Ad Code

ក្រុម​ប្រទេស​G7​ និង​បណ្ដា​រដ្ឋ​តំបន់​ឈូង​សមុទ្រ​សន្យា​ផ្ដល់​ជំនួយ​១.៨​កោដិ​ដុល្លារ​ដល់​បណ្ដា​ទីភ្នាក់ងារ​ជំនួយ​សហប្រជាជាតិ

បណ្ដាប្រទេស​ដែលនាំមុខ​គេ​ផ្នែក​សេដ្ឋកិច្ច​នៃក្រុម G7 និងបណ្ដា​រដ្ឋ​នៅ​តំបន់​ឈូងសមុទ្រ​​បានសន្យា​ផ្ដល់នូវ​ទឹកប្រាក់​១.៨​កោដិដុល្លារ​សម្រាប់​ជាមូលនិធិ​ កាលពី​ថ្ងៃ​អង្គារ ទី២៩ ខែ​កញ្ញា កន្លង​ទៅនេះ សម្រាប់​ផ្ដល់​ដល់​បណ្ដា​ទី​ភ្នាក់ងារ​ជំនួយ​​របស់​​សហប្រជាជាតិ​ ដើម្បី​ជួយ​ដល់ជន​ភៀសខ្លួន​ស៊ីរី។


ការសន្យា​នេះបានកើត​មានឡើង​ បន្ទាប់ពី​​អគ្គ​លេខាធិការ​​នៃ​អង្គការ​សហប្រជា​ជាតិ​ លោក Ban Ki-moon បានប្រាប់​ដល់ថ្នាក់​ដឹកនាំ​ពិភព លោក​នៅឯ​ពិធី​បើកកិច្ចពិភាក្សា​នៃអង្គ​សន្និបាត​សហប្រជាជាតិ។


ការសន្យា​ត្រូវបាន​ប្រកាស​ បន្ទាប់ពី​ជំនួប​​ ប្រជុំ​មួយ​នៃ​រដ្ឋមន្ដ្រី​ការ​បរទេស​ G7 មាន​អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង​​សហ​រដ្ឋ​អាមេរិក រួម​ជាមួយ​សមភាគី​មក​ពី​ប្រទេស​​គុយវ៉ែត កាតារ អារ៉ាប៊ី​សាអ៊ូឌីត អារ៉ាប់​រួម​អេមី​រ៉ាត ព្រមទាំង​រដ្ឋមន្ដ្រី​អឺរ៉ុប​ដទៃទៀត។


សហ​ប្រជាជាតិ​កំពុង​តែ​ប្រយុទ្ធ​តស៊ូ​ដើម្បី​​ជួយ​ដល់​មនុស្ស​ប្រមាណ​៦០លាននាក់​ដែល​ភៀស​ខ្លួន​ដោយសារ​ជម្លោះ ដែលនេះ​ជា​តួ​លេខ​យ៉ាង​ខ្ពស់បំផុត​​ ចាប់តាំងពី​សម័យ​សង្គ្រាម​លោក​លើក​ទីពីរ​មក។


មានចំនួន​៤លាននាក់ បានភៀសខ្លួន​ចេញ ពីសង្គ្រាម​នៅប្រទេស​សីុរី ដោយមាន​រាប់រយ​ពាន់​នាក់​កំពុ​ងធ្វើ​ដំណើរឆ្ពោះទៅ​កាន់អឺរ៉ុប ដើម្បី​ព្យាយាម​កសាង​ជីវិត​រស់នៅ​របស់គេ​ឡើង​វិញ។


សង្គ្រាមនៅ​ក្នុង​ប្រទេស​ស៊ីរី​ និង​វិបត្តិ​អន្តោប្រវេសន៍​នៅ​ក្នុង​ទ្វីប​អឺរ៉ុប នឹង​ត្រូវ​លើក​យក​មក​​ពិភាក្សា​នៅឯ​សហប្រជាជាតិ នៅថ្ងៃពុធ ខណៈ​ពេល​ ដែល​ថ្នាក់ដឹកនាំ​ពិភពលោក​​កំពុង​តែ​​រិះរក​​ការ​បែង​ចែក​ជន​ភៀស​ខ្លួន​ទាំងនោះ​ដោយ​របៀប​ណា។


រីឯ​ប្រទេស​រុស្ស៊ី​វិញ នឹងធ្វើជា​អធិបតី​នៃជំនួប​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ស្ដីអំពី​ការគំរាម​កំហែង​ដោយ​អំពើ​ភេរវកម្ម​ ដោយត្រូវ​បាន​គេ​រំពឹងថា ​នឹង​​ផ្ដោត​ទៅលើ​វិបត្ដិ​នៅ​ក្នុង​ប្រទេស​ស៊ីរី​នោះ៕


AFP



ក្រុម​ប្រទេស​G7​ និង​បណ្ដា​រដ្ឋ​តំបន់​ឈូង​សមុទ្រ​សន្យា​ផ្ដល់​ជំនួយ​១.៨​កោដិ​ដុល្លារ​ដល់​បណ្ដា​ទីភ្នាក់ងារ​ជំនួយ​សហប្រជាជាតិ

Post a Comment

0 Comments

Close Menu