Ad Code

អ្នកទោស​បះបោរ​ប្រេ​ស៊ី​ល បាន​ចាប់​ចំណាប់ខ្មាំង​យ៉ាង​ហោច​១០​នាក់ នៅ​ភាគ​ខាង​ត្បូង​រដ្ឋ​ប៉ា​រ៉ា​ណា

យោង​តាម​សេចក្តី​រាយការណ៍​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាងហោចណាស់​១០​នាក់ ត្រូវ​បាន​ចាប់​ជា​ចំណាប់ខ្មាំង ដោយ​ក្រុម​អ្នកទោស​បះបោរ​ដែល​បាន​ដណ្តើម​កាន់កាប់​គុក​នៅ​តំបន់​ភាគ​ខាង​ត្បូង​រដ្ឋ​ប៉ា​រ៉ា​ណា ប្រទេស​ប្រេ​ស៊ី​ល កាលពី​ថ្ងៃ​អង្គារ។


ក្រុម​អ្នកទោស​បះបោរ បាន​កាន់កាប់​ពន្ធនាគា​រ Londrina State Penitentiary Unit កាលពី​ព្រឹក​ថ្ងៃ​អង្គារ ហើយ​បាន​គ្រប់គ្រង​ទីនេះ​ពេញ​មួយថ្ងៃ​តែម្តង​រហូតដល់​ល្ងាច។


ក្រុម​អ្នកទោស​ដែល​ប្រដាប់​ដោយ​កាំបិត និង​ដំបង បាន​ឡើង​តាម​ដំបូល​គុក ជា​កន្លែង​ដែល​ពួកគេ​វាយ​ធ្វើបាប និង​ចងស្លាបសេក​ចំណាប់ខ្មាំង ព្រមទាំង​គំរាម​វាយ​ទម្លាក់​ពីលើ​អគារ។


សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ចំណាប់ខ្មាំង​ទាំងនោះ​គឺជា​អ្នកទោស​ដូចគ្នា ដែល​មកពី​មន្ទីរឃុំឃាំង​ដាក់​អ្នកទោស​ចាប់រំលោភ​សេពសន្ថវៈ។


ទោះបីជា​យ៉ាងណាក៏ដោយ មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ពី​ការ​ទម្លាក់​ចំណាប់ខ្មាំង​ពីលើ​អាគារ​នោះ​ទេ ថ្វីត្បិតតែ​អ្នកទោស​២​នាក់ ត្រូវ​បាន​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ ក្រោយពេល​រង​របួស​ដោ​យ​សារ​បង្ខំចិត្ត​លោត​ចេញពី​អគារ ដើម្បី​គេច​ផុត​ពី​ការ​ចាប់​ជា​ចំណាប់ខ្មាំង​នោះ។


សូម​បញ្ជាក់​ថា អ្នកទោស​បះបោរ​ទាំងអស់​នេះ បាន​ព្យាយាម​វាយ​បំបែក​បង្អួច និង​ដុត​បំផ្លាញ​គុក​ចោល ខណៈ​ដែល​ក្រុម​នគរបាល និង​ក្រុម​សាច់ញាតិ កំពុង​ជួបជុំគ្នា​ខាងក្រៅ​អគារ។


ករណី​អ្នកទោស​បះបោរ​នេះ​ដែរ បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល ជា​កន្លែង​ដែល​ពន្ធនាគារ​មួយចំនួន ដាក់​អ្នកទោស​លើស​ចំណុះ ហើយ​អ្នកទោស​មួយចំនួន បាន​ត្អូញត្អែរ​ពី​លក្ខខណ្ឌ​រស់នៅ​អន់៕



អ្នកទោស​បះបោរ​ប្រេ​ស៊ី​ល បាន​ចាប់​ចំណាប់ខ្មាំង​យ៉ាង​ហោច​១០​នាក់ នៅ​ភាគ​ខាង​ត្បូង​រដ្ឋ​ប៉ា​រ៉ា​ណា

Post a Comment

0 Comments

Close Menu