ភ្នំពេញ ៖ គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយលោកឈាង វុន និងអមដំណើរដោយលោកយ៉ែម ប៉ុញ្ញប្ញទ្ធិ និងលោកស្រី បាន ស្រីមុំ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ បានអញ្ជើញទៅសួរសុខទុក្ខតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន២ រូប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ បន្ទាប់ពីទទួលរងអំពើហិង្សា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។
លោក យ៉ែម ប៉ុញ្ញប្ញទ្ធិ ដែលបានអញ្ជើញទៅប្រទេសថៃដែរនោះ បានឲ្យដឹងថា គណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា បានមកសួរសុខទុក្ខអ្នកតំណាងរាស្ត្រទាំងពីររូប គឺលោក គង់ សភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងលោក ញ៉យ ចំរើន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដែលកំពុងសម្រាកព្យាបាលរបួសនៅប្រទេសថៃតាំងពីថ្ងៃទី២៧ ខែតុលា។ លោកបន្តថា តំណាងរាស្ត្រទាំងពីរមិនទាន់ត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យនៅឡើយទេ ដោយសារលោកទាំងពីរនៅឈឺគ្រាំក្នុងទ្រូង និងបញ្ហាត្រចៀកនៅឈឺស្តាប់មិនទាន់ ឮច្បាស់។
សូមបញ្ជាក់ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន២ រូប គឺលោក គង់ សភា តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងលោក ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ត្រូវបានមនុស្សមួយក្រុមបាននាំគ្នាប្រើអំពើហិង្សា បណ្តាលឲ្យរបួសយ៉ាងធ្ងន់ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ ហើយកាលពីចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចាត់តាំងតំណាងដ៏ខ្ពង់ខ្ពស់ដឹកនាំដោយលោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រយ៍ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ចុះបំពេញបេសកកម្មសួរសុខទុក្ខ នៅមន្ទីរពេទ្យផ្សារថៃ ទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ។
គណៈប្រតិភូរដ្ឋសភាដឹកនាំដោយលោកឈាង វុន ដែលមានសមាសភាពចូលរួមមានទី១-លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ទី២-លោកស្រីបាន ស្រីមុំ សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា៕
គណៈប្រតិភូរដ្ឋសភាអញ្ជើញសួរសុខទុក្ខតំណាងរាស្ត្រCNRP ដែលកំពុងសម្រាកព្យាបាលនៅថៃ
0 Comments