Ad Code

ចាប់ផ្តើម​វាយ​ជម្រុះ​ខ្មែរ​-​ថៃ​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ ​រដូវ​កាល​ទី​៩ ​នៅ​SEA-TV



ព្រឹត្តិការណ៍​ប្រដាល់​មួយ​ដែលមាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៤​រូប និង អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​៤​រូប ដើម្បី​ជួបគ្នា​វាយ​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៩ ទម្ងន់​៦០​គីឡូក្រាម​នោះ នឹង​ចាប់​ផ្តើម​ធ្វើការ​ប្រកួត​ជម្រុះ​នៅ​រសៀល​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះហើយ នៅលើ​សង្វៀន​SEA-TV។​

សម្រាប់​ការ​វាយ​ជម្រុះ​ថ្ងៃ​ដំបូង​នេះ វៀត ប៊ុន​ឌឿ​ន អ្នក​ប្រដាល់​កម្ពុជា​មកពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ខាន់ ថេប ( Khan Tep) ហើយ​មួយគូ ទៀត​ជាការ​ជួបគ្នា​រវាង​សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ និង អ្នក​ប្រដាល់​ថៃ ភុ​ត ភេត​ណ​យ​(Phut Phat Noy) ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។​

​វៀត ប៊ុន​ឌឿ​ន និង ខាន់ ថេប ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ដោយសារ ​ខាន់ ថេប ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​ទើប​មក​លើកដំបូង​ប៉ុណ្ណោះ។ តែ​យ៉ាងណា​ខាន់ ថេប នេះ គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​វៀត ប៊ុន​ឌឿ​ន ដែរ ហើយ​មាឌ​ក៏​ប្រហែល​គ្នា​ដែរ គ្រាន់តែ​ប៊ុន​ឌឿ​ន មាន​កំណត់​ត្រា​ប្រកួត​ច្រើនជាង​ប៉ុណ្ណោះ។​
​ ​
ខាន់ ថេប គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​៦៤​លើក ឈ្នះ​៥៤​លើក និង​ចាញ់​១០​លើក មិនដែល​ស្មើ។ ចំណែក​វៀត ប៊ុន​ឌឿ​ន គេ​មាន​កំនត់ត្រា​ប្រកួត​៧៩​លើក ឈ្នះ​៦៣​លើក ចាញ់​១៤​លើក និង​ស្មើ​០២​លើក ។ វៀត ប៊ុន​ឌឿ​ន គេ​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ គេ​វាយ​ឈ្នះ​Phat Koav ក្នុង​ទឹក​ទី​២។

ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា វៀត ប៊ុន​ឌឿ​ន អាច​វាយ​ឈ្នះ​ខាន់ ថេប នោះទេ ? ព្រោះ​ខាន់ ថេប​នេះ គេ​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​នៅ​ស្រុកថៃ​ផងដែរ។ ដូច្នេះ​អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ ពុំ​អាច​ទាយ​មុន​បានឡើយ ហើយ​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ ។​

ចំពោះ​ការជួបគ្នា​រវាង សុខ សា​វិ​ន និង ភុ​ត ភេត​ណ​យ​(Phut Phat Noy) វិញ ក៏​មិនអាច​ទស្សន៍ទាយ​មុន​បានដែរ ត្បិត​ថា​អ្នក​ទាំងពីរ​ពុំ​ធ្លាប់​ជួបគ្នា ព្រោះ​ភុ​ត ភេត​ណ​យ ជា​អ្នក​ចំណូល​ថ្មី​នោះ។​

សុខ សា​វិ​ន គេ​មាន​ផ្លែ​ល្អ បើតាម​កត់សម្គាល់ឃើញ​ការប្រកួត​របស់​កន្លង​មក ពិសេស​ក្នុង​ប្រមាណ​៤​ប្រកួត​ជាមួយ​ថៃ​កន្លងមក​នោះ គឺ​សុខ សា​វិ​ន វាយ​ឈ្នះ​ទាំង​៤​ប្រកួត ហើយ​សុទ្ធតែ​ផ្តួល​យកឈ្នះ​ថៃ​មុន​ទឹក​៥​ទាំងអស់។ ប្រកួត​លើកចុងក្រោយ​គេ សុខ សា​វិ​ន បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ ឈាង រ៉ៃ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ ។

ភុ​ត ភេត​ណ​យ គេ​ទើបតែ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​នេះ ប៉ុណ្ណោះ។ តែ​តាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង​នោះ​ថា ភុ​ត ភេត​ណ​យ​នេះ គេ​វាយ​ល្អ​និង​ខ្លាំង​គួរសម​ដែរ​។ បើ​មើ​លពី​ប្រវត្តិ​ប្រកួត​របស់គេ គឺ​ប្រកួត​បាន​៦៧​លើក ឈ្នះ​៥៩​លើក ចាញ់​០៧​លើក និង​ស្មើ​០១​លើក។

សុខ សា​វិ​ន អ្នក​ប្រដាល់​កម្ពុជា​យើង​នេះ គេ​មាន​ប្រវត្តិ​ប្រកួត​១០៤​លើក ឈ្នះ​៧១​លើក​ចាញ់​២៧​លើក និង​ស្មើ​០៦​លើក។ យ៉ាងណា​សម្រាប់​ការប្រកួត​ជុំ​ដំបូង​នេះ គេ​រំពឹងថា​សុខ សា​វិ​ន នឹង​រកបាន​៣​ពិន្ទុ​មិន​ខាន ក្នុង​ការជួប​ភុ​ត ភេត​ណ​យ នេះ។​

សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៩ ទម្ងន់​៦០​គីឡូក្រាម​លើក​នេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ​ចំនួន៨រូប ចូលរួម​ប្រកួត គឺ​ខ្មែរ​៤​នាក់ ថៃ​៤​នាក់។ អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​នាក់​នោះ រួមមាន វៀត ប៊ុន​ឌឿ​ន សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​, សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ​, ចាន់ សំអាត ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក។ ឯ អ្នក​ប្រដាល់​ថៃ ៤ នាក់​វិញ មាន​ខាន់​ថេប​( Khan Thep) , ភុ​ត ភេត​ណ​យ​(Phut Phat Noy), ឆ័យ យ៉ូ​( Chhai Yo) និង ស៊ុប​ពើ​ពែ​ក​(Super Pek)។​

ចំពោះ​ការ​ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ នី​ម នន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ធន អៀង​ឡៃ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។ សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ គេ​មិន​រំពឹងថា នី​ម នន អាច​វាយ​ឈ្នះ​ធន អៀង​ឡៃ នោះឡើយ ? ព្រោះ​អៀង​ឡៃ មាន​ផ្លែ​ស៊ូ​ជាង និង​មាន​ផ្លែ​ល្អ​ជាង​នី​ម នន។​

ឆាយ មាស អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង នឹង​ជួប​ប្រកួត​ជាមួយ​ភិន សុទី អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ។ ពួកគេ​ពីរ​នាក់​នេះ មិនដែល​ជួបគ្នា​ទេ​កន្លងមក។ ​ពួកគេ​ជួបគ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។ ចាំមើល រវាង ឆាយ មាស និង ភិន សុទី នេះ តើន​រណា​ឈ្នះ?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu