្ណោះ ហើយ​គួបផ្សំ​នឹង​ថៅកែ ព្រមទាំង​មេការ​តម្រូវឱ្យ ស្ត្រី​គ្រប់រូប​ជា​ស្ត្រី​ខា​រា​អូ​ខេ ទាំងនេះ ចាក់​ផឹក​និង​បង្ខំ​ភ្ញៀវ​ឱ្យ​ផឹក​យក​ម៉ា​ឈ្នះ​ដៃ ដើម្បី​អស់​ស្រា​បៀរ​របស់​ថៅកែ​ច្រើន ទើប​គេ​ឱ្យ​រង្វាន់។  អា​វី ក៏​ធ្លាប់ធ្វើ​ការងារ​ជា​នារី​នៅតាម​ហាង បៀរហ្គាឌិន ដែលអ្វីៗក៏​មិន​ខុសគ្នា ជាមួយ​អ្នក​បម្រើការ​តាម ហាង​ខារ៉ាអូខេ ប៉ុន្មាន​ទេ។  រឿងរ៉ាវ​នេះអ្នកណាៗ ក៏​គេ​បានដឹង​ដែរ គឺ​បាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន​នៅក្នុង​កន្លែង​ការងារ  មួយ​គឺ​ភ្ញៀវ​ដែល​ស្រវឹង លូកលាន់ នៅពេល​ក្រុម​នារី​ទាំងនោះ​មិន​ធ្វើ​ឲ្យ​ភ្ញៀវ​សប្បាយចិត្ត ហើយ​មេការ​គេ​នឹង​ស្តីបន្ទោស ឬ​គំរាម​ដេញ​ចេញពី​ការងារ មិន​រក​មូលហេតុ​ខុស​ឬ​ត្រូវ​នោះទេ ។


អា​រី បន្ថែមថា មេការ​បាន​បង្ខំ​ឲ្យ​នាង​ធ្វើយ៉ាងណា ដើម្បី​រកប្រាក់​ឱ្យបាន​ចំណេញ ដោយ​មិន​គិតពី​សុខភាព​របស់​បុគ្គលិក​នោះទេ។     អា​វី​បាន​លើក​ឧទាហរណ៍​មួយ​ថា ថ្ងៃមួយ​ពេលដែល​នាង​ឈឺ មិន​ហ៊ាន​ផឹក​ច្រើន​នោះ ពេល​មេការ​ឃើញ​ខ្ញុំ​មិនសូវ​ផឹក ដើម្បី​ឲ្យ​ឆាប់​អស់​ស្រា​បៀរ មេការ​បាន​ហៅ​ខ្ញុំ​មក​ព្រមាន  និង​ដេញ​ចេញពី​ការងារ ព្រមទាំង​កាត់​ប្រាក់ខែ​ទៀតផង។   អា​វី​បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា មិត្ត​រួមការ​ងារ​ខ្លះ​ក៏​មិនសូវ​ពូកែ​ផឹក​ទេ ប៉ុន្តែ​ពួកគេ​បាន​លេបថ្នាំ​កុំ​ឲ្យ​ស្រវឹង មុននឹង​ចូល​អង្គុយ​ជាមួយ​ភ្ញៀវ។


នាង​និយាយទៀតថា បើ​មិន​ស្រវឹង​នៅពេល​រាត្រី​ក៏ដោយ ប៉ុន្តែ​ព្រឹក​ឡើង​វា​ធ្វើទុក្ខ​ខ្លួន ពិបាក​ទ្រាំ​ខ្លាំងណាស់ ហើយ​សព្វថ្ងៃ​នាង​ក៏មាន​ជំងឺ​ដុះ​ក្បាលពោះ និង​មាន​ជំងឺ​ក្រពះ​ទៀតផង។   បច្ចុប្បន្ននេះ ការប្រកប​អាជីព​ដូចជាពួកនាងៗ គឺមាន​ការ​ប្រឈម​យ៉ាងខ្លាំង ពី​ការ​បំពារបំពាន​លើ​រាងកាយ ពី​មនុ​ស្សស​ស្រវឹង និង​មានការ​មើលងាយ មើលថោក ជេ​ប្រមាថ​គ្រប់បែបយ៉ាង ហើយ​ត្រូវ​បង្ខំចិត្ត យកចិត្ត​មនុស្ស​ប្រុស​ស្រវឹង ធ្វើយ៉ាងណា​ឱ្យគេ​សប្បាយចិត្ត ទាំងនេះ​គឺ​ដោយសារតែ​នាង​គ្មាន​ជំរើស។ ដូច្នេះ​មនុស្ស​ស្រវឹង មិនមែន​ងាយស្រួល​ដោះស្រាយ​ទេ  ហើយ​ភ្ញៀវ​ដែល​និយម​ចូល​មករក ការកំសាន្ត​សប្បាយ​បែបនេះ គឺមាន​គ្រប់​ប្រភេទ ។


