Ad Code

ថ្នាក់ដឹកនាំ​ក្រុម​តំណាងរាស្ត្រ​សំឡេង​ភាគតិច​ភាគច្រើន​មិនអាច​បញ្ចប់​ការ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៥ នេះ សម្ដេច​ក្រឡាហោម សខេង ប្រធាន​ក្រុម​តំណាងរាស្ត្រ​សម្លេង​ភាគច្រើន និង​លោក​សម រង្ស៊ី​ប្រធាន​ក្រុម​តំណាងរាស្ត្រ​សម្លេង​មតិ​ភាគតិច​នៅក្នុង​រដ្ឋសភា​បាន​បន្ត​ជួប​ពិភាក្សា​គ្នា​ទៀត​ទាក់ទង​ និង​ការ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ហើយ​ច្បាប់បោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់​ដែល​នៅ​សេសសល់​មិនទាន់​ឯកភាព​គ្នា​នោះ មិនបាន​លើកយក​មក​ពិភាក្សា​ទេ ដោយ​លើក​យកទៅ​សំរេច​នៅ​សប្តាហ៍​ក្រោយ​ទាំងអស់។


ជំនួប​នេះ​បាន​ចាប់ផ្តើម​កាលពី​វេលា​ម៉ោង​៥ ល្ងាច​នៅ​វិមាន​រដ្ឋសភា ហើយ​ក្រុមការងារ​ខាង​គណ​បក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេង អម​ដោយ​លោក សក់ សេដ្ឋា លោក ប៉ែន បញ្ញា លោក ហ៊ី សោភា លោក កើត រិ​ទ្ធ លោក អាយ ខន លោកស្រី គ្រួច សំអាន។ ចំណែក​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សម រង្ស៊ី អមដោយ លោក​កឹម សុខា លោក យឹម សុវណ្ណ លោក អ៊ូ ច័ន្ទ​ឫទ្ធិ​លោក​យ៉ែម​បុញ្ញឫទ្ធិ លោក សុខ​ឆ័យ និង​លោក អេង ឆៃអ៊ាង។


លោក អេង ឆៃអ៊ាង តំណាង​ខាង​ក្រុម​តំណាងរាស្ត្រ​មតិ​ភាគតិច​នៅក្នុង​រដ្ឋសភា​បាន​ថ្លែង​នៅក្នុង​សន្និ​សីទ​រួមគ្នា​ថា នៅក្នុង​ជំនួប​ចាប់ពី​ម៉ោង​៥ ល្ងាច​នោះ បាន​ផ្តោត​សំខាន់​ទៅលើ​ការ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា ហើយ​ជា​លទ្ធផល​គណបក្ស​ទាំងពីរ​បាន​ស្តាប់​នូវ​របាយការណ៍​ដែល​គណៈ​កម្មការ​ចំពោះ​កិច្ច​របស់​រដ្ឋសភា​ក្នុង​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​លោក​បណ្ឌិត ប៉ែន បញ្ញា និង​រូបលោក (​អេង ឆៃអ៊ាង​) បាន​ឯកភាពគ្នា​ស្ទើរតែ​ទាំងស្រុង ហើយ​នៅសល់​ចំណុច​បន្តិចបន្តួច ដែល​ថ្នាក់ដឹកនាំ​បាន​ប្រគល់​ឲ្យ​គណៈកម្មការ​ចំពោះ​កិច្ច​យក​ទៅ​កែសម្រួល និង​យក​ទៅ​ពិនិត្យ​ឡើងវិញ នៅ​សប្ដាហ៍​ក្រោយ ហើយ​លើក​យក​មក​ឲ្យ​ថ្នាក់​ដឹកនាំ​ពិនិត្យ​សំរេច​ចុងក្រោយ។


