រដ្ឋមន្ត្រីការបរទេសកម្ពុជាស្នើឲ្យអាស៊ាន និងអ.ស.ប រៀបចំសេចក្តីព្រាងផែនការផ្តោតលើការកាត់បន្ថយភាពក្រីក្រ និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម
ភ្នំពេញ ៖ ការស្នើនេះ ត្រូវបានលោកឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយអគ្គលេខាអង្គការសហប្រជាជាតិ និងប្រធានសម័យប្រជុំលើកទី៧០ របស់មហាសន្និបាតអង្គការសហប្រជាជាតិញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥។
យោងតាមខ្លឹមសារ ដែលផ្តល់ដោយលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីវេលាម៉ោង៤ និង៣០ នាទីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ បានឲ្យដឹងថា ក្នុងឱកាសចូលរួមកិ្ចប្រជុំអង្គការសហប្រជាជាតិ នៅទីក្រុងញីវយ៉ក លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានចូលកិច្ចប្រជុំមួយចំនួនដូចជា កិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកិច្ចប្រជុំនោះ បានធ្វើការពិនិត្យឡើងវិញ នូវភាពជាដៃគូទូលំទូលាយរវាងអាស៊ាន-អង្គការសហប្រជាជាតិ ផែនការការងារស្តីពីការរក្សា និងលើកកំពស់តួនាទីស្នូលរបស់អាស៊ាន ហើយនិងសេចក្តីព្រាង សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងឱកាសខួបទី៧០ របស់អង្គការសហប្រជាជាតិ។
ក្នុងបទអន្តរាគមន៍ លោកឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងជាអាទិ៍ ផ្តល់យោបល់ឲ្យប្រគល់ភារកិច្ចជូនលេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានអង្គការសហប្រជាជាតិ រៀបចំសេចក្តីព្រាងផែនការការងារ៥ ឆ្នាំ (២០១៥ – ២០២០) ដោយផ្តល់អាទិភាពដល់ការកាត់បន្ថយភាពក្រីក្រ ការផ្លាស់ប្តូរអាកាសធាតុ និងការគ្រប់គ្រងគ្រោះ មហន្តរាយ ការប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការរត់ពន្ធមនុស្ស និងគ្រឿងញៀន។ល។ ដែលគាំទ្រដល់សហគមន៍អាស៊ានក្នុងសសរស្ដម្ភទាំងបី និងទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០១៥។
ដើម្បីដោះស្រាយការលំបាកផ្នែកហិរញ្ញវត្ថុ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការ សហប្រជាជាតិ លោកបានស្នើឲ្យលេខាធិការដ្ឋានអង្គការសហប្រជាជាតិពិនិត្យលទ្ធភាព ក្នុងការប្រើប្រាស់មូលនិធិចំនួន១ ប៊ីលលានដុល្លាសហរដ្ឋអាមេរិក ដែលប្រធានាធិបតីចិន បានសន្យានៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ផ្តល់ជូនសម្រាប់គាំទ្រកិច្ចសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ។
តាមលោក ជុំ សុន្ទរី បានអះអាងថា កិច្ចប្រជុំបានអនុម័តឯកសារពីរគឺ ១. សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងឱកាសខួបទី ៧០ របស់អង្គការ សហប្រជាជាតិ ក្នុងនោះបានលើកឡើងថា អាស៊ានគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ ក្នុងប្រព័ន្ធពហុភាគីសកល ហើយ និងការរួមចំណែករបស់អង្គការសហប្រជាជាតិ ក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ កិច្ចអភិវឌ្ឍន៍ និងសិទ្ធិមនុស្ស។ អាស៊ានស្វាគមន៍ការអនុម័តនាពេលថ្មីៗនេះ នូវរបៀបវារៈសំរាប់កិច្ចអភិវឌ្ឍន៍ប្រកបដោយ ចិរភាពឆ្នាំ២០៣០។ អាស៊ានសង្ឃឹមថា របៀបវារៈនេះ និងទស្សនវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០១៥ នឹងបំពេញឲ្យគ្នាទៅវិញទៅមកសំរាប់ការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជននៅអាស៊ីអាគ្នេយ៍។
អាស៊ានផ្តល់សារៈសំខាន់ដល់ការធ្វើការងារជិតស្និទ្ធ ជាមួយស្ថាប័ននានារបស់អង្គការសហប្រជាជាតិ។ អាស៊ាន អះអាងជាថ្មីនូវការគាំទ្រចំពោះបេក្ខភាពរបស់អាស៊ានពេលណាសមស្រប។
២. ការរក្សា និងការលើកកំពស់តួនាទីស្នូលរបស់អាស៊ាន ផែនការការងារដែលត្រូវបានកែសម្រួល ក្នុងនោះបានលើកឡើងថា ផែនការការងាររបស់អាស៊ាន ស្តីពីការរក្សា និងការលើកកំពស់តួនាទីស្នូលរបស់អាស៊ាន ដែលត្រូវបានអនុម័តដោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងឆ្នាំ ២០០៩ ត្រូវបាន ប្រើប្រាស់ជាមគ្គុទ្ទេសក៍យុទ្ធសាស្ត្រ ដើម្បីធានាតួនាទីស្នូលរបស់អាស៊ាន ក្នុងនិម្មាបនកម្ម អាស៊ាន។ ផែនការការងារដែលត្រូវបានកែសម្រួល រួមមានគោលការណ៍តម្រង់ទិសទូទៅ និងអនុសាសន៍សំដៅធានាតួនាទីស្នូលរបស់អាស៊ានក្នុងពេលបច្ចុប្បន្ន ឬក្នុងនិម្មាបនកម្មសន្តិសុខតំបន់ ណាមួយ ដែលអាចកើតមានឡើងជាយថាហេតុ។
ដោយឡែកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយអគ្គលេខាអង្គការសហប្រជាជាតិ និងប្រធានសម័យ ប្រជុំលើកទី ៧០ របស់មហាសន្និបាតអង្គការសហប្រជាជាតិកិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការរីកចម្រើនក្នុងការអនុវត្តន៍ “ភាពជាដៃគូទូលំទូលាយរវាងអាស៊ាន អង្គការសហប្រជាជាតិ ហើយនិងទិសដៅអនាគត” និងការត្រៀមរៀបចំសំរាប់កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី ៧ នៅទីក្រុងគួឡាឡាំពួរ ម៉ាឡេស៊ី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥។
ក្នុងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើង ជាអាទិ៍ ផ្តល់យោបល់ឲ្យប្រគល់ភារកិច្ចជូនលេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានអង្គការសហប្រជាជាតិ រៀបចំសេចក្តីព្រាងផែនការការងារ ៥ ឆ្នាំ (២០១៥ – ២០២០) ដោយផ្តល់ អាទិភាពដល់ការកាត់បន្ថយភាពក្រីក្រ ការផ្លាស់ប្តូរអាកាសធាតុ និងការគ្រប់គ្រងគ្រោះ មហន្តរាយ ការប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការរត់ពន្ធមនុស្ស និង គ្រឿងញៀន ។ល។ ដែលគាំទ្រដល់សហគមន៍អាស៊ានក្នុងសសរស្ដម្ភទាំងបី និងទស្សនវិស័យសហគមន៍អាស៊ាន ឆ្នាំ ២០១៥។
ចំពោះបញ្ហាចំណាកស្រុក បញ្ហានេះបានកើតមាន និងកំពុងបន្តកើតមាននៅក្នុងតំបន់អាស៊ី អាគ្នេយ៍។ បច្ចុប្បន្នកម្ពុជានៅតែជាជនរងគ្រោះនៃការកេងប្រវ័ញ្ចក្នុងបញ្ហានេះ។ ក្នុងបរិបទនេះ លោកបានស្នើឲ្យអាស៊ាន-អង្គការសហប្រជាជាតិ ស្វែងរកវិធី និងមធ្យោបាយថា គួរដោះស្រាយបញ្ហានេះបែបណា។