នាង​បាន​និយាយ​ទាំងអស់​សង្ឃឹមថា មាន​ភោជនីយដ្ឋាន ឬ​បៀរ​ហ្គា​ឌែ​ន ក៏ដូចជា​ហាង​ខារ៉ាអូខេ​ខ្លះ មួយខែ​គេ​ឱ្យនារីៗទាំងអស់ ទិញ​ប្រដាប់​ពិនិត្យ​ទឹកនោម​ម្តង ជាពិសេស​ខែ​ណ​រាងដូចជា​ស្ងាត់​ភ្ញៀវ ដើម្បី​ពិនិត្យមើល​ក្រែង​មាន​អ្នកណា​មា​នគ​រ័ (មាន​ផ្ទៃពោះ) គេ​នឹង​បណ្តេញចេញ​ភ្លាម មិន​ទុក​យូរ​ទេ​ព្រោះ​ខ្លាច​ចង្រៃ​ដល់​ហាង​របស់គេ ។


ទស្ស​នះ​របស់​មនុស្ស​ទូទៅ​ភាគច្រើន មិនបាន​ឱ្យ​តំលៃ​ទៅលើ​នារី​បំរើ​តាម​បៀរ​ហ្គា​ឌែ​ន ឬ​តាម​ខារ៉ាអូខេ​នោះទេ ហើយ​គេ​តែងតែ​វាយ​តំលៃ​ថា ពួកនាងៗទាំងនោះ បាន​ស្លៀកពាក់​ខើច​លើ​ខើច​ក្រោម លាបម្សៅ​ក្រែ​ម​ឡើងពេញៗមុខ មិនមែនជា​ស្រី​ក្រមុំ​ល្អ​នោះទេ គឺ​គេ​គិតថាពួកនាងៗ ធ្លាប់បាន​ប្រលូកប្រលាក់ ជាមួយនឹង​ការរួម​ភេទ នឹង​ដៃគូ​ច្រើន​នាក់​មិន​ខាន។


ផ្នត់គំនិត​របស់​មជ្ឈដ្ឋាន​ទូទៅ មិន​ខុសគ្នា​ពី​សង្គម​បច្ចុប្បន្ន​នោះទេ ដូច្នេះហើយ នារី​បំរើ​តាម​បៀរហ្គាឌិន និង​ខារ៉ាអូខេ​មិនត្រូវ​បាន​គេ ឱ្យ​តំលៃ​ជាទូទៅ​នោះទេ។   ទាំងនេះ អា​វី​នាង​ក៏​បានដឹង​ខ្លួនឯង​ដែរ​ប៉ុន្តែ ដោយសារតែ​តំរូវការ​របស់​ជីវិត​របស់​នាង និង​ក្រុមគ្រួសារ នាង​លែង​គិតពី​អ្វី​ទាំងអស់ ឱ្យតែ​ក្រពះ​បាន​ឆ្អែត ព្រោះ​បើ​យើង​គិត​ក៏​គ្មាន​អ្នកណា ជួយ​ខ្លួន​យើង​ជាជាង​យើង​ជួយ​ខ្លួនឯង​នោះទេ។


ក្រៅពី​បញ្ហា​ជីវភាព​គ្រួសារ ការគាបសង្កត់ របស់​ភ្ញៀវ ការមើល​ងាយ​ពី​សង្គម និង​រោគ​បៀតបៀន នារី​ទាំងអស់នោះ​ក៏ត្រូវ​ដោះស្រាយ​បញ្ហា ផ្ទាល់ខ្លួន​មួយទៀត​ផងដែរ ដែល​នោះ​គឺជា​ជីវិត​ទៅ​ថ្ងៃ​អនាគត ។


ចុងក្រោយ​នាង​បញ្ជាក់ថា ជីវភាព​ដូច​នាង​សព្វថ្ងៃ គឺ​យើង​រក​មួយថ្ងៃ​សម្រាប់​មួយថ្ងៃ រឿង​ទៅ​ថ្ងៃ​អនាគត ចាំ​គិត​ទៀត ព្រោះ​ខំប្រឹង​រក​ទាន់​ខ្លួន​យើង​នៅ​ក្មេង នៅមាន​សម្រស់​ទាក់ទាញ បើ​ត្រូវ​លក់ខ្លួន​ក៏​ព្រម​ដែរ ឱ្យតែបាន​លុយ ដោយសារតែ​ពុំមាន​ចំណេះដឹង​អ្វី ធ្វើ​ការងារ​ក្រៅពីនេះ​បាន ដូច្នេះ​ភ្លើងពណ៌ គឺជា​មុខរបរ​ដែល​នារី​ដូចជា​ពួកនាង ចាប់យក​ជា​អាជីព​ព្រោះ​គ្មាន​ជម្រើស ៕



អាវី៖ “ចាប់យកអាជីពជីវិតក្រោមភ្លើងពណ៌ ព្រោះតែគ្មានជំរើស”

Post a Comment

0 Comments

Close Menu