Ad Code

ប្រាក់​យ័ន​របស់​ចិន​បាន​ចូលរួម​ជាមួយ​នឹង​រូបិយប័ណ្ណ​សកល​កំពូល​ៗ​ទាំង​៤

យោងតាម​អង្គការ​សេវាកម្ម​កិច្ចការជំនួញ​អន្តរការណ៍​សកល​ហៅ​កាត់​ថា SWIFT បានឲ្យដឹងថា ប្រាក់​យ័នរ​បស់​ចិន បាន​ប្រែក្លាយ​ជា​រូបិយប័ណ្ណ ដែល​ត្រូវបាន​គេ​និយម​ប្រើប្រាស់​លំដាប់ថ្នាក់​ទី​៤ សម្រាប់​ការ​ទូរទាត់​ឆ្លង​ព្រំដែន​នៅក្នុង​ខែសីហា។ នេះ​ជា​លើក​ទី ១​ហើយ ដែល​ប្រាក់​យ័ន​របស់​ចិន​ឈរ​នៅ​ជួរមុខ​នៃ​ប្រាក់​យ៉េន​របស់​ជប៉ុន​នៅ​ក្នុង​ទូរ​ទាត់​ឆ្លងដែន។


យោងតាម​របាយការណ៍​មួយ​ដោយ​អង្គការ SWIFT បានឲ្យដឹងថា នៅ​សប្ដាហ៍​ចុងក្រោយ នៃ​ខែ​សីហា​កន្លង​ទៅ​នេះ មានការ​កើនឡើង​ចំពោះ​ការប្រើប្រាស់​រូបិយប័ណ្ណ​ចិន​យ៉ាង​សន្ធឹកសន្ធាប់​គួរឲ្យកត់សម្គាល់ ព្រមទាំង​នាំឲ្យ​ចាប់ផ្តើម​មានការ​រីកចម្រើន និង​មានការ​ប្រែប្រួល​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​។ របាយការណ៍​ដដែល​បាន​បន្ថែម​ថា មូលហេតុ​នេះ​គឺ​បណ្ដាលមកពី ការ​ព្រួយបារម្ភ​ទៅលើ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ចិន និង​ការ​បញ្ចុះ​ថ្លៃ​ប្រាក់​យ័ន​របស់​ទីក្រុង​ប៉េកាំង។


ទិន្នន័យ​មួយ​បាន​បង្ហាញ​ថា ប្រាក់​យ័ន​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ការ​ទូរទាត់​ជា​សកល​នៅក្នុង​កម្រិត​ទាប​ជាង​ប្រាក់​ដុល្លារ ប្រាក់​អឺរ៉ូ ប្រាក់​ផោន​របស់​អង់គ្លេស។ នៅក្នុង​ខែសីហា ឆ្នាំ ២០១២ ប្រាក់​យ័ន​​បាន​ឈរ​នៅ​លេខ​រៀង​ទី​១២ នៅ​ក្នុង​បញ្ជី​របស់​អង្គការ SWIFT។


ប្រាក់​យ័ន​ត្រូវបាន​គេ​ប្រើប្រាស់​នៅក្នុង​កម្រិត ២,៨% នៃ​ការ​ទូរ​ទាត់​ជាស​កល​ក្នុង​ខែសីហា ធៀប​ទៅនឹង​ប្រាក់​ដុល្លារ​ចំនួន ៤៤,៨% ប្រាក់​អឺរ៉ូ​ចំនួន ២៧,២% និង​ប្រាក់​ផោន​អង់គ្លេស​ចំនួន ៨,៥%។


ប្រទេស​ជាង ១០០ បាន​ប្រើ​ប្រាក់​យ័ន​សម្រាប់​ការទូទាត់​នៅ​ខែ​សីហា ដោយ​ចំនួន​ជាង​ ៩០% ត្រូវបាន​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ចំនួន​១០។ ការ​ទូរ​ទាត់​ភាគច្រើន​ត្រូវ​បាន​ដំណើរការ​នៅ​ប្រទេស​សិង្ហ​បុរី​(២៤,៤%) និង​ចក្រភព​អង់គ្លេស​(២១,៦)​។ ការ​ទូរ​ទាត់​ជា​ប្រាក់​យ័ន​ទូទាំង​សកលលោក​មានការ​កើនឡើង​រហូតដល់ ១៤% ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ និង​ត្រូវបាន​ផ្ដល់ឲ្យ​យក​មក​ទូរ​ទាត់​ដោយ​ស្ថាប័ន​ហិរញ្ញវត្ថុ ចំនួន ១៧០០ ស្ថាប័ន។


