Ad Code

UN ​៖ ​មាន​ស្លាប់​ដល់ទៅ​ជាង​៤០០​នាក់​ ដោយសារ​កញ្ជ្រឹល​នៅ​ភាគ​អាគ្នេយ៍​កុងហ្គោ

ការ​កើត​មាន​ករណី​ចម្លង​កញ្ជ្រឹល​​មួយ​នៅ​​តំបន់​រ៉ែ​​ស្ពាន់ភាគ​អាគ្នេយ៍ នៃសាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​កុងហ្គោ បានសម្លាប់មនុស្ស​៤២៨​នាក់ ហើយបានចម្លង​​មនុស្ស​ប្រមាណ​៣០,០០០នាក់ ចាប់តាំងពី​ផ្ដើម​ឡើង​​នៅឆ្នាំ​​នេះ នេះ​ជាការ​លើកឡើង​​ដោយសហ​ប្រជា​ជាតិ។


មានស្លាប់ជាង​១០០នាក់ និង​មាន​បន្ថែម​ជាង​​១០,០០០​ករណីថ្មី​នៃ​ការ​ឆ្លង​ត្រូវបាន​កត់​ត្រា​​ ចាប់តាំង​ពី​ពាក់កណ្ដាល​​ខែ​សីហា​មក ពេល​ដែល​អង្គការ​សហប្រជាជាតិ បានសន្យា​​ផ្ដល់​ទឹកប្រាក់​២.៤​លាន​ដុល្លារ​សម្រាប់​ការ​​ប្រយុទ្ធ​ទប់ទល់​​ទៅនឹង​​ការ​កើត​មាន​ជំងឺ​​កញ្ជ្រឹល​​នៅ​អតីត​​ខេត្ដ Katanga ដែល​កាលពី​ពេលថ្មីៗ​នេះ​​​ត្រូវ​បានពុះ​ចែកចេញ​ជាបួនផ្នែក។


ក្រុមជំនួយ​មនុស្សធម៌​បាននិយាយថា ទឹក​ប្រាក់​មិនគ្រប់គ្រាន់​ទេ​ សូម្បី​តែ​​ផ្លូវ​ក៏​​ពិបាក​​ធ្វើ​ដំណើរ​​ រួមទាំង​សេវា​សុខាភិបាល​ទៀត​សោត​ក៏​ខ្វះខាត​សម្រាប់​ការ​បើក​យុទ្ធនាការ​​ចាក់​វ៉ាក់​សាំុង​​បង្កា​រនោះ។


ការ​កើត​មានជំងឺ​កញ្ជ្រឹល​កាន់តែ​ធ្ងន់​​ ចាប់​តាំងពីឆ្នាំ​២០១០-១១ ខណៈដែល​​មនុស្ស​១,០៨៥​នាក់បានស្លាប់ ហើយប្រមាណ​៧៧,០០០​នាក់​ទៀត​រងការ​ចម្លង​នៅក្នុង​អតីត​​ខេត្ដ Katanga នោះ។


កញ្ជ្រឹល​ជាជំងឺ​​ដែលឆ្លង​ដោយសារ​វីរុស​​អាច​បណ្ដាល​ឲ្យ​​កើត​អាការៈ​ស្មុគស្មាញ​ អាច​បាត់​បង់​​ជីវិតបាន ដោយសារ​តែ​កើត​​អាការៈរាករូស ខ្សោះជាតិទឹក រង​ជំងឺ​ផ្លូវ​ដង្ហើម និង​រលាក​ខួរ​ក្បាល អត្រា​នៃ​មរណភាព​អាច​កើត​ឡើង​ខ្ពស់​រហូត​ដល់​២០​ភាគរយ​នៅ​ក្នុង​បណ្ដា​​ប្រទេស​ក្រីក្រ នេះ​បើ​យោង​តាម​ការឲ្យដឹង​​ពី​អង្គ​ការ​វេជ្ជសាស្ដ្រ​សប្បុរស​គ្រូពេទ្យគ្មាន​ព្រំដែន Medecins Sans Fronctieres បើទោះ​ជាតម្លៃ​វ៉ាក់សាំង​ត្រឹមតែ​ប្រមាណ​១ដុល្លារ​ចំពោះ​កុមារម្នាក់​ក៏ដោយ។


អង្គការ​សុខភាព​ពិភព​លោក​ WHO បាន​ព្រមាន​កាលពីខែ​វិច្ឆិកា ឆ្នាំ​ទៅមិញថា ភាព​ចម្រើន​ជឿន​លឿន​ឆ្ពោះទៅ​លុបបំបាត់​ជំងឺ​កញ្ជ្រឹល​​នេះ បាន​​ពន្យារពេល​ទូទាំង​ពិភព​លោក​ ព្រោះតែ​​ខ្វះខាត​វ៉ាក់សាំង៕


Reuters



UN ​៖ ​មាន​ស្លាប់​ដល់ទៅ​ជាង​៤០០​នាក់​ ដោយសារ​កញ្ជ្រឹល​នៅ​ភាគ​អាគ្នេយ៍​កុងហ្គោ

Post a Comment

0 Comments

Close Menu