ពួកវេជ្ជបណ្ឌិតបាននិយាយកាលពីថ្ងៃពុធថា ប្រទេសអង់គ្លេស នឹងប៉ុនប៉ងធ្វើការវះកាត់ផ្សាំស្បូនជាលើកដំបូង បន្ទាប់ពីការសាកល្បងវេជ្ជសាស្ដ្រមួយជំរុញឲ្យស្ដ្រី១០នាក់ ធ្វើការឆ្លងកាត់ការវះកាត់ត្រូវបានយល់ព្រមរួចមក។
គ្រូពេទ្យវះកាត់សង្ឃឹមថា នឹងចម្លងឡើងវិញនូវជោគជ័យនៃការវះកាត់ផ្សាំស្បូនប្រកបដោយប្រសិទ្ធភាពជាលើកដំបូងមិនធ្លាប់មាននៅលើពិភពលោក អនុវត្ដទៅលើស្ដ្រីម្នាក់ អាយុ៣៦ឆ្នាំ នៅប្រទេសស៊ុយអែត ដែលបានផ្ដល់កំណើតដល់ទារកម្នាក់ កាលពីឆ្នាំកន្លងមក។
ស្ដ្រីជាង១០០នាក់ បានយល់ព្រមទទួលការវះកាត់ផ្សាំស្បូននេះនៅមុនការសាកល្បងចាប់ផ្ដើមនៅឆមាសទី១នៃឆ្នាំខាងមុខ បន្ទាប់ពីការយល់ព្រមខាងសីលធម៌ត្រូវបានអនុញ្ញាតដោយ Imperial College London នោះមក។ ការវះកាត់នេះ ក៏ត្រូវបានប៉ុនប៉ងពីមុនមកដែរ នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសទួរគី ប៉ុន្ដែនៅក្នុងករណីទាំងពីរនេះ មិនបាននាំទៅដល់ការផ្ដល់កំណើតនោះទេ។
លោក Richard Smith អ្នកពិគ្រោះយោបល់នៃជំងឺស្ដ្រីនៅមន្ទីរពេទ្យ Queen Charlotte និង Chelsea នៅទីក្រុងឡុងដ៍ នឹងដឹកនាំគ្រូពេទ្យវះកាត់មួយក្រុមធ្វើការសាកល្បង បន្ទាប់ពីការស្រាវជ្រាវអស់រយៈពេល១៩ឆ្នាំនោះមក។ លោក Smith បាននិយាយប្រាប់វិទ្យុ BBC ថា ស្ដ្រីជាច្រើននាក់មានបំណងមួយតាំងពីកំណើតដើម្បីពទារករបស់ពួកគេផ្ទាល់ ហើយការវះកាត់នេះគឺមានសក្ដានុពល និងសមត្ថភាពដើម្បីបំពេញបំណងពីកំណើតនេះ។
មានស្ដ្រីម្នាក់នៅក្នុងចំណោមស្ដ្រី៥,០០០នាក់ បានកើតមកដោយពុំមានស្បូន ចំណែកស្ដ្រីផ្សេងៗទៀតបានបាត់បង់សរីរាង្គនេះ ដែលជាលទ្ធផលនៃជំងឺមហារីក។ លោក Smith បាននិយាយថា វាធ្វើឲ្យកើតទុក្ខយ៉ាងខ្លាំងដើម្បីឆ្លើយតបចំពោះស្ដ្រីដែលបានប៉ះពាល់ទាំងនោះ។
ស្ដ្រី១០នាក់នឹងត្រូវបានជ្រើសរើសសម្រាប់កម្មវត្ថុនៃការសាកល្បងចំពោះលក្ខខណ្ឌមួយចំនួនដែលត្រូវឆ្លើយតប។ ពួកគេត្រូវមានអាយុ៣៨ឆ្នាំ ឬក៏ក្រោមនេះ និងមានដៃគូជាយូរមកហើយ និងមានទម្ងន់ដែលមានសុខភាព។ យ៉ាងណាក៏ដោយ ក៏គ្រូពេទ្យវះកាត់នៅពេលបច្ចុប្បន្ននេះ មានមូលនិធិសម្រាប់តែស្ដ្រីម្នាក់ ឬក៏អាច២នាក់ប៉ុណ្ណោះ។ លោក Smith បាននិយាយដូច្នេះ និងបានបន្ថែមថា ពួកគេអស់សង្ឃឹមសម្រាប់ការផ្ដល់មូលនិធិថែមទៀតដើម្បីបំពេញការសាកល្បងដែលមានតម្លៃ៥០០,០០០ផោន (៧៥៩,០០០ដុល្លារ)នោះ៕
គ្រូពេទ្យអង់គ្លេស ប៉ុនប៉ងធ្វើការវះកាត់ផ្សាំស្បូន ជាលើកដំបូង
0 Comments