ភ្នំពេញ ៖ មន្ត្រីតុលាការថ្នាក់ជាតិដែលជាថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងប្រធាន អនុប្រធាននៃអង្គភាពរដ្ឋបាលនៃសាលាជំនុំជម្រះក្តីគ្រប់ជាន់ថ្នាក់នៅកម្ពុជា ចំនួនជាង៥០ នាក់ បានធ្វើទស្សនកិច្ចសិក្សានៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ ដើម្បីស្វែងយល់អំពីដំណើរការកិច្ចការរដ្ឋបាល ក៏ដូចជាការអនុវត្តច្បាប់នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាកម្ពុជា (អ.វ.ត.ក) នេះបើតាមមន្ត្រីអ្នកនាំពាក្យ។
លោក នេត្រ ភក្ត្រា បានថ្លែងប្រាប់កម្ពុជាថ្មីកាលពីវេលាម៉ោង៤ និង១៥ នាទីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ ថា ដំណើរទស្សនកិច្ចនេះត្រូវបានសហការរៀបចំ ដោយ អ.វ.ត.ក និងក្រសួងយុត្តិធម៌។ នៅក្នុងរយៈពេលមួយថ្ងៃនៃដំណើរទស្សនកិច្ចសិក្សានេះ មន្ត្រីរដ្ឋបាលមកពីតុលាការថ្នាក់ជាតិគ្រប់ជាន់ថ្នាក់ បានឃើញផ្ទាល់អំពីការអនុវត្តការងាររដ្ឋបាល ជាក់ស្តែងនៅ អ.វ.ត.ក តាមរយៈការធ្វើបទបង្ហាញនានាអំពីឧបករណ៍សម្រេចការងារនិងរបៀបបំពេញការងារជាក់ស្តែងដែលអង្គភាពនានាក្រោមចំណុះការិយាល័យរដ្ឋបាលបាននិង កំពុងធ្វើក្នុងនោះមានការចែករំលែកបទពិសោធន៍ពីការិយាល័យរដ្ឋបាល ផ្នែកគ្រប់គ្រងតុលាការ ផ្នែកថវិកា និងហិរញ្ញវត្ថុ ផ្នែកព័ត៌មានវិទ្យានិងផ្នែកកិច្ចការសាធារណៈនៃ អ.វ.ត.ក ព្រមទាំងបានចូលរួមស្តាប់ដំណើរការសវនាការលើ សំណុំរឿង ០០២/០២ ប្រឆាំងនឹងនួន ជា និងខៀវ សំផន របស់អង្គជំនុំជម្រះសាលាដំបូងផងដែរ។
លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទីនៃអ.វ.ត.ក បានមានប្រសាសន៍ថាការិយាល័យរដ្ឋបាល នៃសាលាក្តីខ្មែរក្រហម បានបង្ហាញនូវបទពិសោធដ៏មានសារៈសំខាន់នានា ទាក់ទងនឹងដំណើរការរដ្ឋបាលដោយ លោកបានគូសបញ្ជាក់ថា “ផ្នែករដ្ឋបាលរបស់ អ.វ.ត.ក មានតួនាទីជាអ្នកសម្របសម្រួល គាំទ្រ និងផ្តល់សេវាកម្ម ចាំបាច់ដល់អង្គជំនុំជម្រះ ការិយាល័យសហចៅក្រមស៊ើបអង្កេត និង ការិយាល័យសហព្រះរាជអាជ្ញា។ ផ្នែករដ្ឋបាល ក៏មានតួនាទីជាអ្នកតំណាងឲ្យតុលាការក្នុងកិច្ចការទំនាក់ទំនងជាមួយស្ថាប័នខាងក្រៅផងដែរ”។ លោក ក្រាញ់ តូនី បានថ្លែងថា “អ្វីដែលបានអនុវត្តនៅក្នុងផ្នែករដ្ឋបាល អ.វ.ត.ក ដូចជាការគ្រប់គ្រង សំណុំរឿងតាមប្រព័ន្ធអេឡិចត្រូនិកគឺជាបទពិសោធន៍ថ្មីមួយសម្រាប់ប្រព័ន្ធតុលាការកម្ពុជា។ ការគ្រប់គ្រងសំណុំរឿង តាមប្រព័ន្ធព័ត៌មានវិទ្យានេះអនុញ្ញាតឲ្យគ្រប់ភាគីទាំងអស់នៃសំណុំរឿងអាចងាយស្រួលក្នុងការចូលពិនិត្យមើលសំណុំរឿង និងមិនបាត់បង់សំណុំរឿងដែលកិច្ចការនេះដើម្បីឆ្លើយតបនឹងការបម្រើសេវាយុត្តិធម៌ឲ្យមានប្រសិទ្ធភាព និងតម្លាភាពស្រប តាមនិយាមយុត្តិធម៌អន្តរជាតិ”។
ប្រធានការិយាល័យរដ្ឋបាលស្តីទី អ.វ.ត.ក លោកក្រាញ់ តូនី ក៏បានថ្លែងដែរថា លោកសង្ឃឹមថាមន្ត្រីរដ្ឋបាល របស់តុលាការគ្រប់ជាន់ថ្នាក់នឹងអាចទាញបទពិសោធន៍ល្អៗពីការអនុវត្តនៅ អ.វ.ត.ក ដែលបានបង្ហាញឡើងដោយ អង្គភាពនានារបស់តុលាការចម្រុះកម្ពុជា-អង្គការសហប្រជាជាតិនេះ ហើយអាចជាជំនួយដល់ការអនុវត្តក្នុងតុលា ការជាតិបានតាមដំណាក់កាលរបស់ខ្លួន។ ជាមួយគ្នានេះ លោកក៏បានប្រកាសបើកចំហឲ្យមានកិច្ចសហប្រតិបត្តិ ការរបៀបនេះបន្ថែមទៀត ដើម្បីអនុញ្ញាតឲ្យមន្ត្រីតុលាការ និងអ្នកអនុវត្តច្បាប់ផ្សេងទៀតអាចមកសិក្សានិងដកបទពិសោធន៍ពីសាលាក្តីខ្មែរក្រហម ដោយលោកបានថ្លែងថា បទពិសោធន៍ល្អនៅសាលាក្តីចម្រុះនេះ នឹងចូលរួមចំណែក ក្នុងការកសាងសមត្ថភាពមន្ត្រីតុលាការ ក៏ដូចជាចូលរួមក្នុងកិច្ចការកំណែទម្រង់លើប្រព័ន្ធតុលាការផងដែរ៕
មន្ត្រីតុលាការថ្នាក់ជាតិ ធ្វើទស្សនកិច្ចសិក្សាពីបទពិសោធន៍របស់សាលាក្តីខ្មែរក្រហម
0 Comments