Ad Code

MCL 2019 ៖ ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី រកបាន​ជ័យជម្នះ​ប្រចាំ​សប្ដាហ៍​ទី​៦​ តែ​គ្រូបង្វឹក​ហាក់​មិនសូវ​រីករាយ



ក្រុម​ជើងឯក​៣​សម័យកាល​បឹងកេត បាន​បន្ត​រកបាន​៣​ពិន្ទុ​ទៀតហើយ​ក្នុង​សប្ដាហ៍​ទី​៦​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) ក្រោយ​យកឈ្នះ​លើ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ដោយ​លទ្ធផល​៣​ទល់​១ លើ​ទីលាន​មជ្ឈមណ្ឌល ​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ កាលពីពេល​ថ្មីៗ​នេះ​។

លោកគ្រូ​បង្វឹក ហៅ សុជាតិ របស់​ក្រុម​បឹងកេត បានលើកឡើង​ក្រោយ​ចប់​ការប្រកួត​ថា​៖«​ពួកយើង​គឺ​ធ្វើ​បានល្អ​ក្នុង​ប្រកួត​នេះ តែ​អ្វីដែល​សោកស្តាយ គឺ​យើង​មានឱកាស​ច្រើន​ធ្វើ​មិនបាន​សម្រេច​ក្នុង​ការរក​គ្រាប់​បាល់​បន្ថែម​។ លទ្ធផល​នេះ​គឺ​មិន​ដូច​ទៅនឹង​អ្វីដែល​យើង​គិតទុក​នោះទេ ដោយសារតែ យើង​រំពឹងថា​ឈ្នះ​ទទួលបាន ៣​ពិន្ទុ ហើយ​រក​គ្រាប់​បាល់​បាន​ច្រើន ហើយ​មួយវិញទៀត គឺ​យើង​ភ្លាត់​ឱ្យ​យុវជន​បាទី រក​គ្រាប់​បាល់​បាន​មុន​ទៀត​»​។​

​សូមបញ្ជាក់ថា​ក្រុមបាល់ទាត់​យុវជន​សាលា​បាល់ទាត់​ជាតិ បា​នរក​គ្រាប់​បាល់​នាំ​មុខមុន​ក្នុង​ប្រកួត​រវាង​ក្រុម​ទាំង​២​គឺ​នៅ​នាទី​ទី​៦ ដោយ​កីឡាករ ប៊ុនធឿន ប៊ុន​ណា​រ៉ុង ប៉ុន្តែ​បន្ទាប់មក​ត្រូវ​កីឡាករ​បរទេស​របស់​បឹងកេត រក​គ្រាប់​តាម​ស្មើ​វិញ​នៅ​នាទី ៤២ ដោយ​កីឡាករ Julius ជនជាតិ​នី​ហ្សេ​រី​យ៉ា ខណៈ​នៅក្នុង​វគ្គ​ទី​ពីរ កីឡាករ Julius ដដែល​និង​មិន​រួម​ក្រុម​ជនជាតិ​ប្រេ​ស៊ី​ល Eduardo រក​គ្រាប់​បាល់​បន្ថែមទៀត រហូតដល់​ចប់​ការប្រកួត ៣-១​។​

​លោក ហៅ សុជាតិ បាន​បញ្ជាក់ថា​ក្លិប​បឹងកេត​នាពេល​បច្ចុប្បន្នកំពុង​ព្យាយាម​រៀបចំ​ឲ្យ​បានល្អ​កាន់តែខ្លាំង​ដើម្បី​ប្រកួត​ទាំង​ក្នុង​លី​គ​កំពូល និង ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន រដូវ​កាល​ឆ្នាំ​២០១៩​នេះ​។ គិត​ត្រឹម​ពេលនេះ​ក្រុម​បឹងកេត កំពុងតែ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤​ក្នុងចំណោម​ក្រុម​ជា​សមាជិក​ទាំង​១៤​ក្រុម ក្រោយ​ប្រកួត​បាន​៦​លើក​ឈ្នះ​បាន​៤​លើក ស្មើគ្នា​១​លើក​និង​ចាញ់​១​លើក មាន​១៣​ពិន្ទុ​ក្នុង​ដៃ ពោលគឺ​ចាញ់​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង​៣​ពិន្ទុ​ប៉ុណ្ណោះ​។ សម្រាប់​ប្រកួត​បន្ទាប់​ប្រចាំ​សប្ដាហ៍​ទី​៧ គឺ​ក្រុម​បឹងកេត ត្រូវ​ប៉ះ​ក្រុម​វិសាខា នៅ​ថ្ងៃ​សៅរ៍ ទី​១១ ខែឧសភា ឆ្នាំ​២០១៩ ខាងមុខ​លើ​ទីលាន​កីឡដ្ឋាន​វិសាខា​។

​សូម​រំលឹកថា​ក្រុម​បឹងកេត កាលពី​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២ Metfone Cambodian League មាន​៤៩​ពិន្ទុ ក្រោយ​ឈ្នះ​បាន​១៥ លើក ហើយ​ស្មើគ្នា​បាន​៤ លើក​និង ចាញ់​៣​ប្រកួត​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​បឹងកេត បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្រោយ​ចាញ់​ក្រុម​ណាហ្គា​វើ​ល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu