Ad Code

អ្នកស្រុក​ភ្នំក្រវាញ ៖ ធ្វើស្រែ​និង​ចំការ​រួមផ្សំ​និង​ច្នៃ​ថ្មកែវ​ធម្មជាតិ ជា​តំបន់​ទេសចរ​ឈើ​តោក

ពោធិ៍សាត់ ៖ ស្រុក​ភ្នំក្រវាញ​គឺជា​ស្រុក​មួយ​ដែល​មាន​សក្ដានុពល​យ៉ាង​ល្អ​ប្រសើរ​ក្នុង​ចំណោម​ស្រុក​ក្រុង​ទាំង​៦​នៅក្នុង​ទឹកដី​ខេត្តពោធិ៍សាត់ ស្រុក​នេះ​គឺជា​ស្រុក​ដែល​នៅ​ជាប់​ជួ​ភ្នំក្រវាញ​ដូច​ស្រុក​វាលវែង​ដែរ ដោយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​មានលទ្ធភាព​ច្រើន​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត បាន​ទាំង​ធ្វើស្រែ​និង​ធ្វើ​ចំការ​ដំណាំ​កសិឧស្សាហកម្ម​បាន​ទៀត​ផង។


ហើយ​ស្រុក​នេះ​មាន​សក្ដានុពល​យ៉ាង​ខ្លាំង​ដោយមាន​ភ្នំ​ធម្មជាតិ​ប្រភេទ​ថ្មកែវ​មួយ​កន្លែង​នៅក្នុង​ស្រុក​នេះ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ទៅ​គាស់ យក​ថ្ម ប្រភេទ​ថ្មកែវ​ដ៏​មានតម្លៃ​យក​មក​កែច្នៃ​ឆ្លាក់​ជា​រូប​ផ្សេងៗ សម្រាប់​លក់​ជូន​អតិថិជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ថែមទៀត។


ក្រៅពី​សក្ដានុពល​នៃ​ស្រុក​ភ្នំក្រវាញ​នេះ​អ្នក​សារព័ត៌មាន​កម្ពុជា​ថ្មី​និង​សូម​លើកយក​តំបន់​ទេសចរ​ដែលមាន​ទេសភាព​ដ៏​ល្អ​ស្រស់​ត្រកាល​នៅក្នុង​ស្រុក​ភ្នំក្រវាញ​មួយ​នេះ​ថែមទៀត​នោះ​គឺ​ទំនប់​ឈើ​តោក​មួយ​កន្លែង” ដែលជា​រមណីយដ្ឋាន​ទេសចរណ៍​មួយកន្លែង​ដ៏​ពិសិទ្ធ​ដែល​មិនអាច​មើលរំលង​បានឡើយ​ព្រោះ​តំបន់​នេះ​ក៏បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុងស្រុក​មិន​ចាញ់​និង​តំបន់​ផ្សេងៗ​ឡើយ​ជាពិសេស​នោះ​គឺ​រដូវ​បុរាណ​ប្រពៃណី​ជាតិខ្មែរ​យើង​និង​បុណ្យប្រពៃណី​ចិន​វៀតណាម។ ដោយ​ក្នុងចំណោម​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​ទៀត​របស់​ទឹកដី​នៃ​ខេត្តពោធិ៍សាត់ ដែល​តំបន់​មួយ​នេះ​មាន​ប្រវត្តិ​កំណើត​តាំងពី​បុរាណ​ផង​ដែរ​នោះ ត្រូវ​បាន​គេ​អះអាង​និង​បង្ហាញថា មាន​ជាប់​ទាក់ទិន​ទៅ​នឹង​រឿងព្រេង​និទាន​ខ្មែរ​មួយ​ក្រោម​ទស្សនៈ​ថា “នំ​មិនធំ​ជាង​នាល” ព្រមទាំង​មាន​របាំ​ម៉្យាង​ដែល​មាន​ឈ្មោះ​ល្បី​នោះ​គឺ របាំ​ក្ងោក​ពោធិ៍សាត់​ជា​របាំ​បេះ​ផ្លែ​ក្រវាញ​ដែល​ជនជាតិភាគតិច​តែងតែ​លេង​របាំ​នេះ​ត​គ្នា​នៅ​រដូវ​ពួកគេ​ប្រមូល​ផល ក្នុង​ពេល​បេះ​ផ្លែ​ក្រវាញ​ទើប​គេ​ដឹង​ថា ជា​របាំ​ប្រពៃណី​របស់​អ្នកស្រុក​ភ្នំក្រវាញ របស់​ខ្មែរ​ដែល​មាន​ឈ្មោះ​បោះ​សម្លេង​សិល្បៈ​ល្បីល្បាញ​រហូតដល់​បច្ចុប្បន្ន​នេះ។


