ភ្នំពេញ ៖ ទូហ្គេមអេឡិចត្រូនិកជាប្រភេទល្បែងស៊ីសងខុសច្បាប់ចំនួន១០ទូ ត្រូវបានលោកអភិបាលខណ្ឌសែនសុខនាំកងកម្លាំងសមត្ថកិច្ចមកបង្ក្រាបរឹបអូសយកមករក្សាទុកកាលពីវេលាម៉ោង
៩និង៣០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ម្តុំមុខពេទ្យលោកសង្ឃ បន្ទាប់ពីធ្វើពិធីបញ្ជាគ្រឿងចក្រវាយកម្ទេចចោលជាសាធារណៈកាលពីរសៀលថ្ងៃម្សិលនេះអស់ចំនួន៣៨ទូ រួចមក។
ទូហ្គេម ដែលទើបបង្ក្រាបបាននៅពេលចុងក្រោយចំនួន១០ទូ(ស្មើ១០គ្រឿង)នេះ គឺសុទ្ធតែជាប្រភេទហ្គេមបាញ់ត្រីទាំងអស់ ដែលក្នុងមួយគ្រឿងៗមានតម្លៃរាប់ពាន់ដុល្លារ ហើយការបង្ក្រាបនេះមានចំនួន៥ទីតាំងឯណោះ នៅក្នុងតំបន់ភូមិត្រពាំងឈូកនោះ។
មានការរិះគន់ថា ប៉ូលិសប្រចាំមណ្ឌលបាននៅពីក្រោយខ្នងជួយបិទបាំងបទល្មើសនេះ ដែលតាមការលេចឮព័ត៌មានពីប្រជាពលរដ្ឋជាសាច់ញាតិម្ចាស់ទូហ្គេមខុសច្បាប់ទាំងបានឲ្យដឹងថា បានដាក់ស្រោមសំបុត្រឲ្យប៉ូលិសមណ្ឌល និងមន្ត្រីអាជ្ញាធរថ្នាក់ទាបៗជាថ្នូរឲ្យជួយបិទភ្នែកបិទត្រចៀកធ្វើមិនដឹងមិនឮ និងជួយផ្តល់ដំណឹងឲ្យបើមានសមត្ថកិច្ចថ្នាក់ណាមួយចុះមកបង្ក្រាប។
ដោយសារលោកអភិបាលខណ្ឌបានដឹងពីព័ត៌មាននេះដូច្នេះហើយទើបពេលចុះបង្ក្រាបទូហ្គេមព្រឹកមិញនេះ លោកអភិបាលខណ្ឌតាំងចិត្ត អត់ប្រើកម្លាំងប៉ូលិស និងប៉េអឹមឲ្យមកជួយការពារនោះទេ ព្រោះតែធ្លាប់មានបទពិសោធន៍ច្រើនដង ហើយឲ្យតែចុះចាប់ហ្គេមមានកម្លាំងប៉ូលិស ប៉េអឹមមកជួយអន្តរាគមន៍ម្តងណាដឹងតែបរាជ័យ បែកការរហូត។
លោកលី សាវេត អភិបាលខណ្ឌសែនសុខតែងតែប្រកាសប្រាប់បងប្អូនប្រជាពលរដ្ឋនៅតាមវេទិកាសាធារណៈ ផ្សេងៗថា រឿងល្បែងហ្គេមល្បែងស៊ីសងខុសច្បាប់ទាំងអស់គឺលោកនឹងមិនអនុញ្ញាតឲ្យកើតមាននៅក្នុងទឹកដីខណ្ឌសែនសុខជាដាច់ខាត ពីព្រោះវាជាអំពើខុសច្បាប់ និងជាដើមហេតុ ដែលនាំឲ្យកើតមានបទល្មើសចោរកម្មផ្សេងៗផងដែរ ដែលបង្កឲ្យឲ្យមានអសន្តិសុខក្នុងមូលដ្ឋានក៏ដូចក្នុងសង្គមជាតិទាំងមូល។ ដូច្នេះសូមបងប្អូនកុំមានគំនិតផ្សងព្រេងលួចរកស៊ីបើកលេងល្បែងស៊ីសងខុសច្បាប់បែបនេះទៀត៕
សាលាខណ្ឌសែនសុខបន្តចុះចាប់ទូហ្គេមបាន១០ទូទៀតនៅសង្កាត់ទឹកថ្លា(Update)
0 Comments