តាកែវ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសារាយ ស្រុកត្រាំកក់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី បន្ទាប់ពីពួកគេបានធ្វើសកម្មភាពកាច់សោរកម៉ូតូរបស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិត្នោតជ្រុំ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ខណៈពេលដែលម្ចាស់ម៉ូតូបញ្ឈរម៉ូតូទុកចោលនៅលើផ្លូវលំ រួចចុះទៅទប់ទឹកស្រែនៅក្បែរនោះ។
លោកអនុសេនីយ៍ឯក សុខ សុជា អធិការរងទទួលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ជនសង្ស័យដែលប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់សមត្ថកិច្ចមានឈ្មោះ ថន ផល្លា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិនៀល ឃុំ ត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ និងបក្ខពួកម្នាក់ទៀតឈ្មោះ ប៉ាន់ ធន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា បានគេចខ្លួនបាត់។
លោកអធិការរងបានបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុ ជនសង្ស័យទាំង ២នាក់ខាងលើ បានជិះម៉ូតូ១គ្រឿងម៉ាកអែរប្លែក ពណ៌ស គ្មានស្លាកលេខ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុពួកគេបានឈប់ម៉ូតូ ហើយបានឲ្យអ្នកជិះពីក្រោយ ចុះកាច់សោរកម៉ូតូ ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៩ ពាក់ស្លាកលេខតាកែវ 1C-0027 ជារបស់ឈ្មោះ ខាន់ ពុទ្ធី ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ដែលបញ្ឈរទុកនៅលើផ្លូវលំ រួចជិះចេញទៅបាត់ តែត្រូវម្ចាស់ម៉ូតូ និងបងប្អូននៅជិតនោះឃើញ ហើយបាននាំគ្នាជិះម៉ូតូដេញចាប់ទាន់ឈ្មោះ ថន ផល្លា និងម៉ូតូជិះធ្វើសកម្មភាពមកប្រគល់ជូនសមត្ថកិច្ច ចំណែកឯឈ្មោះ ប៉ាន់ ធន បានជិះម៉ូតូរបស់ជនរងគ្រោះរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងម៉ូតូ ជនសង្ស័យបានបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ចាប់បានម្នាក់ក្នុងចំណោមពីរនាក់ប្រគល់ជូនសមត្ថកិច្ចក្នុងករណីលួចកាច់កម៉ូតូ
0 Comments