លោក សំ ឃីម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់​បាន​រៀបរាប់​ដោយមាន​ភាព​ទាក់ទាញ នៅ​ភូមិ​សាស្រ្ត​រមណីយដ្ឋាន​ទំនប់​ឈើ​តោក នេះ​ថា ក្នុង​អំឡុង​ឆ្នាំ​២០០០​នោះ​មិនសូវ​មាន​ភ្ញៀវ​ទេសចរ​មក​លំហែ​កម្សាន្ត​ទីនោះ​ទេ ព្រោះ​តំបន់​ទេសចរណ៍​នេះ​ខ្សត់​ទឹក​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​ងូត​លេង មានតែ​បន្ទាយ​ទាហាន​ឈរ​ជើង​នៅ​តំបន់​នោះ​ស្រាប់តែ​ក្រោយ​ប្រមាណ​ជា ឆ្នាំ​២០០៣ ប្រទេសជាតិ​ក៏​រំកិល​ខ្លួន​អភិវឌ្ឍន៍​ទៅមុខ​បន្តបន្ទាប់ ហើយ​តំបន់​នៅក្នុង​ទំនប់​ឈើ​តោក​នេះ ក៏​មាន​ការអភិវឌ្ឍន៍​កែប្រែ​យុត្តិសាស្ត្រ​ឲ្យ​ទៅជា​តំបន់​ប្រព័ន្ធ​ស្រោច​សព្វ​របស់​រាជរដ្ឋាភិបាល​ឲ្យ​មាន​ចរន្តទឹក​ហូរ​នៅ​តំបន់​នេះ​មិន​ដាច់​ធ្វើ​ឲ្យ​ប្រែ​ក្លាយ​ទៅ​ជា​តំបន់​រមណីយដ្ឋាន​តំបន់​ទេសចរណ៍​ឈើ​តោក​។


ដោយ​មុនដំបូង​នោះ​មានការ​ទាក់ទាញ​ពលរដ្ឋ​ក្នុងស្រុក​នេះ​ទៅលេង​ទីនោះ​ជា​លក្ខណ​: គ្រួសារ​និង​ជា​សាច់ញាតិ​ថ្ងៃបុណ្យ​ប្រពៃណី​ខ្មែរ ក៏​មាន​ការដើរ​កំសាន្ត​របស់​ប្រជាពលរដ្ឋ​អ្នកស្រុក​ភ្នំក្រវាញ​នេះ​បាក់​ទៅលេង​ច្រើនឡើងៗ​រហូតដល់​អ្នក​ខេត្តពោធិ៍សាត់​ទាំងមូល​ទៅ​ទីតាំង​នោះ​ដែរ ហើយក៏​ចាប់ផ្ដើម​ល្បី​តៗ​គ្នា​នៃ​តំបន់​បៃតង​ទេសចរណ៍​ឈើ​តោក​មួយ​នេះ ទាក់ទាញ​ទេសចរ​អ្នក​រស់​នៅ​ជិត​ឆ្ងាយ​ខេត្ត-ក្រុង​ផ្សេងៗ​មកលេង​កំសាន្ត​តែម្តង ជាពិសេស​នោះ​គឺ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​បុណ្យប្រពៃណី​ខ្មែរ​មកលេង​ទីនេះ​ភ្លូកទឹកភ្លូកដី​តែម្ដង។


លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់​រូប​នេះ​បាន​បង្ហាញថា ដោយសារ​នៅ​ទី​រមណីយដ្ឋាន​នេះ​មាន​សម្រស់​ឆើតឆាយ​ឆើតឆាយ និង​ជា​តំបន់​ដែល​អាចមាន​សក្ដានុពល​លើ វិស័យ​ទេសចរណ៍​នៅពេល​អនាគត​នោះ​មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់​ក៏​បាន​ដាក់​បញ្ចូល​តំបន់​នេះ​ជា​តំបន់​ទេស​ទេសចរ​ក្នុងចំណោម​តំបន់​ទេសចរ​ផ្សេងៗ​ក្នុង​ខេត្តពោធិ៍សាត់​យើង​ផង​ដែរ​។ ហើយ​ខាង​អាជ្ញាធរ​និង​មន្ទីរ​ទេសចរ​ខេត្ត​បាន​កំពុង​រក​វិធានការ​ឬ​រក​ដៃគូ​អង្គការ​ពាក់ព័ន្ធ​មក​ជួយ​លើកស្ទួយ​សហគមន៍​ទេសចរណ៍​នេះ​ដើម្បី​ជា​ប្រយោជន៍​រួម​សម្រាប់​ប្រជាជន​នៅក្នុង​តំបន់ ពិសេស​គឺ​មិន​ចង់​ឲ្យ​មាន​កើតឡើង​នូវ​បញ្ហា​ធម្មជាតិ និង​បញ្ហា​នានា​ដែល​អាច​នឹង​បំផ្លាញ​នូវ​សម្រស់​ធម្មជាតិ ដ៏​ស្រស់បំព្រង​នៅ​រមណីយដ្ឋាន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​អំឡុង​ឆ្នាំ​២០០៣​នេះ​នោះទេ៕


បើ​តាម​ការ​ផ្ដល់​បទ​សម្ភាសន៍​មួយ​របស់​លោក សូ សា​ហុង អភិបាលស្រុក​ភ្នំក្រវាញ​បាន​ព័ត៌មាន​ឲ្យ​ភ្នាក់ងារ​ឆ្លើយឆ្លង​ព័ត៌មាន​កាសែត​កម្ពុ​ជាថ្មី​ប្រចាំ​ខេត្ត​ពោធិ៍សាត់​នា​ចុង​សប្ដាហ៍​ព្រឹក​ថ្ងៃ​សៅរ៍​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៥ នោះ​ថា ទី​រមណីយដ្ឋាន “ទំនប់​ឈើ​តោក” មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​ទឹកដី​ស្រែ​ព​ពាយ ឃុំ​ស​ន្ទ្រែ​រ ស្រុក​ភ្នំក្រវាញ មាន​ចម្ងាយ​ប្រមាណ​ជាង​៤០​គីឡូម៉ែត្រ​ខាងត្បូង​ឆៀង​ខាងកើត​ពី​ទី​រួម​ខេត្តពោធិ៍សាត់។


លោក​អភិបាលស្រុក​បន្ត​ឲ្យ​ដឹង​ថា បើ​តាម​ប្រវត្តិ​នៃ​ទី​រមណីយដ្ឋាន ទំនប់​ឈើ​តោក នេះ មាន​ជាប់​ទាក់ទង​ទៅ​នឹង​រឿង ព្រេង​ខ្មែរ​មួយ​ដែល​គេ​អះអាង​និង​តំណាល​ថា នៅក្នុង​សម័យកាល​ដ៏​យូរលង់​មួយ​កន្លងមក​នោះ មាន​កំលោះ ក្រមុំ​មួយ គូ​បាន​ស្រឡាញ់​គ្នា ហើយក៏​បាន​លួច​ណាត់ជួប​គ្នា​ជា​ញឹកញាប់​នៅ​ក្បែរ​ព្រៃ​នា​មាត់​ស្ទឹង​មួយ​។ ដោយ​កាល​នៅក្នុង​ជំនាន់ នោះ ការ​ជ្រើសរើស​គូស្រករ ពោល​គឺ​ស្ថិត​នៅ​ក្នុង​ទំនៀមទម្លាប់​ប្រពៃណី​តឹងរ៉ឹង​ខ្លាំង​ណាស់​ដោយ​ជាទូទៅ គេ​សំអាង​ទៅលើ​ទស្សនៈ “នំ​មិនធំ​ជាង​នាល​” បាន​ន័យ​ថា អាណាព្យាបាល ឬ​ឪពុក​ម្តាយ​ជា​អ្នក​សម្រេចចិត្ត​ជំនួសមុខ ចំពោះ​អនាគត​កូនចៅ​ខ្លួន​តែម្ដង។


