ក្រុមបាតុកររាប់ពាន់នាក់ បាននាំគ្នាតវ៉ានៅក្នុងរដ្ឋធានីបាដាដ និងតាមបណ្តាខេត្តស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃសុក្រម្សិលមិញ ដោយពួកគេបានអំពាវនាវឲ្យមានកំណែទម្រង់ពិតប្រាកដមួយ ក៏ដូចជាបញ្ចប់អំពើពុករលួយផ្នែកនយោបាយ។
ដូចគ្នានៅរដ្ឋធានីបាដាដដែរ ក្រុមបាតុកររាប់ពាន់នាក់នៅក្នុងខេត្តណាចាហ្វ និងខេត្តបាស្រា បានអំពាវនាវឲ្យមានការកាត់ទោសក្រុមមន្ត្រីជាន់ខ្ពស់ ដែលសង្ស័យពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងអំពើពុករលួយ។
លោកអាយ៉ាតូឡា អាលី អាល់-ស៊ីស្តានី ដែលជាបុព្វជិតកំពូលមួយរូបនៅក្នុងក្រុមមូស្លីមនិកាយស៊ីត បានជំរុញឲ្យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គឺលោកហៃដឺ អាល់-អាបាឌី ប្រកាន់គោលជំហរដ៏រឹងមួយ ប្រឆាំងនឹងអំពើពុករលួយ ហើយការគ្រប់គ្រងអន់ គឺជាដើមហេតុដែលធ្វើឲ្យប្រទេសមួយនេះ ស្ទើរក្រោកឈរមិនរួច។
ដោយឡែកនៅទីក្រុងបាដាដវិញ គេឃើញហ្វូងបាតុករយ៉ាងច្រើនកុះករ បានជួបជុំគ្នានៅលើទីលានតារៀ ស្ថិតនៅកណ្តាលទីក្រុងតែម្តង ដើម្បីដាក់សំពាធបន្ថែមទៀត លើក្រុមអាជ្ញាធរ។
លោកអាប់ឌូឡា អាលី ដែលបានចូលរួមក្បួនតវ៉ានេះ បាននិយាយថា ពួកលោកមកទីនេះដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ាក់ ពិសេសគឺប្រព័ន្ធដឹកនាំមិនជោគជ័យរបស់ពួកគេ។ លោកបញ្ជាក់ទៀតថា អ៊ីរ៉ាក់មិនបានរៀបគម្រោងធ្វើអ្វីទាំងអស់ កុំថាឡើយវិស័យកសិកម្ម ឬឧស្សាហកម្ម សូម្បីតែរោងចក្រក៏មិនដំណើរដែរ ហើយនៅពេលដែលប្រេងលក់ដាច់ បែរជាគ្មានលុយទៅវិញ ដូច្នេះហើយឯណាទៅ យុទ្ធសាស្ត្រ ឬក្បាលម៉ាស៊ីនដឹកនាំរដ្ឋរបស់អ៊ីរ៉ាក់?៕
ក្រុមបាតុករអ៊ីរ៉ាក់រាប់ពាន់នាក់ នាំគ្នាតវ៉ានៅក្នុងទីក្រុងបាដាដ និងភាគខាងត្បូងប្រទេស ដើម្បីប្រឆាំងនឹងអំពើរពុយរលួយ និងការលាងលុយកខ្វក់
0 Comments