Ad Code

ឯកឧត្ដម Shri Mohammad Hamid Ansari ធ្វើ​បទ​បាឋកថា ​ស្ដីពី​”​ទំនាក់ទំនង​កម្ពុជា​-​ឥណ្ឌា​”

ភ្នំពេញ ៖ ខណៈ​ពេល​ដែល​ឯកឧត្ដម Shri Mohammad Hamid Ansari អនុ​ប្រធានាធិបតី​ឥណ្ឌា​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ នៅ​វិមាន​មិត្តភាព​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឯកឧត្ដម​ក៏បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ធ្វើ​បទ​បាឋកថា ស្ដីពី​ទំនាក់ទំនង​កម្ពុជា​-​ឥណ្ឌា “​ក្រោម​វត្តមាន​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​ឯកឧត្ដម​បណ្ឌិត្យសភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ​រួម​នឹង​មន្ត្រីរាជការ​ក្រោម​ឧវាទ និង​និស្សិត​ជាច្រើន​កុះករ។​


អនុ​ប្រធានាធិបតី​ឥណ្ឌា ឯកឧត្ដម Shri Mohammad Hamid Ansari បាន​មានប្រសាសន៍ថា ពេល​ដែល​មកដល់​ប្រទេស​កម្ពុជា គឺ​ឯកឧត្ដម​មានការ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង​ ដោយសារតែ​ឃើញ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា ​និង​ឥណ្ឌា ហើយ​តាម​ពិត​ទៅ​កម្ពុជា និង​ឥណ្ឌា គឺ​មាន​វប្បធម៌ និង​សាសនា​ដូចគ្នា។


ឯកឧត្ដម​បន្ត​ថា កន្លង​មក​នេះ គឺ​ឥណ្ឌា​បាន​ជួយ​ជួសជុល​ប្រាសាទ​បាយ័ន​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​ប្រាសាទ​អង្គរ​ធំ ហើយ​ឥណ្ឌា​ក៏​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​នៅ​ក្នុង​តំបន់​មេគង្គ ដែល​ហៅ​ថា​សហប្រតិបត្តិការ Ganga and Mekong (​មេគង្គ -​ឥណ្ឌា​)។


អនុ​ប្រធានាធិបតី​ឥណ្ឌា​ក៏បាន​កោតសរសើរ​ពី​ការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ដែល​បាន​ឈាន​ដល់​កំណើន​សេដ្ឋកិច្ច គឺ​ផលិតផល​សរុប​ក្នុងស្រុក (GDP) ប្រមាណ​ជា​៧%​ក្នុង​មួយ​ឆ្នាំ ហើយ​ឥណ្ឌា​សង្ឃឹមថា​ទំនាក់ទំនង​សេដ្ឋកិច្ច​វិនិយោគ និង​ទេសចរណ៍​រវាង​កម្ពុជា​-​ឥណ្ឌា និង​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​បន្ថែម​ទៀត​ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំងពីរ។​


អនុ​ប្រធានាធិបតី​ឥណ្ឌា​បាន​បង្ហាញ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅលើ​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា នៅ​ក្នុង​ពីរ​ទសវត្ស​ចុងក្រោយ​នេះ ដោយសារតែ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​គឺ​ពោរពេញ​ទៅ​ដោយ​សន្តិភាព និង​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​នេះ​គឺជា​ការ​រីកចម្រើន​ដែល​គួរ​ឲ្យ​កត់​សម្គាល់​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​តែម្ដង ហើយ​ប្រទេស​ឥណ្ឌា​ក៏​កំពុង​សម្លឹង​មើល​ដើម្បី​ពង្រឹង និង​ពង្រីក​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​នៅ​ពេល​អនាគត។


ទន្ទឹម​នឹង​នេះ​ដែរ ឯកឧត្ដម​ក៏បាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា​ដែល​បាន​ជួយ​ជ្រោមជ្រែង​ភាពជា​ដៃគូ​រវាង​ឥណ្ឌា និង​អាស៊ាន​នា​ពេល​កន្លងមក ហើយ​ប្រទេស​ឥណ្ឌា ក៏​កំពុង​សម្លឹង​មើល​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​កាន់តែ​ប្រសើរ និង​ស៊ីជម្រៅ​បន្ថែម​ទៀត​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​វិនិយោគ ក៏​ដូចជា​បង្កើន​ទំនាក់ទំនង​ផ្នែក​វិនិយោគ​បរទេស​ជាមួយ​ប្រទេស​កម្ពុជា​ផង​ដែរ។​


