ភ្នំពេញ ៖ នៅវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥នេះ លោកចៅក្រម រស់ ពិសិដ្ផ និងលោក សៀង សុខ ព្រះរាជអាជ្ញារងអមតុលាការបានបើកសវនាការករណីសុំនៅក្រៅឃុំរបស់លោក ហុង សុខហួរ។
លោក ហុង សុខហួរ បានថ្លែងក្នុងអង្គសវនាការនេះថា បញ្ហាសុខភាពរបស់លោកមិនអាចទ្រាំនឹងការនៅក្នុងឃុំទេ។ ដូច្នេះលោកសុំឲ្យតុលាការអនុញ្ញាតឲ្យលោកបាននៅក្រៅឃុំបណ្ដោះអាសន្ន ដោយលោកព្រមទទួលយកតាមលក្ខណៈរបស់តុលាការដូចជាដាក់លិខិតឆ្លងដែន ដាក់ប្រាក់តម្កល់ ឬក៏តម្រូវឲ្យមានសមាជិកព្រឹទ្ធសភាណាផ្សេងធានាជាដើម។
លោកមេធាវី ជួង ជូងី បានលើកឡើងថា កូនក្ដីរបស់លោកព្រមដាក់ប្រាក់តម្កល់ចំនួន២០លានរៀល បើតុលាការអនុញ្ញាតឲ្យលោក ហុង សុខហួរ នៅក្រៅឃុំ។ លោកមេធាវីបានទាមទារឲ្យតុលាការអនុវត្តតាមខ្លឹមសារមាត្រា២០៣ នៃក្រមព្រហ្មទណ្ឌ។
លោក ហុង សុខហួរ ត្រូវបានតុលាការចោទប្រកាន់ពីបទក្លែងឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋនាំចលាចលធ្ងន់ធ្ងរដល់សង្គមជាតិ។
លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធករណីក្លែងសន្ធិសញ្ញាព្រំដែន កម្ពុជា-វៀតណាម ត្រង់ប្រកា៤ ឆ្នាំ១៩៧៩ ហើយបង្ហោះព័ត៌មានទាំងនោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះ សម រង្សី ជាម្ចាស់គណនី។
នៅក្នុងសំណុំរឿងមុនអង្គសេចក្ដីនេះ តំណាងអយ្យការបានស្នើឲ្យតុលាការបន្តឃុំខ្លួនជនជាប់ចោទ ទុកឲ្យតុលាការជំនុំជម្រះតាមច្បាប់ ដោយសារសំណុំរឿងនេះបានបិទការស៊ើបសួរ និងបញ្ជូនទៅធ្វើការជំនុំជម្រះរួចហើយ។ នៅវេលាម៉ោង៩និង២៥នាទី ក្រុមប្រឹក្សាតុលាការបានថយទៅពិចារណាដើម្បីប្រកាសសាលក្រម។
ហើយនៅវេលាម៉ោង៩និង៤៥នាទី លោក រស់ ពិសិដ្ផ ចៅក្រមតុលាការបានប្រកាសសាលក្រមសម្រេចមិនឲ្យលោក ហុង សុខហួរ នៅក្រៅឃុំទេ។ សេចក្ដីសម្រេចនេះតុលាការបើកផ្លូវឲ្យជនជាប់ចោទប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើក្នុងករណីជនជាប់ចោទមិនសុខចិត្ត។ បន្ទាប់ពីប្រកាសសាលក្រមមុនអង្គសេចក្ដីរួចមក ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការ បានប្រកាសបើកសវនាការក្នុងសំណុំរឿងអង្គសេចក្ដីបន្ត។
តុលាការបានផ្ដើមចោទប្រកាន់លោក ហុង សុខហួរ ពីបទក្លែងបន្លំឯកសារសាធារណៈ ,បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋនាំឲ្យមានចលាចលធ្ងន់ធ្ងរដល់សង្គមជាតិ តាមមាត្រា៦២៩ មាត្រា៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
លោកចៅក្រម រស់ ពិសិដ្ផ បានលើកឡើងថា ការចោទប្រកាន់នេះយោងទៅលើការបង្ហោះសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ត្រង់ប្រកា៤ក្លែងក្លាយស្ដីអំពីការរំលាយខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ ដែលលោក ហុង សុខហួរ បានប្រើគណនីហ្វេសប៊ុកឈ្មោះលោក សម រង្សី បង្ហោះកាលពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០១៥ថ្មីៗនេះ។
ប្រឈមការចោទប្រកាន់នេះ លោក ហុង សុខហួរ បានថ្លែងថា លោកពិតជាបានបង្ហោះព័ត៌មាន និងឯកសារទាំងនោះពិតប្រាកដមែន ដោយសារលោកយល់ថាលោកចង់ចែករំលែកព័ត៌មានឲ្យកូនខ្មែរបានដឹងពីបញ្ហាព្រំដែន។
លោក ហុង សុខហួរ បាននិយាយទៀតថា វាជាគំនិត និងសកម្មភាពរបស់លោកតែម្នាក់គត់ដែលលើកយកបញ្ហានោះមកចែករំលែកឲ្យយុវជន និងកូនខ្មែរបានដឹង ដោយមានអ្នកបច្ចេកទេសជំនាញផេក២នាក់បានជួយលោកក្នុងបញ្ហានោះ។
ចំពោះប្រភពឯកសារ លោក ហុង សុខហួរ បានថ្លែងថា លោកបានស្រាវជ្រាវរកឃើញសន្ធិសញ្ញានោះនៅក្នុងប្រព័ន្ធអ៊ីនធឺណិត តាំងពីឆ្នាំ២០០៦ ,២០០៧មកម្ល៉េះ លុះដល់ឆ្នាំ២០១៥ លោកបានសង្កេតឃើញយុវជនខ្មែរផុលផុសពីបញ្ហាព្រំដែន ទើបលោកបានធ្វើវីដេអូឃ្លីបនេះឡើង ប៉ុន្តែលោកក៏មានការសង្ស័យដែរថា ឯកសារនោះអាចក្លែងក្លាយច្រើន ប៉ុន្តែលោករកឯកសារដើមមិនបាន។
ក្នុងសវនាការនេះ តុលាការបានចាក់វីដេអូរឃ្លីបរយៈពេល១១នាទីរបស់លោក ហុង សុខហួរដែលបរិយាយ និងការបង្ហាញផែនទីនៅស្នាក់ការគណបក្សសង្គ្រោះជាតិផងដែរ។ រហូតមកដល់ម៉ោង១១និង២០នាទី លោកចៅក្រមតុលាការបានប្រកាសសម្រេចផ្អាកសវនាការជាបណ្ដោះអាសន្ន ហើយនឹងបន្តនៅវេលាម៉ោង១៤រសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ៕
សំណុំរឿងមុនអង្គសេចក្ដី តុលាការមិនឲ្យលោក ហុង សុខហួរ នៅក្រៅឃុំ
0 Comments