Ad Code

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ប្រកាស​រក​គ្រួសារ​សាច់ញាតិ​អដ្ឋិធាតុ​កោដ្ឋ​ចំនួន ៤៦៤​នៅ​វត្ត​លង្កា

ភ្នំពេញ ៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​វត្ត​លង្កា បាន​ប្រកាស​សួររក​ក្រុម​គ្រួសារ​ដែល​ស្វែងរក​អដ្ឋិធាតុ​សាច់ញាតិ​កោដ្ឋ​ចំនួន​៤៦៤​ដែល​បាន​យក​មក​ដាក់​នៅក្នុង​វត្ត​លង្កា​ដែល​មាន​អាយុកាល​ចាប់ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០​ដល់ ទសវត្សរ៍​ឆ្នាំ​១៩៩០។


មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​មាន​បញ្ជី​ឈ្មោះ និង​សៀវភៅ​កាតាឡុក ដើម្បី​ជួយ​សម្រួល​ក្នុង​ស្វែងរក​អដ្ឋិធាតុ​ទាំងនេះ​។


ទន្ទឹម​នឹង​ប្រកាស​ស្វែងរក​អ្នក​ស្លាប់​ទាំងនោះ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​វត្ត​លង្កា​នឹង​រៀបចំ​ពិធី​បង្សុកូល​នៅ​វត្ត​លង្កា​ដល់​អដ្ឋិធាតុ​ចំនួន​៤៦៤​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ ក្រោម​បល្ល័ង្ក​ព្រះ កាល​ខែកុម្ភៈ ឆ្នាំ​២០១៥ កន្លង នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ៣ រសៀល ទៅ​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ក្នុង​ឱកាស​រដូវ​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ជូន ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​លាចាក​ឋាន​ទៅកាន់ លោក​ខាងមុខ​។ ពិធី​បង្សុកូល​នេះ​នឹង​មាន ការចូលរួម​ពី​សំណាក់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស។


ពាក់ព័ន្ធ​នឹង​កោដ្ឋ​ចំនួន​៤៦៤​ប្រហែលជា​អ្នក​ស្លាប់​ស្ថិត​នៅ​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​ព្រោះថា​នា​ថ្ងៃ​បញ្ចប់​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ ប្រទេស​កម្ពុជា​ជួប​នូវ​ស្ថាន​ភាព​វឹកវរ​និង​ច្របូកច្របល់ យ៉ាង​ខ្លាំង​។ ផ្ទៃដី​មួយ​ភាគ​ធំ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ខ្មែរក្រហម និង​មាន​ការ​បាញ់​ផ្លោង​មក​លើ​ក្រុងភ្នំពេញ ព្រមទាំង​ការ​ទម្លាក់ គ្រាប់បែក​នៅ​តាម​បណ្តា​ខេត្ត​នានា​។ គ្មាន​នរណា​ដឹង​អំពី​ជោគវាសនា​ថា​នឹង​មាន​អ្វី​កើតឡើង​នា​ពេល​ក្រោយ​មក​ទៀត​នោះ​ទេ ហើយក៏​គ្មាន​ទីកន្លែង​ណា​ដែល​មាន​សុវត្ថិភាព​ជាង​វត្ត​អារាម​នោះ​ដែរ។


កោដ្ឋ​ទាំងនេះ​ត្រូវ​បាន​ប្រទះឃើញ​នៅ​ក្រោម​បល្ល័ង្ក​ព្រះ នៅ​វត្ត​លង្កា ដែល​ជាទី​វត្ត​អារាម​ធំ​ទី​ពីរ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ ប្រការ​នេះ​ធ្វើ​ឲ្យ​យើង​ជឿ​ថា អ្នក​រស់​នៅ​ទីក្រុង​ភ្នំពេញ​បាន​ជ្រើសរើស​វត្ត​អារាម​ដែល​ជា​ទីកន្លែង​មាន​សុវត្ថិភាព​ដើម្បី​រក្សា​អដ្ឋិធាតុ​របស់​ឪពុក​ម្តាយ និង​ជីដូន​ជីតា​របស់ខ្លួន។


៤០​ឆ្នាំកន្លង​មក មាន​អ្នក​មក​វត្ត​លង្កា​តិចតួច​ប៉ុណ្ណោះ ដើម្បី​ស្វែងរក​អដ្ឋិធាតុ​របស់​ក្រុម​គ្រួសារ​ខ្លួន​។ ក្រុម​គ្រួសារ​មួយ​ចំនួន​ធំ​បាន​ស្លាប់​ទៅ មុន​ពេល​ដែល​អាច​ប្រាប់​ព័ត៌មាន​អំពី​ទីតាំង​នៃ​កន្លែង​តម្កល់​អដ្ឋិធាតុ​ទៅកាន់​សាច់ញាតិ​ដទៃ​របស់​ខ្លួន​ឲ្យ​បានដឹង​។​ស្លាក​ព័ត៌មាន​ប្រវត្តិរូប​សម្គាល់​អដ្ឋិធាតុ​ជាច្រើន​ត្រូវ​រក​ឃើញ​ស្ថិត​ក្នុង​សភាព​ពុក​ផុយ។


បើ​តាម​លោក​កេង ម៉េង​ឡុង អតីត​ព្រះសង្ឃ បច្ចុប្បន្ន​មាន​មុខរបរ​ជា​អ្នក​បើក​តាក់ស៊ី បាន​មក​ស្នាក់នៅ​វត្ត​លង្កា​ដើម្បី​រៀនសូត្រ​នៅ ឆ្នាំ​១៩៩១​។ ម៉េង​ឡុង​បាន​និយាយ​ថា “ពេល​ខ្ញុំ​នៅ​ជា​លោក​នេន គ្រូ​របស់ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​ជួយ​រក​អ​ដិ្ឋ​ធាតុ​កោដ្ឋ​នៅ​ក្រោម​បល្ល័ង្ក ព្រះ​ក្នុង​ព្រះវិហារ​។ ខ្ញុំ​បាន​អុជ​ទៀន​ឆ្លុះ​មើល​រក​ឈ្មោះ​ដែល​ដាក់​ជាប់​នឹង​កោដ្ឋ​ទាំងនោះ ប៉ុ​នែ្ត​មាន​កោដ្ឋ​ខ្លះ​ពុំ​មាន​ឈ្មោះ​ឬ​ខែ​ឆ្នាំ មរណភាព​បិទ​ភ្ជាប់​ទេ​។ អ្នក​ដែល​បាន​រក​ឃើញ​ឈ្មោះ​សមាជិក​ក្រុម​គ្រួសារ សាច់ញាតិ​របស់​ខ្លួន​បាន​យំ​យ៉ាង​ខ្លាំង ហើយ​បាន​នឹក ឃើញ​អនុស្សាវរីយ៍​កន្លងមក​។ ប៉ុន្តែ គួរ​ឲ្យ​ស្តាយ ដែល​សមាជិក​ក្រុមគ្រួសារ​ខ្លះ​ពុំ​អា​ចរក​សាច់ញាតិ​របស់​ខ្លួន​ឃើញ ដោយសារ តែ​គ្មាន​ព័ត៌មាន​ច្បាស់លាស់ និង​ពុំ​អាច​ធ្វើ​ការ​ប៉ាន់ស្មាន​អដ្ឋិធាតុ​មួយ​ណា ដែល​ជា​របស់​សមាជិក​គ្រួសារ​ខ្លួន​បាន​»។


អ​ដិ្ឋ​ធាតុ​មួយ​ភាគ​ធំ ពុំ​ធ្លាប់​មាន​ការ​ប៉ះពាល់​ទាល់តែសោះ រហូតដល់​ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ពេល​ដែល​លោក   ឆាំង យុ បាន​ប្រទះឃើញ​ក្នុង​អំឡុង​ពេល​ដែល​បង​ស្រី​របស់​លោក​ទទួលមរណភាព​និង​ធ្វើបុណ្យ​នៅ​វត្ត​លង្កា។


