ក្រុមបាល់ទាត់ទាំង៤៧ ក្រុមដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់បាល់ទាត់ឈ្មោះថា Soccer League 2015 ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា (FFC) នឹងចាប់ផ្ដើមប្រកួតវគ្គជម្រុះបឋមរបស់ខ្លួនតាំងពីរសៀលថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ មកម្ល៉េះ។
សម្រាប់ក្រុមដែលត្រូវប្រកួតជម្រុះនៅថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះក្នុងពូល ក មាន ក្រុម ស.ស.យ.កក្រុងកំពង់ឆ្នាំង ជួបក្រុមស.ស.យ.កខេត្តកំពង់ស្ពឺ នៅទីលានពហុកីឡដ្ឋានជាតិ វេលាម៉ោង ២ រសៀល ហើយក្រុមបុគ្គលិកសិក្សាធិការទេពប្រណម្យ ជួបស.ស.យ.ក ក្រសួងមហាផ្ទៃ នៅវេលាម៉ោង ៤ រសៀល និងក្រុមពិស្ហុការអេហ្វស៊ី ជួបក្រុមយុវជនមូស្លីមអះម៉ាឌីយ៉ាកម្ពុជា វេលាម៉ោង២ រសៀលនៅកីឡដ្ឋានវេស្ទើន ខណៈពូល ខ ខណ្ឌទួលគោក ជួបក្រុមចលនាយុវជនកម្ពុជាក្រុម១៥៧ នៅវេលាម៉ោង៦។ ២ គូចុងក្រោយធ្វើឡើងនៅកីឡដ្ឋាន RSN Stadium ដូចគ្នាដោយក្រុមអាកាសចរស៊ីវិល ជួបក្រុមព្រីមៀមស្ព័រក្លិប នៅម៉ោង ២ រសៀល ហើយក្រុមណារីតាអែហ្វស៊ី ជួបក្រុម ស.ស.យ.ក ខេត្តព្រះសីហនុ នៅម៉ោង ៤ រសៀល។
យោងតាមសម្រេចចុងក្រោយរបស់គណៈកម្មាការរៀបចំការប្រកួតពានរង្វាន់នេះរៀបចំជាវគ្គជម្រុះ បឋមនិង ជុំផ្ដាច់ព្រ័ត្រ នៅ ៣ កីឡដ្ឋានផ្សេងៗគ្នា។ សម្រាប់ការប្រកួតជម្រុះវគ្គបឋមពីចាប់ផ្ដើមពីថ្ងៃទី ១ ដល់ ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅកីឡដ្ឋានវេស្ទើន, កីឡដ្ឋានភ្នំពេញក្រោន និង ពហុកីឡដ្ឋានជាតិ។ ចំណែកវគ្គផ្ដាច់ព្រ័ត្រ ដែលនៅសល់ក្រុមចំនួន ៣២ ក្រុមនឹងចាប់ដំណើរការពីថ្ងៃទី ១ ដល់ ៣១ ខែធ្នូ ឆ្នាំ ២០១៥ រៀបចំពហុកីឡដ្ឋានជាតិ។
សូមបញ្ជាក់ថា ក្រុមដែលមានសិទ្ធិចូលប្រកួតក្នុងពានរង្វាន់នេះ មានដូចជា ស.ស.យ.ក ទាំង ២៥ រាជធានី/ខេត្ត ក្រុមគ្រឹះស្ថានឧត្ដមសិក្សា ក្រសួង/ស្ថាប័ន/មន្ទីរ/ខណ្ឌទាំងអស់ រួមទាំងក្រុមហ៊ុនឯកជន/អង្គការ/សមាគម ផងដែរ។
ពានរង្វាន់នេះអនុញ្ញាតឲ្យក្រុមនីមួយៗអាចចុះឈ្មោះកីឡាកររបស់ខ្លួនដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយកីឡាករទាំងអស់នោះមែនជាសមាជិករបស់ក្លិបក្នុងលីកបាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីក (Metfone Cambodian League) គិតចាប់ពីឆ្នាំ ២០១១ មកដល់បច្ចុប្បន្ន ហើយមិនមែនជាកីឡាករក្នុងក្របខណ្ឌក១ ពីឆ្នាំ ២០១២ ដល់បច្ចុប្បន្នដូចគ្នា។ ក្រុមនីមួយៗ មានសិទ្ធិចុះឈ្មោះកីឡាកររបស់ខ្លួនបានត្រឹមតែចំនួន ២០ នាក់ បូករួមជាមួយថ្នាក់ដឹកនាំក្លិប ៥ នាក់ទៀតប៉ុណ្ណោះ៕
វគ្គជម្រុះបឋមបន្តប្រកួតនៅថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ
0 Comments