ពាក់ព័ន្ធនឹងការកើនឡើង និងការរីករាលដាលនៃសកម្មភាពឧក្រឹដ្ឋកម្ម បង្កដោយក្រុមជ្រុល និយមនៅក្នុងបណ្តាប្រទេសនៅ អាហ្វ្រិក មជ្ឈិមបូព៌ា និងអាស៊ី ដែលបង្កការគំរាម កំហែងដល់មនុស្សជាតិលោកស្នើប្រជាជាតិទាំងអស់ធានាពីការអនុវត្តន៍ដោយប្រសិទ្ធ ភាពនូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២១៧០ ២១៧៨ និង ២១៩៩។
កម្ពុជាវាយតំលៃខ្ពស់ចំពោះកិច្ចព្រមព្រៀងដែលបានសម្រេចក្នុងកិច្ចប្រជុំអាស៊ាន-អង្គការសហប្រជាជាតិ ស្តីពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុក្រោយឆ្នាំ ២០១៥ ធ្វើនៅទីក្រុង បាងកក នាខែ ឧសភា ២០១៥ ដែលនៅពេលនោះអង្គប្រជុំបានស្នើឲ្យលេខាធិការដ្ឋាន អាស៊ាន – អង្គការសហប្រជាជាតិ ព្រាងផែនការការងារអាស៊ាន – អង្គការសហប្រជាជាតិ ស្តីពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ (ឆ្នាំ ២០១៦-២០២០)។
អ្នកនាំពាក្យបញ្ជាក់ថា កិច្ចប្រជុំបានអនុម័តឯកសារចំនួនពីរគឺ ១. សេចក្តីជូនព័ត៌មានរួមរបស់កិច្ចប្រជុំ ក្នុងនោះបានគូសបញ្ជាក់ថា អាស៊ាន និងអង្គការសហប្រជាជាតិ អះអាងជាថ្មីម្តងទៀតពីភាពជាដៃគូរបស់ខ្លួន ដើម្បីធ្វើ ការឆ្ពោះទៅរកការសម្រេចបាននូវសហគមន៍អាស៊ាន និងរបៀបវារៈឆ្នាំ ២០៣០ សំរាប់ការ អភិវឌ្ឍន៍ប្រកបដោយចីរភាព។ ភាគីទាំងពីរ បានឯកភាពខិតខំប្រឹងប្រែងទ្វេដងដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ហើយនិងធ្វើការលើផែនការសកម្មភាព៥ ឆ្នាំ ដើម្បីអនុវត្តសេចក្តីប្រកាសរួមក្នុង សម័យកាលក្រោយឆ្នាំ២០១៥។ អង្គការសហប្រជាជាតិ បានអះអាងសាជាថ្មីចំពោះការគាំទ្រការកសាងសហគមន៍អាស៊ាន ក្រោយឆ្នាំ ២០១៥ និងតួនាទីស្នូលរបស់អាស៊ានក្នុងនិម្មាបនកម្មតំបន់។
កិច្ចប្រជុំក៏បាន ផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដូចជាការរក្សាសន្តិភាព និងការទប់ស្កាត់ ជម្លោះការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការទប់ស្កាត់អំពើហិង្សាជ្រុលនិយម ការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន រួមមាន ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្ស ចលនា ចំណាកស្រុករបស់ប្រជាពលរដ្ឋ ការកាត់បន្ថយគ្រោះមហន្តរាយ ការឆ្លើយតបនិងការស្តារ ឡើងវិញ បញ្ហាសន្តិសុខស្បៀង និងថាមពល បញ្ហាសុខមាលភាពពិភពលោក និងការ អភិវឌ្ឍន៍ប្រកបដោយចិរភាព។
៣. របាយការណ៍របស់លេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានអង្គការសហប្រជាជាតិស្តីពី “ភាពជាដៃគូទូលំទូលាយរវាងអាស៊ាន – អង្គការសហប្រជាជាតិ” ដែលក្នុងនោះបានលើកឡើងពី ការរីកចម្រើនក្នុងការអនុវត្តន៍ “ភាពជាដៃគូទូលំទូលាយរវាងអាស៊ាន-អង្គការសហប្រជាជាតិ” ពិសេសក្នុងកិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខ នយោបាយ សេដ្ឋកិច្ច សង្គមវប្ប ធម៌ និងរវាងលេខាធិការដ្ឋានទាំងពីរ។ ការប្រឈមដែលត្រូវដោះស្រាយ ដើម្បីកែលំអប្រសិទ្ធភាពនៃភាពជាដៃគូរវាងអាស៊ាន- អង្គការសហប្រជាជាតិ៕
0 Comments