បើ​យោងតាម​ការវាយតម្លៃ​របស់​អង្គការ SWIFT បាន​ឲ្យ​ដឹង​ថា ការធ្លាក់​ថ្លៃ​ប្រាក់​យ័នរបស់​ប្រទេស​ចិន អាចជា​កត្តា​មួយ ដែលនាំឲ្យ​មានការ​កើនឡើង​តម្លៃ​ប្រាក់​យ័ន នៅក្នុង​ការជួញដូរ​រូបិយប័ណ្ណ​បរទេស​។ ការជួញដូរ​រូបិយប័ណ្ណ​នេះ មានការ​កើនឡើង​ក្នុង​កម្រិត ២០% នៅក្នុង​ខែសីហា ពី​រយៈពេល​មួយខែ​ចុងក្រោយ​នេះ​។​


ប្រាក់​យ័ន​បាន​កត់ត្រា​ទុក​នូវ​ការបាត់បង់ ២ %​ត្រឹមតែ​មួយថ្ងៃ​របស់ខ្លួន ក្នុង​រយៈពេល ២​ទសវត្សរ៍ ក្នុង ខែសីហា​បន្ទាប់ពី​មានការ​ធ្លាក់​ថ្លៃ​នេះ​។ និយ័ត​ករ​របស់​ចិន​បាន​ព្យាយាម​ដើម្បី​ធ្វើការ​នាំចេញ​ប្រាក់​យ័ន​នេះ​ឲ្យមាន​ការរស់រាន​ឡើងវិញ។


ប្រទេស​ចិន​បាន​ប្រឹងប្រែង​ជំរុញឲ្យមាន​ការដាក់បញ្ចូល​ប្រាក់​យ័ន​នៅក្នុង​កញ្ចប់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF ) ។ ការប្រកួតប្រជែង​ជាមួយ​នឹង​ប្រាក់​ដុល្លារ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក​បានក្លាយ​ជា មហិច្ឆតា​របស់​ក្រុង​ប៉េកាំង​សម្រាប់​ប្រាក់​យ័ន​ចាប់តាំង​ពី ឆ្នាំ 2010 ដោយ​ការ​បើកចំហ​នូវ​ការ​ឈូស​ឆាយ​នូវ​ដំណើរការ សម្រាប់​រូបិយប័ណ្ណ​របស់​ខ្លួន​នៅក្នុង ទីក្រុង​ឡុង និង​ទីក្រុង Frankfurt។


ទោះជា​យ៉ាងណា នៅក្នុង​ខែសីហា IMF បាន​ពន្យារពេល​ការដាក់បញ្ចូល​ប្រាក់​យ័ន​ក្នុង​កញ្ចប់​នៃ​រូបិយប័ណ្ណ​បម្រុង ដោយ​ការពង្រីក​សមាសភាព​លំហូរ​សាច់ប្រាក់​បច្ចុប្បន្ន (​ប្រាក់​ដុល្លារ​អាមេរិក ប្រាក់​អឺរ៉ូ ប្រាក់​យ៉េន និង​ប្រាក់​ផោន​អង់គ្លេស ) រយៈពេល​ប្រាំបួន​ខែ​រាប់​ចាប់ពី​ខែធ្នូ ទី​31​។ IMF បាន​កោតសរសើរ​ប្រទេស​ចិន​សម្រាប់​ការបន្ត​ទម្លាក់​តម្លៃ​រូបិយវត្ថុ​របស់ខ្លួន​ប្រឆាំងនឹង​ប្រាក់​ដុល្លារ​អាមេរិក ដោយ​IMF បាន​និយាយថា ខ្លួន​នឹង​អនុញ្ញាតឲ្យ​ទីផ្សារ​នេះ​ដើរតួនាទី​កាន់តែ​ធំ​ក្នុងការ​កំណត់​អត្រា​ប្តូរប្រាក់។ ទោះជា​យ៉ាងណា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បានឲ្យដឹងថា ប្រាក់​យ័ន​នៅតែ​ត្រូវបាន គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​ដោយ​រដ្ឋាភិបាល​ចិន​។ សហរដ្ឋអាមេរិក ដែលជា​ម្ចាស់​ភាគហ៊ុន​ធំជាងគេ របស់ IMF បាន​ចោទប្រកាន់​ចិន​ថា​រក្សា​តម្លៃ​ប្រាក់​យ័ន​ឲ្យនៅ​ទាប​ដើម្បី​ជំរុញ​ការនាំចេញ៕


RT



ប្រាក់​យ័ន​របស់​ចិន​បាន​ចូលរួម​ជាមួយ​នឹង​រូបិយប័ណ្ណ​សកល​កំពូល​ៗ​ទាំង​៤

Post a Comment

0 Comments

Close Menu