ឯកឧត្ដម Shri Mohammad Hamid Ansari បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ឥណ្ឌា​ នឹង​ជំរុញ​ការ​បង្កើន​ទំនាក់ទំនង​ផ្នែក​វិស័យ​ទេសចរណ៍ ដូច្នេះ​ហើយ​បាន​យើង​មានការ​ចុះហត្ថលេខា​ទៅលើ​ការពង្រីក​ទៅលើ​វិស័យ​ទេសចរ​នេះ។ ចំពោះ​ផ្នែក​ពាណិជ្ជកម្ម និង​វប្បធម៌ ឥណ្ឌា​មើល​ឃើញ​ប្រទេស​កម្ពុជា​គឺ​នៅ​ចំ​កណ្ដាល​បេះដូង​នៃ​សមាគម​អាស៊ាន​តែម្ដង ដូច្នេះ​ឥណ្ឌា​ និង​សម្លឹង​មើល​ពី​សហប្រតិបត្តិ​ការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ប្រទេស​កម្ពុជា​បន្ថែម​ទៀត ទាំង​ផ្នែក​ពាណិជ្ជកម្ម វិនិយោគ និង​ផ្នែក​ទេសចរណ៍​។


ឯកឧត្ដម​បាន​លើក​ឡើង​ថា កន្លង​មកនេះ ឥណ្ឌា​ក៏បាន​ជួយ​កម្ពុជា​ក្នុង​ការ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​ផង​ដែរ ដូចជា​ផ្នែក​បច្ចេកវិទ្យា ហើយ​ឥណ្ឌា​ក៏បាន​កសាង​នូវ​មជ្ឈមណ្ឌល​សម្ភារៈ​សូត្រ ដែល​បាន​សាងសង់​ឡើង ​និង​កំពុង​ដំណើរការ​នៅ​ខេត្ត​សៀមរាប​។


ឯកឧត្ដម Shri Mohammad Hamid Ansari បញ្ជាក់​ឲ្យ​ដឹង​ថា ការដែល​ឥណ្ឌា​បាន​ជួយ​ជួសជុល​នៅ​ប្រាសាទ​បាយ័ន នៅ​អង្គរធំ​គឺ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ការយល់​ស្របគ្នា​តែមួយ​ទៅលើ​បេតិកភណ្ឌ​វប្បធម៌ ហើយ​បច្ចុប្បន្ន​ឥណ្ឌា​កំពុងតែ​ជួសជុល​ប្រាសាទ​តាព្រហ្ម​ផង​ដែរ និង​សម្លឹង​មើល​ជា​បន្តបន្ទាប់​ដើម្បី​ជួសជុល​ជួយ​អភិរក្ស​ប្រាង្គ​ប្រាសាទ​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា​បន្ថែម​ទៀត។


ឯកឧត្ដម​បណ្ឌិត្យសភា​ចារ្យ សុខ អាន​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា កម្ពុជា​មាន​សក្ដានុពល​ខ្ពស់​លើ​វិស័យ​ទេសចរណ៍ ហើយ​អ្វី​ដែល​ជា​ចំណុច​សំខាន់​របស់​កម្ពុជា​នោះ​គឺថា ទេសចរណ៍​វប្បធម៌ ព្រោះ​កម្ពុជា​មាន​ប្រាង្គ​ប្រាសាទ​បុរាណ​ដ៏​ច្រើន​សំបើម​ណាស់ ហើយ​គ្រាន់តែ​ប្រាង្គ​ប្រាសាទ​នៅ​ខេត្ត​សៀមរាប មាន​ប្រហែលជា​១០០​ប្រាង្គ​ប្រាសាទ ដូច្នេះ​ឯកឧត្ដម​បណ្ឌិត្យសភា​ចារ្យ សុខ អាន ចង់​ឲ្យ​មាន​សហប្រតិបត្តិការ​ទេសចរណ៍ និង​វប្បធម៌​ថែមទៀត ព្រោះ​កាលណា​ទេសចរ​មកកាន់​កម្ពុជា ក៏​ជា​ការ​បើក​ច្រក​នូវ​ការ​វិនិយោគ​របស់​ឥណ្ឌា​មកកាន់​កម្ពុជា​ផង​ដែរ។​


ឯកឧត្ដម​បណ្ឌិត្យសភា​ចា​រ្យ សុខ អាន ក៏បាន​លើកទឹកចិត្ត​ឲ្យ​មាន​ក្រុមហ៊ុន​ខ្សែភាពយន្ត​ឥណ្ឌា​គឺ Bollywood មក​ផលិត​ខ្សែភាពយន្ត​អំពី​រឿងរ៉ាវ​ដែល​ទាក់ទង​សម័យ​អង្គរ ដែល​ជា​ផ្នែក​មួយ​ដើម្បី​ទាក់ទាញ​ឥណ្ឌា​មក​ទស្សនា​នូវ​ប្រាសាទ​បុរាណ​របស់​កម្ពុ​ជា ដូចជា​ប្រាសាទ​អង្គរ​ជាដើម​។ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏​លើកទឹកចិត្ត​ឲ្យ​មាន​នូវ​ការហោះហើរ​ដោយ​ត្រង់​ពី​ឥណ្ឌា​មក​កាន់​កម្ពុជា​ដើម្បី​រួមចំណែក​ដល់​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរណ៍​មកកាន់​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​ច្រើន​ថែមទៀត៕




ឯកឧត្ដម Shri Mohammad Hamid Ansari ធ្វើ​បទ​បាឋកថា ​ស្ដីពី​”​ទំនាក់ទំនង​កម្ពុជា​-​ឥណ្ឌា​”

Post a Comment

0 Comments

Close Menu