សៀមរាប ៖ លោក ព្រហ្ម ដូលីន ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប រួមជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត កាលពីថ្ងៃទី២៦ ខែតុលា បានចុះទៅត្រួតពិនិត្យទំនិញចំណីអាហារវេចខ្ចប់រួចទំនិញជាភេសជ្ជៈ-ចំណីអាហារជាគ្រឿងកំប៉ុងនៅតាមបណ្ដាហាងលក់ចាប់ហួយ និងចំណីអាហារដូចជា ស្ពៃជ្រក់ និងសរសៃគុយទាវ ក្នុងផ្សារក្រោម ខេត្តសៀមរាប ក្នុងគោលដៅទប់ស្កាត់ការចរាចរលក់ដូរទំនិញចំណីអាហារដែលខូចគុណភាព និងហួសកាលបរិច្ឆេទនៃការប្រើប្រាស់។
លោក ព្រហ្ម ដូលីន បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៥នេះ យើងកត់សម្គាល់ឃើញថាមានការប្រែប្រួលជាវិជ្ជមានលើការទទួលខុសត្រូវខ្ពស់របស់អ្នកលក់ទំនិញចំណីអាហារវេចខ្ចប់រួច ឬចំណីអាហារជាគ្រឿងកំប៉ុងផ្សេងៗ នៅតាមបណ្ដាហាងលក់ចាប់ហួយ នៅតាមផ្សារនៅតំបន់ជនបទ ឬតាមបណ្ដាផ្សារទំនើបនានាក្នុងខេត្តសៀមរាប។
លោកបានបញ្ជាក់ថា ការចុះត្រួតពិនិត្យការលក់ទំនិញចំណីអាហារវេចខ្ចប់ និងគ្រឿងកំប៉ុងជាពិសេសចំណីអាហារដូចជាស្ពៃជ្រក់ និងសរសៃគុយទាវនៅក្នុងផ្សារក្រោមពេលនេះ ពុំមានការរកឃើញ និងដកហូតទំនិញចំណីអាហារខូចគុណភាព និងហួសកាលកំណត់ប្រើប្រាស់ទៀតឡើយ។ ក៏ប៉ុន្តែលោកប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប នៅមានការព្រួយបារម្ភថា នៅតាមបណ្ដាផ្ទះលក់ចាប់ហួយនានានៅតំបន់ដាច់ស្រយាលដែលពុំមានស្តង់ដារក្នុងការថែរក្សាគុណភាពទំនិញនោះ នឹងធ្វើឲ្យទំនិញដែលមិនទាន់ហួសកាលបរិច្ឆេទនៃការប្រើប្រាស់ប្រឈមជាមួយនឹងការខូចគុណភាពបាន។ ហើយបញ្ហានេះមន្ត្រីជំនាញរបស់លោក នឹងចុះត្រួតពិនិត្យជាបន្តបន្ទាប់។
ជាមួយគ្នានេះ លោក ព្រហ្ម ដូលីន ក៏បានអំពាវនាវឲ្យម្ចាស់សហគ្រាសទាំងអស់មានការត្រួតពិនិត្យជាប្រចាំ បើឃើញទំនិញរបស់ខ្លួនហួសកាលកំណត់ប្រើប្រាស់ត្រូវយកចេញ និងកុំដាក់តាំងលក់បន្តទៀត ព្រោះសៀមរាបជាតំបន់ទេសចរណ៍ដ៏ធំរបស់កម្ពុជា ប្រសិនមានបញ្ហាអ្វីមួយពាក់ព័ន្ធនឹងចំណីអាហារ នឹងធ្វើឲ្យប៉ះពាល់ដល់លំហូរចូលរបស់អ្នកទេសចរមកកាន់កម្ពុជា៕
មន្ត្រីសាខាកាំកុងត្រូលចុះត្រួតពិនិត្យទំនិញ និងចំណីអាហារ នៅខេត្តសៀមរាប
0 Comments