វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីនបានធ្វើកិច្ចចរចាតាមទូរស័ព្ទកាលពីថ្ងៃចន្ទជាមួយស្ដេចSalman របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដោយផ្តោតលើការស្វែងរកដំណោះស្រាយចំពោះវិបត្តិនៅប្រទេសស៊ីរី។
វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហៅទូរស័ព្ទនេះគឺជាការផ្តួចផ្តើមរបស់អារ៉ាប៊ីសាអ៊ូឌីត។
សេចក្តីថ្លែងការណ៍ដដែលបានបន្តថា អ្នកទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីសំណួរទាំងអស់ ដែលទាក់ទងជាមួយនឹងការដោះស្រាយវិបត្តិក្នុងប្រទេសស៊ីរី ដោយរួមទាំងកិច្ចចរចាបួនច្រករវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងសមភាគីរបស់លោកគឺសហរដ្ឋអាមេរិក ទួរគី និងអារ៉ាប៊ីសាអ៊ូឌីតផងដែរ។
រដ្ឋមន្ត្រីការបរទេសទាំងបួនរូបបានជួបប្រជុំគ្នានៅទីក្រុងVienna កាលពីថ្ងៃសុក្រ ប៉ុន្តែបានបរាជ័យក្នុងការបំបែកភាពទាល់ច្រកធំៗណាមួយអំពីរបៀបដើម្បីបញ្ចប់ជម្លោះស៊ីរីដោយមានភាគីខ្លះបានជំទាស់លើអនាគតរបស់លោកអាសាដ។
ក្រុង Washington និងក្រុង Riyadh គឺជាផ្នែកមួយនៃក្រុមចម្រុះដឹកនាំដោយអាមេរិកដែលកាលពីឆ្នាំមុនបានចាប់ផ្ដើមយុទ្ធនាការអាកាសមួយផ្ដោតសំខាន់ទៅលើក្រុមជីហាដនិយមរដ្ឋឥស្លាមដែលកំពុងគ្រប់គ្រងទឹកដីនៅប្រទេសស៊ីរី និងប្រទេសជិតខាងគឺអ៊ីរ៉ាក់។
ប្រទេសរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការអាកាសរបស់ខ្លួនដោយផ្ទាល់កាលពីថ្ងៃទី៣០ ខែកញ្ញាដើម្បីជាការឆ្លើយតបទៅនឹងសំណើពីរដ្ឋាភិបាលក្រុងដាម៉ាស។
ជាមួយគ្នានោះ លោកពូទីននិងស្តេចអារ៉ាប៊ីសាអ៊ូឌីតក៏ពិភាក្សាគ្នាផងដែរអំពីជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
វិមានក្រឹមឡាំងបាននិយាយថា: “ភាគីទាំងពីរបានបង្ហាញពីក្តីព្រួយបារម្ភរបស់ពួកគេចំពោះការកើនឡើងនៃភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងស្ថានភាពនេះ”៕
AFP
លោកពូទីន និងស្ដេចអារ៉ាប៊ីសាអ៊ូឌីតស្វែងរកដំណោះស្រាយចំពោះវិបត្តិស៊ីរី
0 Comments