អ​ដិ្ឋ​ធាតុ កោដ្ឋ​ចំនួន ៤៦៤ ធ្វើឡើង​ពី​ថ្មកែវ ដី​ដុត ប្រាក់ និង​សំរឹទ្ធិ ដែល​ក្នុង​នោះ​មាន​មួយចំនួន​បាន​ដាក់​ក្នុង​ចាន​កែវ​ភ្ជាប់​ជាមួយនឹង​រូបថត​អ្នក​ស្លាប់ ហើយ​អដ្ឋិធាតុ​មួយ​ចំនួន​ទៀត ត្រូវ​ខ្ចប់​ដោយ​ក្រណាត់​ពណ៌​ស​។ អដ្ឋិធាតុ​មួយចំនួន​តូច​ដាក់​ស្លាក សម្គាល់​ឈ្មោះ​និង​ខែ​ឆ្នាំ​មរណភាព​របស់​អ្នក​ស្លាប់ និង​អដ្ឋិធាតុ​ផ្សេងទៀត​ផ្ទុក​កំណត់សម្គាល់​ជា​ព័ត៌មាន​នៅ​ខាងក្នុង​។ ក្នុង​ចំណោម​អដ្ឋិធាតុ​ទាំងអស់ មាន​អដ្ឋិធាតុ​មួយ​ជា​របស់​ក្មេងស្រី​ដែល​មាន​អាយុ​មួយ​ខួប។


បច្ចុប្បន្ន​ទោះបីជា​អដ្ឋិធាតុ​ដែល​បាន​បូជា​ប្រមាណ​៤០​ឆ្នាំ​ប្លាយ​ត្រូវ​បាន​កប់​ទុក​មួយ​កន្លែង​ក៏​ពិត​មែន​ប៉ុនែ្ត​អដ្ឋិធាតុ​ទាំងនោះ​ក៏​នឹង​អាច​មាន​ឱកាស​បាន​ជួប​សាច់ញាតិ​ជាទី​ស្រលាញ់​នៅពេល​ណាមួយ​មិន​ខាន។


ថវិកា​សម្រាប់​គម្រោង​នេះ​ត្រូវ​បាន​ផ្តល់ជូន​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍ​ន៍​អន្តរជាតិ​សហរដ្ឋអាមេរិក​(USAID) ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ និង​កង​នាវា​របស់​សហរដ្ឋអាមេរិក (Seabees of NMCB FIVE)​។ គម្រោង​នេះ​ត្រូវ​បាន គាំទ្រ​ដោយ​ផែ្នក​សិក្សា​អំពី​ប្រវត្តិ​សិល្បៈ​និង​បុរាណវិទ្យា​នៃ​សាលា​សិក្សា​អំពី​អាស៊ី​និង​អាហ្វ្រិក​នៃ​សាកលវិទ្យាល័យ​ឡុ​ន​ដុន ចក្រភព អង់គ្លេស ផ្នែក​សិក្សា​ពី​ភូមិសាស្ត្រ​នៃ​សកល​វិទ្យាល័យ​ខេន​ស្តេត សហរដ្ឋអាមេរិក មជ្ឈមណ្ឌល​សិក្សា​ពី​សិទ្ធិមនុស្ស ជម្លោះ និង​អំពើ​ប្រល័យ​ពូជ​សាសនា នៃ​សកល​វិទ្យាល័យ​រ៉ាត់​គើ​ស សហរដ្ឋអាមេរិក និង​ក្រុម​គ្រួសារ​លោកយាយ កែវ ណាន រាជធានី​ភ្នំពេញ៕



មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ប្រកាស​រក​គ្រួសារ​សាច់ញាតិ​អដ្ឋិធាតុ​កោដ្ឋ​ចំនួន ៤៦៤​នៅ​វត្ត​លង្កា

Post a Comment

0 Comments

Close Menu