Ad Code

សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​សកម្មជន​ដីធ្លី​២​នាក់​ម្នាក់​ជា​អ្នកកាសែត​"​សេនា​ដៃ​៨"​ដែល​ផ្គើន​ចូល​ទៅ​សង់​ខ្ទម​លើ​ដី​ព្រៃ​របស់​រដ្ឋ

សៀមរាប ៖ យ៉ាងហោចណាស់​ក៏​មាន​សកម្មជន​ដីធ្លី​ចំនួន​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ក្នុង​នោះ​មាន​អ្នកកាសែត​សេនា​ដៃ​ប្រាំបី​ម្នាក់​ផង​ដែរ បន្ទាប់ពី​ពួកគេ បាន នាំគ្នា​មករា​រាំង​សមត្ថកិច្ច​ដើម្បី​ការពារ​ខ្ទម​របស់​ពួកគាត់​ដែល​សមត្ថកិច្ច​អះអាង​ថា ពួកគេ​សាងសង់​ខ្ទម​ចំនួន​១៤០​ខ្នង​លើ​ដី​ព្រៃ​របស់​រដ្ឋ។


ហេតុការណ៍ ធ្វើឡើង​នៅ​ថ្ងៃទី​០៦​ខែតុលា​ឆ្នាំ ២០១៥ នៅ​ភូមិសាស្ត្រ​ឆ្កែ​កូន ភ្នំ​អំពិល​ក្នុង​ឃុំ​ពាក់ ស្នែង ស្រុក​អង្គរធំ ខេត្ត​សៀមរាប។


លោក​ម៉ុង​ប៊ុ​លីម​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​០៧ ខែតុលា​នេះ​ថា ដោយ​ឃើញ​មាន​ពលរដ្ឋ​នាំគ្នា​មក​សង់​ខ្ទម​តូចៗ​ជាច្រើន​នៅក្នុង​តំបន់​ព្រៃ​របស់​រដ្ឋ​ទើប​លោក​បាន​ធ្វើ​ការ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួមមាន ប៉ូលិស​ប៉េ​អិ​ម​ទាហាន​និង​អាជ្ញាធរ​មូលដ្ឋាន​សរុប​ចំនួន​ជិត​១​រយ​នាក់​នាំគ្នា​ចុះទៅ​រុះរើ​និង​ហាមឃាត់​តែ​ក្រុម​អ្នក​តវ៉ា​មាន​ប្រដាប់​ដោយ​កាំបិត​និង​ពូថៅ​បាន​មក​រារាំង​សមត្ថកិច្ច​ទើប​សមត្ថកិច្ច​បាន​ស្នើ​សុំ​ទៅ​តំណាង​អយ្យការ​ដើម្បី​ធ្វើការ​ឃាត់ខ្លួន​តែម្តង។


លោក​បន្តថា ករណីនេះ​មាន​អ្នក​បំផុសបំផុល មកពី​ពលរដ្ឋ​នៅ​ស្រុក​បន្ទាយស្រី ស្រុក​ប្រាសាទបាគង ស្រុក​ពួក បាន​នាំគ្នា​ចាប់​យក​ដី​មក​សាងសង់​ខ្ទម ចំនួន​១៤០​ខ្នង នៅក្នុង​ដី​ព្រៃ​របស់​រដ្ឋ​ចំនួន​២០​ហិច​តា ក្នុង​ដី​សរុប​ចំនួន​៥​ពាន់​ហិច​តា ដែល​នៅ​ជាប់​ព្រំប្រទល់​ស្រុក បន្ទាយស្រី​ស្រុក​អង្គរធំ​ស្រុក​វ៉ារិន​ស្រុក​អង្គរជុំ។


ក្នុង​ហេតុការណ៍​នោះ​សមត្ថកិច្ច​ឃាត់ខ្លួន​សកម្មជន​ចំនួន​២​នាក់​ម្នាក់​ឈ្មោះ​កី វី ភេទ ស្រី អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ ពាក់​ស្នែង​ថ្មី ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ​ទី​២ ឈ្មោះ​ពុត កុ​ស៊ា​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​អ្នក​កាសែត​សេនា​ដៃ​៨ រស់នៅ​ភូមិ​សាលារៀន ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង។


លោក​ទា គឹម​សុទ្ធ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៃ​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា នៅក្នុង​ហេតុការណ៍​នោះ សមត្ថកិច្ច​បានសម្រេច​ចិត្ត​ឃាត់ខ្លួន​សកម្មជន​ដីធ្លី​ចំនួន​ពីរ​ក្នុង​នោះ​ម្នាក់​ជា​អ្នកកាសែត​”​សេនា​ដៃ​ប្រាំបី​”​និង​ស្ត្រី​ម្នាក់ទៀត​ក៏​ជា​សកម្មជន​ដីធ្លី​ផង​ដែរ។


លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​សកម្មជន​ដីធ្លី​ទាំង​២​នាក់​ត្រូវ​បាន​នាំ​ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​បន្ត​។ លោក​បន្ថែម​ថា ដី​ទាំងនោះ​ទេសភាព​ស្រស់​ត្រកាល​ណាស់​ប្រសិនបើ​មាន​ភ្ញៀវទេសចរ​ទៅដល់​ពិតជា​រីករាយ​ជាក់​ជាមិនខាន​ព្រោះ​មាន​ផ្កា​ចម្រុះ​ពណ៌​។


ចំណែក​លោក​វរសេនីយ៍ត្រី​ទូច ប៊ុនធឿន​អធិការ​នគរបាល​ស្រុក​អង្គរធំ​បាន​ឲ្យ​ដឹងផង​ដែរ​ថា ករណីនេះ​គឺ​គ្រាន់តែ​ចុះ​មក​រុះរើ​និង​ហាមប្រាម​ប៉ុណ្ណោះ តែ​ដោយ​ក្រុម​សកម្ម​តវ៉ា​បាន​គម្រាម​មក​លើ​សមត្ថកិច្ច ទើប​សមត្ថកិច្ច​អនុវត្ត​ន៍​តាមច្បាប់​តែម្តង ដោយ​ឃាត់ខ្លួន​បាន​មេដឹកនាំ​ចំនួន​២​នាក់​យក​មក​តុលាការ។


ដោយឡែក​ពលរដ្ឋ​មួយចំនួន​បាន​អះអាង​ថា ពួកគាត់​បាន​អាស្រ័យ​ផល​នៅ​លើ​ដី​នោះ​ជាច្រើន​ឆ្នាំ​មក​ហើយ​តែ​ត្រូវ​បាន​អាជ្ញាធរ​មិន​ដកហូត​ពី​ពួកគាត់​វិញ ដោយ​គ្មាន​ភាព​យុត្តិធម៌​សោះ។


សូម​រលឹក​ថា កាលពី​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ​សមត្ថកិច្ច​ចម្រុះ បាន​ចុះទៅ​ហាមឃាត់​និង​ធ្វើ​កិច្ចសន្យា​ដល់​ពលរដ្ឋ​ដើម្បី​កុំ​ឲ្យ​មក​សាងសង់​លើ​ដី​ព្រៃ​របស់​រដ្ឋ​តទៅទៀត​។ ប៉ុន្តែ​លើក​មុន​សង់​ចំនួន​៨៤​ខ្នង​តែ​លើក​នេះ​សង់​ខ្ទម​ស្បូវ​ធំៗ​ចំនួន​១៤០​ខ្នង​ដើម្បី​យក​មក​ធ្វើ​កម្មសិទ្ធិ​តែម្តង។


គួរ​កត់សម្គាល់​ផង​ដែរ​ថា នៅ​ខេត្តសៀមរាប​បច្ចុប្បន្ន​នេះ​គេ​សង្កេតឃើញ​ហាងឆេង​ដី​មានតម្លៃ​ខ្ពស់​វិញ​ហើយ អាស្រ័យហេតុនេះ​ក៏​មាន​ជន​មួយ​ក្តាប់​តូច​លួច​ឆ្មក់​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ដើម្បី​ទទួល​បាន​លាភសក្ការៈ ហើយ​ពលរដ្ឋ​ទំនង​គឺជា​កូនអុក​របស់​ឈ្មួញ​ធំៗ​ប៉ុណ្ណោះ​៕


T-10-07-15-h-fullT-10-07-15-hh-fullT-10-07-15-hhh-fullT-10-07-15-hhhh-fullT-10-07-15-hhhhh-fullT-10-07-15-hhhhhh-fullT-10-07-15-hhhhhhh-fullT-10-07-15-hhhhhhhh-fullT-10-07-15-hhhhhhhhh-full



សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​សកម្មជន​ដីធ្លី​២​នាក់​ម្នាក់​ជា​អ្នកកាសែត​"​សេនា​ដៃ​៨"​ដែល​ផ្គើន​ចូល​ទៅ​សង់​ខ្ទម​លើ​ដី​ព្រៃ​របស់​រដ្ឋ

Post a Comment

0 Comments

Close Menu