ក្រុមណាហ្គាវើល មានឈ្មោះឡើងទៅលេងក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយជួបជាមួយក្រុមភ្នំពេញ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ២០១៥ (Metfone Cambodian League 2015) ទោះជាចាញ់បឹងកេតអង្គរ ជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ២ ទល់ ១ ក៏ដោយ។
សូមសរុបលទ្ធផលជើងទី២ ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិ ល្ងាចថ្ងៃសៅរ៍ ទី ១១ ខែ វិច្ឆិកា ម្សិលមិញ កីឡាករ ឃួន ឡាបូរ៉ាវី ប្រធានក្រុមបឹងកេតអង្គរ បានរកគ្រាប់បាល់នាំមុខចុងតង់ទី១ ដោយលទ្ធផល ១ ទល់ ០។ ចូលដល់តង់ទី២ កីឡាករ ចាន់ វឌ្ឍនាកា របស់បឹងកេតអង្គរ បានរកគ្រាប់ទី២ ឲ្យក្រុមដោយបាល់ពិន័យ១១ម៉ែត្រ នៅនាទី ៧៦។ ប៉ុន្ដែចូលដល់នាទី ៨៦ កីឡាករ គួច សុកុម្ភៈ របស់ណាហ្គាវើល បានរកគ្រាប់បាល់ ១គ្រាប់វិញ និងជាគ្រាប់ជ័យជម្នះ។ សរុបគ្រាប់បាល់ទាត់ ២ ជើង ណាហ្គាវើល ឈ្នះបឹងកេតអង្គរ ៤ ទល់ ៣។
ជ័យជម្នះកាត់សេចក្ដីក្នុងជើងទី២ នេះធ្វើឲ្យណាហ្គាវើល ឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រ ជាមួយក្រុមភ្នំពេញក្រោន ដែលកំពុងអង្គុយចាំ។ សម្រាប់វគ្គផ្ដាច់ព្រ័ត្រ ក្នុងពានរង្វាន់ MCL 2015 ជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែ វិច្ឆិកា ខាងមុខលើទីលានពហុកីឡដ្ឋានជាតិ ខណៈជើងទី២ នឹងបន្តធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ មុនស្វែងរកឃើញក្រុមជើងឯកប្រចាំរដូវកាល ២០១៥ នេះ៕
ណាហ្គាវើល ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ MCL 2015 ទោះជាចាញ់បឹងកេតអង្គរ ជុំទី២ ក៏ដោយ
0 Comments