Ad Code

ទស្សនៈ​ ៖ ​ចក្ខុវិស័យ ​គ្រូង៉ុយ

កវីខ្មែរ​ដ៏ល្បីល្បាញ​ម្នាក់នៅចុងសតវត្សរ៍ទី១៩​និងនៅ​ដើម​សតវត្សរ៍ទី២០ ដែល​មានឈ្មោះ​ដើម​អ៊ូ ង៉ុយ​ ហើយ​ដែលអ្នក​ខ្លះបាននិយម​ហៅថា ក្រមង៉ុយ ជាអ្នក​និពន្ធ​កំណាព្យ​ប្រកបដោយ​ប្រជាប្រិយ ទាក់ទង​នឹងការងារ​កសិករ។ ប៉ុន្តែ​ក៏គេ​ចាត់ទុក​ជាគ្រូនៃកំណាព្យ​ដ៏លេចធ្លោក្នុងព្រះ​រាជាណាចក្រកម្ពុជានៅសម័យ​អាណានិគម​និយមបារាំងទៀតផង។ ជាពិសេស​ក្នុងឃ្លា​កំណាព្យ​​ទាំង​នោះ​​គេ​បាន​​ធ្វើការ​កត់សម្គាល់ឃ្លា​មួយនៃ​បទកាកគតិដែល​គ្រូង៉ុយ​បានបង្ហាញ​នូវ​ចក្ខុវិស័យ​របស់គាត់​ឆ្លុះ​បញ្ចាំង​ស្របនឹង​ទិដ្ឋភាព​បច្ចុប្បន្ននេះ។ តើចក្ខុវិស័យ​នោះដូច​ម្តេច?


ចក្ខុវិស័យ​គឺការ​សម្លឹងមើល​ដ៏វែង​ឆ្ងាយ​ឬតាម​រយៈការ​ព្យាករ​ឬការ​សន្និដ្ឋាន​អំពី​ព្រឹត្តិការណ៍ទៅ​មុខថា មានការ​ប្រែប្រួល​ ឬមានការ​វិវត្ដដល់ណា​តាមរយៈការយល់ឃើញផ្ទាល់​ខ្លួន។ ជាក់ស្តែង​តាមរយៈឃ្លាកំណាព្យរបស់​គ្រូង៉ុយ​បានបង្ហាញ​នូវទស្សនវិស័យ​របស់គាត់​ថា “នគរថ្កើងប្លែក សប្បាយ​តែភ្នែក​ក្នុងចិត្ត​រងកម្ម​ កូនប្រុស​បណ្តាច់​កុំភ្លេច​បណ្តាំ​កប្បាស សូត្រ​ថ្នាំ ត្រីម៉ាំលែង​ថោក”។ គំនិត​របស់​គ្រូង៉ុយ​ដែល​បានបញ្ចេញ​នាពេលនេះគឺជា ពេល​ដែលស្រុកទេស​មិនទាន់​មានការ​រីកចម្រើន​ថ្កុំថ្កើងនោះទេ។ ពេលនោះ​ប្រទេសជាតិ​ឋិតនៅក្រោម​នឹម​អាណានិគមនិយម​បារាំង ឬហៅថា ប្រទេសបារាំងកាន់កាប់​និងត្រួត​ត្រាស្រុកខ្មែរក្នុងការ​ដឹកនាំគ្រប់គ្រងគ្រប់ផ្នែក​និងគ្រប់វិស័យនៃការងាររបស់​រាជរដ្ឋាភិបាល។


ក្នុង​រយៈពេល​​៩០ឆ្នាំនៃសម័យ​អាណានិគមនា ពេលនោះប្រទេសកម្ពុជា មិនមានការ​រីកចម្រើន​នោះទេ។ នៅពេល​កំពុង​អាប់ឱន និងការ​ធ្លាក់​ចុះដុនដាបនៃសង្គមខ្មែរ​ពេលនោះហើយទើប​បណ្តាលឲ្យគ្រូង៉ុយសរសេរកំណាព្យទុក​គ្រាន់​ទូន្មាន​អ្នកស្រែផង និងដាស់តឿនកូនចៅ​ឲ្យមានការភ្ញាក់រលឹកខំប្រឹងបំពេញការងារ​របស់ខ្លួន​ផងព្រមទាំងមានការ​ព្យាករពីបញ្ហាស្រុក​ទេស​ទៅអនាគតតាមរយៈការទស្សន៍ទាយ​ដូច​ឃ្លាកំណាព្យ​ដែលបានបង្ហាញខាងលើស្រាប់។


ឥឡូវនេះតើយើង​គិតថា នគរយើងថ្កុំថ្កើងដែរ​ឬទេ? ជាចម្លើយ​ពិតប្រាកដនោះគឺ​ប្រទេសជាតិ​យើងកំពុង​មានការ​រីកចម្រើន​ប្លែកណាស់។ បានសេចក្តីថា យើង​កំពុង​ឈរនៅលើទី​តាំងមួយ​នៃការរីកចម្រើន​នាសម័យទំនើបនៃវិទ្យាសាស្ត្រ​ហៅថា ភ្នែកទិព្វ និងត្រចៀកទិព្វនោះមែន។ ជាពិសេស​មធ្យោបាយ​ធ្វើដំណើរកាន់តែ​ឆាប់រហ័សទៅតាម​ការរីកចម្រើន​នៃយានយន្ត​គ្រប់ប្រភេទដែលពាក្យចាស់​ហៅថា ជាការ​បង្រួញទឹក បង្រួញដី,មានផ្លូវ,មានភ្លើងអគ្គិសនី​,​មានផ្ទះថ្ម,មានគោយន្ត មានត្រាក់ទ័រ…។ល។​នេះហើយ​ដែល​គ្រូង៉ុយបានរំពឹងគិតពី​ចម្ងាយថា ជានគរថ្កើងប្លែកមែននោះ។ ប៉ុន្តែ​គួរឲ្យមានការ​សោកស្តាយព្រោះម្ចាស់កំណាព្យ​នោះមិនបាន​មើលឃើញនូវការរីកចម្រើនទៅតាមការ​ទស្សន៍​ទាយ​របស់ខ្លួននោះទេ ព្រោះ​គាត់បានលាចាក​លោកតាំងពីយូរណាស់ទៅហើយ។


បើតាម​ទស្សនៈរបស់​គ្រួង៉ុយបានឲ្យយើង​បាន​ដឹងថា អ្វីដែល​ជាការរីកចម្រើនហៅថា ថ្កើង​ប្លែក​នោះគឺបាន​ត្រឹមតែជាការ​បំពេញបំណង​របស់​ភ្នែក​ដែល​បានឃើញនូវ​សោភណភាពនៃ​សង្គមមនុស្ស​ដ៏ស្រស់បំព្រងគួរឲ្យទាក់ទាញ​ចិត្ត​ប៉ុណ្ណោះ ដូចគេហៅថា ភ្នែក​ទិព្វ​តាមរយៈការ​បញ្ចាំងទូរទស្សន៍,វីដេអូ,ទូរស័ព្ទ,ហ្វេសប៊ុក,វេប​សាយ…។ល។ ប៉ុន្តែ​ចំពោះ​អ្វីដែល​គ្រូង៉ុយ​មានការ​ព្រួយបារម្ភជំនួស​មនុស្ស​ជំនាន់​ក្រោយ​ដែលជាកូនចៅ​នោះគឺបញ្ហា​ស្បៀងអាហារ​សម្រាប់ចិញ្ចឹមពោះតែម្តង។ ដូចឃ្លាកំណាព្យ​ខាងចុងនៃ​វគ្គបានបញ្ជាក់​ថា “ត្រីម៉ាំលែងថោក”។ តើហេតុអ្វីបានជាត្រីម៉ាំដែលតំណាងឲ្យ​អាហារដែល​ធ្លាប់​តែបាន​មកពីធម្មជាតិបឹងទន្លេ​នេះលែងថោក ព្រោះ​មានន័យថា ឡើងថ្លៃ​ខ្ពស់។ តើពិតជាអ៊ីចឹងមែនទេ? បើចង់​ដឹងច្បាស់គួរសួរ​អ្នកទៅផ្សារ​រាល់ព្រឹក​ថា តើកំពឹស​ ឬត្រី​ស្រែ​(ត្រី​តាម​ធម្មជាតិ) មួយ​គីឡូថ្លៃប៉ុន្មាន សព្វថ្ងៃនេះ?



ដូចនេះ​វាមិន​ខុសពី​ទស្សនៈគ្រូង៉ុយ​បាន​​​ព្យាករណ៍ទុក​មានរយៈពេលជាង​១០០ឆ្នាំ​មក​ហើយ​ដែល​មកដល់​ពេលនេះ​ឃើញហើយ​ថា ពិត​ជា​នគរ​ថ្កើងប្លែក​បានល្អ​ត្រឹមភ្នែកតែបញ្ហា​ត្រីសាច់​កាន់តែក្រទៅៗដែល​ត្រីលែងថោកគឺកាន់តែឡើង​ថ្លៃខ្ពស់​ធ្វើឲ្យ​ចិត្ត​រងកម្ម​ព្រោះ​តែរកអាហារ​ចម្អែត​ពោះ៕

លី ហាក់សេង



ទស្សនៈ​ ៖ ​ចក្ខុវិស័យ ​គ្រូង៉ុយ

Post a Comment

0 Comments

Close Menu