Ad Code

លោកយាយ​អាយុ​៦១​ឆ្នាំ​ចងក​សម្លាប់​ខ្លួន​ចោល​ចៅស្រី​តែ​ម្នាក់ ព្រោះ​មាន​ជម្ងឺផ្លូវចិត្ត

កំពង់ឆ្នាំង ៖ លោកយាយ​ម្នាក់​បាន​យក​ខ្សែលួស មក​ចងក​សម្លាប់​ខ្លួន​ដោយសារ​តែ​មាន​ជីវភាព​ខ្វះខាត និង​មាន​ជម្ងឺផ្លូវចិត្ត។


ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ ចំណុច​ភូមិ​ចាស់​តា​ស៊ឹម ស្ថិតនៅ​ក្នុងភូមិ​ជ្រលង​កក់ ឃុំ​ក្រាង​លាវ  ស្រុក​រលារ​ប្អៀ​រ តែ​លោកយាយ​បាន​ចងក​ស្លាប់​តាំងពី​យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥​មកម្ល៉េះ។


អ្នកស្រុក​ក្នុងភូមិ​ជ្រលង​កក់​បាន​ឲ្យ​ដឹង​ថា លោកយាយ​ដែល​ចងក​សម្លាប់​ខ្លួន​ខាងលើ​នេះ​ឈ្មោះ អួន យ៉ុង អាយុ​៦១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ  សព្វថ្ងៃ​គាត់​រស់នៅ​២​នាក់​ចៅស្រី អាយុ​១៤​ឆ្នាំ​ម្នាក់ ចំណែក​កូនចៅ​បែក​មាន​ប្តី​ប្រពន្ធ ទៅ​រស់នៅ​ឆ្ងាយៗ​អស់ហើយ  គឺ​មានតែ​ចៅស្រី​ម្នាក់នេះ ដែល​នៅ​ជូ​យ​មើល​ថែរក្សា​គាត់។


នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​លោកយាយ​រងគ្រោះ​ខាងលើ​នេះ​ដើរ​សំដៅ​ទៅ​ភូមិ​ចាស់​ដែល​ជា​កន្លែង​កើតហេតុ​នោះ​ដែរ តែ​គេ​មិនបាន​ចាប់អារម្មណ៍​ថា​គាត់​ទៅធ្វើ​អី​នៅ​ទីនោះ​ទេ  លុះ​ភ្លឺ​ឡើង​ទើប​មាន​អ្នកភូមិ​ប្រទះឃើញ  ហើយក៏​ផ្អើល​ឆោឡោ​ឡើង និង​បាន​រាយ​ការ​ណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​មក​ធ្វើ​ការពិនិត្យ​ផង​ដែរ។


លោកនាយ​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​ស្រុក​រលារ​ប្អៀ​រ​បាន​ឲ្យ​ដឹង​ថា ករណី​ស្លាប់​របស់​លោកយាយ​ខាងលើ​នេះ  ក្រោយពី​សមត្ថកិច្ច​ក្រុមបច្ចេកទេស​ធ្វើការ​ពិនិត្យ​ទៅលើ​សាកសព​រួចរាល់​ហើយ  សមត្ថកិច្ច​ឲ្យ​ដឹង​ថា ការ​ស្លាប់​របស់​លោក​យាយ គឺ​ពិតជា​បាន​ស្លាប់​ដោយ​ចងក​ធ្វើ​អត្តឃាត​ប្រាកដ​មែន​។ សព​លោកយាយ​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​និង​អ្នកភូមិ​ជួយ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី៕



លោកយាយ​អាយុ​៦១​ឆ្នាំ​ចងក​សម្លាប់​ខ្លួន​ចោល​ចៅស្រី​តែ​ម្នាក់ ព្រោះ​មាន​ជម្ងឺផ្លូវចិត្ត

Post a Comment

0 Comments

Close Menu