លោក សូ សា​ហុង ក៏​បាន​បន្ត​រៀបរាប់​ឲ្យ​ដឹង​ទៀត​ថា លុះ​ពេល​បន្ទាប់មក​ឪពុក​ម្តាយ ខាង​ស្ត្រី​ក្រមុំ​ក៏បាន​សង្ស័យ​ទៅលើ​កូនស្រី​របស់​ខ្លួន ហើយ​ក៏បាន​ពឹងពាក់​អ្នកស្រុក និង​សាច់ញាតិ​ឲ្យ​ជួយ តាមដាន​សង្កេត​លើ​អត្តចរិត​របស់​កូនស្រី​របស់​ខ្លួន។ ដោយសារ​សេចក្តី​ស្នេហា​មាន​វិសាលភាព​ធំធេង​ជាង មហាសមុទ្រ​ដែល​មិនអាច​កាត់​ផ្តាច់​ចេញពី​គ្នា​បាន​នោះ បាន​ធ្វើ​ឲ្យ​កំលោះ​ក្រមុំ​មួយគូ​នេះ​នៅតែ​ស្កាត់​ជួបគ្នា​ជា​ញឹកញាប់ និង​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​តាមដាន​ឃើញ​ហើយក៏​យក​រឿង​នេះ​ទៅ​ប្រាប់​ដល់​ឪពុកម្តាយ​ខាង​កូន ក្រមុំ​។


លោក​អភិបាលស្រុក បាន​បន្ត​ថា ឪពុកម្តាយ​កូនក្រមុំ​បាន​សួរ​ទៅ​អ្នក​ដែល​បានឃើញ​កូនស្រី​ខ្លួន ជួប​ជាមួយ​កំលោះ​នោះ​ថា “បានឃើញ​កូនស្រី​ខ្ញុំ​ជួប​ប្រុស​នៅ​កន្លែង​ណា​?”។ អ្នក​តាមដាន​រូបនោះ​បាន​ឲ្យ​ដឹងបាន​ឆ្លើយ​ប្រាប់​ដោយ​មិន​ដឹង​ថា កន្លែង​នោះ​ឈ្មោះ​អ្វី​ឲ្យ​ពិតប្រាកដ​ក៏​ឆ្លើយ​ថា “​ខ្ញុំ​បានឃើញ​កូន​អ្នក​ជួប​ប្រុស​នៅ​កន្លែង​ព្រៃ​ក្រា​ស់​មាន​ឈើ​មួយ​ដុំ​ជាប់​នឹង​ដើមឈើ​ទាក់​នឹង​វល្លិ​យោល​តេ​ក​តោកៗ”។ ក្រោយ​ដឹង​ដំណឹង នេះ​ហើយ​ឪពុកម្តាយ​ខាង​កូនស្រី​ក៏បាន​ទៅ​តាម​រ​កកូន​ទៅតាម​ការ​ប្រាប់​របស់​អ្នក​តាមដាន​ហើយក៏​ឃើញ កូនស្រី​របស់​ខ្លួន​ជួប នឹង​កំលោះ​ជា​សង្សារ​របស់​នាង​មែន។ រឿង​នេះ​ក៏បាន​ល្បី​ពេញ​ភូមិ​កន្លែង​ដែល​នាងក្រមុំ និង​អ្នក​កំលោះ​ជួបគ្នា​នោះ​ក៏បាន​ជាប់​ឈ្មោះថា “ឈើ​យោល​តេ​ក​តោក” និង​ក្រោយមក​ក៏បាន​ហៅ​ក្លាយ​មក​ជា “ឈើ​តេ​ក​តោក” ហើយក៏​ក្លាយ​តៗ​មក​ទៀត​ថា “ឈើ​តោក” រហូតដល់​សព្វថ្ងៃ​នេះ។


