ភ្នំពេញ ៖ យោងតាមការឲ្យដឹងពីលោកអនុសេនីយ៍ឯក ឈឹម ប៊ុនរ័ត្ន អធិការរងខណ្ឌដង្កោបានប្រាប់ថា កម្លាំងរបស់លោកកំពុងកសាងសំណុំបញ្ជូនមេឆ្នោត២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។
ស្ត្រីមេឆ្នោតទាំង២នាក់ដែលត្រូវឃាត់ខ្លួន ទី១-ឈ្មោះ ឌឿក រត្ន័ អាយុ៣៣ឆ្នាំ មុខរបរជាអ្នកកត់កន្ទុយលេខនៅផ្សារចម្ការដូង រស់នៅភូមិថ្មីសង្កាត់ដង្កោ ខណ្ឌដង្កោ និងទី២-ឈ្មោះ សម្ភស្ស អាយុ១៥ឆ្នាំ មុខរបរជាអ្នកកត់កន្ទុយលេខ និងស្នាក់នៅជាមួយគ្នា។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដឹកនាំដោយអភិបាលរងខណ្ឌចំនួន២រូប គឺលោក តិមា សោភា និងលោក ប្រាជ្ញ សីហា សហការជាមួយកម្លាំងនគរបាលខណ្ឌ និងអាវុធហត្ថខណ្ឌឆ្មក់ចូលបង្ក្រាបទីតាំងកត់កន្ទុយលេខដុះស្លែធំៗ២កន្លែងនៅផ្សារចំការដូង ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានស្ត្រី២នាក់ខាងលើ រួមជាមួយវត្ថុតាង សម្ភារៈសម្រាប់កត់ជាច្រើនផងដែរ។
សមត្ថកិច្ចប្រាប់បន្តឲ្យដឹងថា មុនពេលចុះបង្ក្រាបទីតាំងកត់កន្ទុយលេខទាំង២កន្លែងខាងលើនេះ ដោយសារមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ដែលនៅផ្សារចំការដូងថា រាល់ថ្ងៃនេះមានទីតាំងកត់កន្ទុយលេខ២កន្លែងកំពុងបើកអាជីវកម្មយ៉ាងចំហ ដោយមិនខ្លាចញញើតអាជ្ញាធរ និងសមត្ថកិច្ចបន្តិចណាឡើយ។ ដោយមួយថ្ងៃៗមានបងប្អូនប្រជាពលរដ្ឋ ក៏ដូចអាជីវករផ្សារចម្ការដូង សម្រុកចូលចាក់ដង្ហែគ្នាដូចជាឈរដំរង់ចាំទទួលអំណោយអញ្ចឹង ដោយក្នុងមួយថ្ងៃៗ អាចកត់បានលុយរាប់លានរៀល។ ក្រោយពីទទួលបានសេចក្ដីរាយការណ៍បែបនេះ ភ្លាមៗនោះលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបានបញ្ជាឲ្យអភិបាលរងខណ្ឌចំនួនពីររូបចុះបង្ក្រាបទីតាំងខាងលើនេះតែម្ដង ដោយឃាត់បានស្ត្រីមេកន្ទុយលេខ២នាក់ខាងលើ រួមទាំងវត្ថុតាងសម្ភារៈសម្រាប់កត់ឆ្នោតមួយចំនួនធំនាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការតាមនីតិវិធី។
ជាមួយនេះដែរ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍កំពុងតែតាមដាន និងពិនិត្យមើល តើវាសនាស្ត្រីមេឆ្នោតទាំង២នាក់អាចជាប់ពន្ធនាគារព្រៃ.ស ដែរឬទេ? ដោយក្នុងមួយថ្ងៃៗស្ត្រីទាំង២នាក់អាចកត់កន្ទុយលេខបានលុយរាប់លានរៀល។ ដោយឡែកស្ត្រីម្នាក់ដែលរស់នៅសង្កាត់ពងទឹក គឺគាត់ជិះកត់ឆ្នោតមួយថ្ងៃៗបានលុយតែជាង១០ម៉ឺនរៀល ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅតុលាការដាក់គុកព្រៃ.ស រហូតមកដល់ពេលនេះចោលម្តាយស្ត្រីមេម៉ាយឈឺរាល់ថ្ងៃ៕
នគរបាលខណ្ឌដង្កោកំពុងកសាងសំណុំរឿងបញ្ជូនស្ត្រីមេឆ្នោត២នាក់ទៅតុលាការ
0 Comments