ចំណែក​លោក​បណ្ឌិត ប៉ែន បញ្ញា បាន​ថ្លែង​ថា តាម​ពិតទៅ​យើង​បាន​ខិតខំ និង​បាន​ប្រជុំ​លើ​ការងារ​នេះ ជាច្រើនលើក​ច្រើនសា និង​បាន​ស្រុះស្រួល​គ្នា​កែសម្រួល​១៤ ប្រកា​រលើ​៨៣ ប្រកា​រលើ​បទ​បញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា ហើយ​នៅ​សល់​តែ​ចំណុច​បន្តិចបន្តួច ដែល​ត្រូវ​ពិភាក្សា​គ្នា​ឡើងវិញ មុន​ដាក់​ជូន​ថ្នាក់ដឹកនាំ​ក្រុម​តំណាងរាស្ត្រ​ពិនិត្យ​សំរេច​ជា​ចុងក្រោយ ដើម្បី​ដាក់​ចូល​កិច្ច​ប្រជុំ​ពេញអង្គ​រដ្ឋសភា​ដើម្បី​អនុម័ត​។


លោក អេង ឆៃអ៊ាង បាន​បញ្ជាក់​ថា “​ចំណុច​ដែល​នៅ​សេសសល់​ហ្នឹង មិនមែន​ថា មិន​ឯកភាព​គ្នា​នោះ​ទេ គ្រាន់តែ​ថា យើង​ត្រូវ​រៀបចំ​សម្រួល​ពាក្យ​ពេជ្រ ហើយ​ចំណុច​ខ្លះ​យើង​ត្រូវ​បន្ថែម ឬ​មិន​ត្រូវ​បន្ថែម​តែ​ប៉ុណ្ណឹង​ទេ ហើយ​លទ្ធផល​រួម​យ៉ាងណា​នោះ ចាំ​ប្រជុំ​លើក​ក្រោយ យើង​នឹង​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​សប្ដាហ៍​ក្រោយ ហើយ​ការពិនិត្យ​នេះ​ក្នុង​ការ​ធ្វើ​យ៉ាងណា​ពង្រឹង​កិច្ចការ​នៅក្នុង​រដ្ឋសភា ដូច្នេះ​មាន​ចំណុច​ជាច្រើន​ដែល​បាន​ជជែក​គ្នា​ច្រើន​តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៥ មក​”​។ ដោយឡែក​សេចក្តីព្រាង​ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែល​នៅសល់​ចំនួន​៥ ចំណុច​នោះ មិន​មិនបាន​លើក​យក​មក​ពិភាក្សា​នៅ​ពេលនេះ​ទេ ហើយនឹង​លើក​មក​ពិភាក្សា​នៅ​សប្ដាហ៍​ក្រោយ​ជាមួយគ្នា​។


តាម​លោក អេង ឆៃអ៊ាង បាន​បញ្ជាក់​ដែរថា ការធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​នេះ មិន​មែន​ថា កែ​ពេល​នេះ​ហើយ​ចប់​នោះ​ទេ គឺ​អាច​ធ្វើ​ឡើងជា​រៀងរាល់​ចាំបាច់ រៀងរាល់​អាណត្តិ ហើយ​ការធ្វើ​វិសោធនកម្ម​នេះ​មាន​ច​ច្រើន​លើក​រួច​មក​ហើយ។ ដោយឡែក​លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ជំនួប​ពិភាក្សា​រវាង​ប្រធាន​ក្រុមតំណាងរាស្ត្រ​សម្លេង​ភាគច្រើន និង​ក្រុម​តំណាងរាស្ត្រ​សម្លេង​មតិ​ភាគតិច​នៅក្នុង​រដ្ឋសភា​នេះ បាន​បញ្ជាក់​ថា វប្បធម៌​សន្ទនា​នៅតែ​រួមគ្នា​អនុវត្តន៍​៕


Nita-2-A-9-FullNita-2-A-10-FullNita-2-A-11-FullNita-2-A-12-FullNita-2-A-13-Full


 




ថ្នាក់ដឹកនាំ​ក្រុម​តំណាងរាស្ត្រ​សំឡេង​ភាគតិច​ភាគច្រើន​មិនអាច​បញ្ចប់​ការ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​

Post a Comment

0 Comments

Close Menu