លោក សូ​សា​ហុង  អភិបាលស្រុក​ភ្នំក្រវាញ​បាន​បញ្ជាក់​ថា ឲ្យ​ដឹង​ទៀត​ថា ចំពោះ​របាំ​ក្ងោក​ពោធិ៍សាត់​វិញ​នោះ​គឺជា​របាំ​ប្រជាជន​ភាគតិច​នៅ ស្រុក​ភ្នំក្រវាញ​នោះ​ហើយ ដោយ​របាំ​នេះ​ឈ្មោះថា​របាំ​ក្ងោក​ពោធិ៍សាត់​។ រាល់​ពេល​ដែល​ជនជាតិភាគតិច​ចាប់​ផ្ដើម​រដូវ​ប្រមូល​ផល​បេះ​ផ្លែ​ក្រវាញ​នៅ​រដូវ​ក្រវាញ​ផ្លែ និង មាន​គោក្របី​បាត់​ឫ​វង្វេងផ្លូវ​រួម​ជា​មួយ​និង​ពួកគេ​មាន​ជំងឺ​ឈឺ​ថ្កាត់ គឺ​បងប្អូន​ជនជាតិភាគតិច​នេះ។ បាន​ប្រារព្ធ​ពិធី​រាំ​របាំ​នេះ​ឡើង​ដើម្បី​បន់ស្រន់​ថ្វាយ​ដល់​លោកតា​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​ថែរក្សា​នៅ​ទីនោះ​ជួយ​ដល់​ពួកគេ។


ដោយឡែក​ថ្ម​ចំ​កាក់​ថ្មកែវ​វិញ គឺ​ប្រជាជន​នៅ​ខេត្តពោធិ៍សាត់​នេះ​បាន​នាំ​គ្នា​យក​រ៉ែ​ថ្ម​ធម្មជាតិ​មក​ឆ្លាក់​ជា​ផលិត​ផ្សេងៗ​សំរាប់​តាំង​លំអ​ឬ ធ្វើជា​វត្ថុ​សក្ការៈ តាម​ទំនៀមទម្លាប់​របស់​ប្រជាជន​ខ្មែរ​។

​រ៉ែ​ថ្មកែវ​ទាំងនោះ ភាគច្រើន​មាននៅ​ភ្នំ​តា​សៃ ភ្នំ​យ៉​ន និង​ភ្នំ​ស្ពង់​ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់ ដែល​មាន​ភាព​ល្បីល្បាញ​ជា​យូរយារ​ណាស់​មក​ហើយ​។


ដោយ​ថ្ម​នេះ​វា​មាន​លក្ខណៈ​ពិសេស ជា​ប្រភេទ​រ៉ែ​ថ្ម​ធម្មជាតិ​មាន​សភាព​ទន់​ល្មម រំលេច​ដោយ​ពណ៌​ភ្លឺរលោង​អាច​យក​មក​កែច្នៃ ជា​វត្ថុ​សិល្បៈ និង​គ្រឿង​ចម្លាក់​ផ្សេងៗ​តាម​តំរូវការ​របស់​អតិថិជន​ក្នុងស្រុក​នៅក្រៅ​ស្រុក​ដើម្បី​ធ្វើ​ឲ្យ​ពួកគាត់​ផ្លាស់ប្ដូរ​ជីវភាព​ល្អប្រសើរ​មួយ​កម្រិត​ទៀត៕



អ្នកស្រុក​ភ្នំក្រវាញ ៖ ធ្វើស្រែ​និង​ចំការ​រួមផ្សំ​និង​ច្នៃ​ថ្មកែវ​ធម្មជាតិ ជា​តំបន់​ទេសចរ​ឈើ​តោក

Post a Comment

0 Comments

Close Menu