កីឡាករ ចាន់ វឌ្ឍនាកា ដែលជាសមាជិកក្នុងក្លិបបឹងកេតអង្គរ និងក្រុមជម្រើសជាតិកម្ពុជា កំពុងតែមានភ្នាក់ងារដោះដូរកីឡាកររបស់ជប៉ុន ដែលមានទីតាំងក្នុងទីក្រុងបាងកក ប្រទេសថៃ ចង់នាំរូបគេទៅលេងក្នុងក្លិបអាជីពកំពូលរបស់ជប៉ុន (J-League)។
កីឡាករ ចាន់ វឌ្ឍនាកា បានបង្ហាញជំហរថាខ្លួនចង់ទៅស្វែងរកបទពិសោធន៍នៅក្រៅប្រទេស ជាពិសេសប្រទេសជប៉ុនដែលមានកម្រិតបាល់ទាត់ស្តង់ដារពិភពលោកបែបនេះ ដោយមិនគិតថាក្លិបណាឬក្លិបណានោះទេ។
លោក បែ មករា អ្នកចាត់ការទូទៅក្រុមបឹងកេតអង្គរ ធ្លាប់បានលើកឡើងថា មានភ្នាក់ងារដោះដូរកីឡាករដែលនៅប្រទេសថៃ បានមកតាមដានទស្សនាការប្រកួតរបស់ ចាន់ វឌ្ឍនាកា ចំនួន ២ លើកមកហើយដោយនៅកម្ពុជា ១ ប្រកួតនិង១ ប្រកួតទៀតពេលបឹងកេត ទៅប្រកួតនៅក្នុងពានរង្វាន់ Mekong Club Championship ជាមួយក្រុម Lao Toyota កាលពីដើមខែ។
មកដល់ពេលឥឡូវនេះលោកក៏មិនទាន់ដឹងច្បាស់ថា តើក្លិបណានោះទេ ដែលចាប់អារម្មណ៍ វឌ្ឍនាកា ព្រោះខាងភ្នាក់ងារដោះដូរកីឡាករកំពុងតែចរចាសិន។ ទោះជាមានការទាក់ទងមកពីខាងជប៉ុនក៏ពិតមែន តែលោក បែ មករា មិនហ៊ានសម្រេចដោយចិត្តឯងថាឲ្យ ចាន់ វឌ្ឍនាកា ទៅនោះដែរ ដោយរង់ចាំពិភាក្សាជាមួយ កីឡាករ អាណាព្យាបាល ក៏ដូចជា ប្រធានក្លិបជាមុនសិន។
សូមបញ្ជាក់ថា កីឡាករ ចាន់ វឌ្ឍនាកា ជាអតីតកីឡាករក្នុងយុវជនរបស់ក្លិប ព្រះខ័នរាជ (សព្វថ្ងៃហៅថាស្វាយរៀងអែហ្វស៊ី) ហើយនៅឆ្នាំ ២០១២ រូបគេបានផ្ទេរទៅកាន់ក្លិបបឹងកេតអង្គរ រហូតដល់សព្វថ្ងៃ។ គេធ្លាប់ទទួលបានពានរង្វាន់ជាឯកត្តជនចំនួន ៣ ហើយពីស្ថាប័នកីឡាកំពូលដូចជា កាលពីឆ្នាំ ២០១២ រូបគេត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផ្ដល់ពានរង្វាន់អត្តពលិកឆ្នើមវ័យក្មេងប្រចាំឆ្នាំ ( Cambodia Best Young Player of the Year)។ នៅឆ្នាំ ២០១៣ រូបគេទទួលបានស្បែកជើងមាសក្នុងពានរង្វាន់សម្ដេចហ៊ុន សែន (Hun Sen Cup) ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ នៅឆ្នាំ ២០១៤ វឌ្ឍនាកា ទទួលបានពានរង្វាន់កីឡាករឆ្នើមប្រចាំពានរង្វាន់លីកកំពូលកម្ពុជា (Most Valuable Player)។ ក្នុងពានរង្វាន់លីក MCL រដូវកាល២០១៥នេះ វឌ្ឍនាកា កំពុងត្រៀមខ្លួនទទួលស្បែកជើងមាសម្ដងទៀត ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយរកបានគ្រាប់បាល់ ៣៥ គ្រាប់ម្នាក់ឯង ច្រើនជាងកីឡាករដទៃទៀត៕
មានពាក្យចចាមអារ៉ាមថា ក្លិបនៅជប៉ុន ចាប់អារម្មណ៍កីឡាករ ចាន់ វឌ្ឍនាកា?
0 Comments