Ad Code

វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​វប្បធម៌​ដល់​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ

ភ្នំពេញ ៖ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​កា​រប​ញ្ជ្រា​ប​យេនឌ័រ​ក្នុង​វិស័យ​វប្បធម៌​ដល់​មន្ត្រី​របស់​ខ្លួន​ដើម្បី​លើក​កំពស់​តួនាទី​តំលៃ​ស្ត្រី​និង​បុរស ក្នុង​ការ​ជំរុញ​ការចូលរួម​អភិវឌ្ឍន៍​វិស័យ​វប្បធម៌ កាលពី​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៥​ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោកស្រី ភឿង សក្ក​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។


លោកស្រី​រដ្ឋមន្ត្រី ភឿង សក្ក​ណា  បាន​មានប្រសាសន៍​បើក​វគ្គ​បណ្តុះបណ្តាល​ថា វិស័យ​វប្បធម៌​គឺជា​វិស័យ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ចូល​រួម​ចំណែក​លើក​កំពស់​សមាសភាព​យេនឌ័រ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ពាក្យ​ថា​យេនឌ័រ​សំដៅ​ទៅលើ​ភេទបុរស​និង​នារី​និង​ការ​ទទួលបាន​សមភាព សមធម៌ រវាង​បុរស​និង​នារី។


ដោយឡែក​ការចូលរួម​របស់​ស្ត្រី​គឺជា​តំរូវការ​និង​ជា​ភាព​ចាំបាច់​ខានមិនបាន​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ហេតុ​នេះ​ហើយ​ទើបបាន​រាជរដ្ឋាភិបាល​បាន​កំណត់​យុទ្ធសាស្ត្រ​ចតុកោណ​នៅក្នុង​យុទ្ធសាស្ត្រ​ទី​៤​គឺ​ការ​កសាង​សមត្ថភាព​និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស​មាន​ក្នុង​មុំ​ទី​៣ ការអនុវត្ត​គោលនយោបាយ​យេនឌ័រ ដោយ​បាន​ចែងថា “​ស្ត្រី​គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​និង​សង្គមជាតិ​យើង​” ដោយ​ទទួលស្គាល់​នូវ​សារប្រយោជន៍​នៃ​ការចូលរួម​របស់​ស្ត្រី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។


ជា​មួយ​គ្នា​នេះដែរ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​វិស័យ​វប្បធម៌ ក្នុង​ការ​ចូល​រួម​ចំណែក​បញ្ជ្រាប​និង​លើក​កំពស់​សមត្ថភាព​យេនឌ័រ។


ឆ្លើយតប​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​រៀប​ចំ​កសាង​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ ឆ្នាំ​២០១៤-២០១៨​ដើម្បី​លើក​កំពស់​តួនាទី​ការចូលរួម របស់​បុរស​និង​នារី​ដើម្បី​អភិវឌ្ឍន៍​លើ​វិស័យ​វប្បធម៌​។ ក្នុង​នោះ​ការចូលរួម​របស់​ស្ត្រី គឺ​មាន​សារៈសំខាន់​ណាស់ ដោយ​យើង​មិនអាច​ទុក​ឲ្យ​កំលាំង​ស្ត្រី​គ្រាន់តែ​ជា​អ្នក​រង់ចាំ​ទទួលផល​ប៉ះពាល់​ដោយ​មិនបាន​ដឹង មិនបាន​យល់ មិនបាន​ចូលរួម​ផ្តល់​គំនិត​យោបល់ មិនបាន​អនុវត្ត​កាតព្វកិច្ច ករណីយកិច្ច​ជា​ប្រជាពលរដ្ឋ​នោះ​ឡើយ។


លោកស្រី​រដ្ឋមន្ត្រី ភឿង សក្ក​ណា បាន​គូសបញ្ជាក់​បន្ថែមថា កន្លងមក​យើង​តែងតែ​មើល​រំលង​ចំពោះ​សមត្ថភាព​ស្ត្រី​ក្នុង​កិច្ចការ​នយោបាយ សង្គម​ឬ​សេដ្ឋកិច្ច តែ​តាមពិត ស្ត្រី​ពិតជា​ធ្វើ​បាន​ល្អ ទន់ភ្លន់​និង​ទទួល​បាន​ទិន្នផល​ខ្ពស់​គួរ​ឲ្យ​កោតសរសើរ​។ ស្ត្រី​នៅក្នុង​សង្គម​មាន​ភាព​ត​ស៊ូ​កំណត់​ព្យាយាម ពុះពារ​ឧបសគ្គ​ទាំង​ការងារ​ក្នុង​គ្រួសារ ទាំង​ការងារ​ក្នុង​សង្គម និង​ក្នុង​ការងារ​អាជីព​គ្រប់​ផ្នែក​។ សព្វថ្ងៃ​នេះ​ស្ត្រី​កាន់តែ​ច្រើនឡើង​បាន​រៀនសូត្រ​ចេះដឹង មាន​ជំនាញ​វិជ្ជាជីវៈ​បច្ចេកទេស និង​ក្លាយជា​អ្នកដឹកនាំ​ក្នុង​អាជីព​ជាច្រើន​ប្រភេទ​មិន​ចាញ់​បុរស​ឡើយ​។ ការ​បង្កើន​ចំនួន​ស្ត្រី​នៅក្នុង​ជួរ​មន្ត្រីរាជការ​គឺជា​កត្តា​មួយ​យ៉ាង​សំខាន់​ដែល​ទាក់ទាញ​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ដើម្បី​បង្កើត​បាន​ជា​កម្លាំង និង​មធ្យោបាយ​ឲ្យ​វិស័យ​វប្បធម៌ ឈរ​លើ​គោលការណ៍ សមាសភាព​នៃ​សិទ្ធ​និង​គោរព​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស និង​ផ្តល់​ឱកាស​ដល់​ស្ត្រី​ឲ្យ​មាន​លក្ខខណ្ឌ​ស្មើភាព​គ្នា​ជាមួយ​បុរស ក្នុង​ជីវភាព​នយោបាយ សង្គមកិច្ច​និង​វប្បធម៌។


ដូច្នេះ​មិន​មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ឲ្យ​ស្ត្រី​ទទួលរង​នូវ​ការប្រមាថ​មើលងាយ​និង​បាត់បង់​ឱកាស​ក្នុង​ការ​ចូលរួម​ក្នុង​ជីវភាព​សង្គម និង​ជា​អ្នកដឹកនាំ​ការងារ​ជាមួយ​បុរស​នោះទេ​៕



វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​វប្បធម៌​ដល់​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ

Post a Comment

0 Comments

Close Menu