ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកលើកស្ទួយដល់វិស័យការងារ ក៏ដូចជាវិស័យអប់រំនៅកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ ខេមបូឌា បានចូលរួមពិព័រណ៍ការងារថ្នាក់ជាតិលើកទី៥ ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាថ្ងៃទី០៦ – ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ ដោយមានការចូលរួមពី គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ការចូលរួមពីវាគ្មិនកិត្តិយសដែលបានធ្វើបទបង្ហាញអំពីប្រធានបទសំខាន់ៗ មួយចំនួនដល់ សិស្ស និស្សិត គ្រប់មជ្ឈដ្ឋាន ជាច្រើនពាន់នាក់។
លោក ស្រី ស៊ាង ស៊ីណាត ប្រធានផ្នែកធនធានមនុស្ស និង វប្បធម៌ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ ខេមបូឌា បានមានប្រសាសន៍ថា វីសិនហ្វាន់ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ និងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែមួយគត់នៅកម្ពុជា ដែលមានបណ្តាញ វីសិនហ្វាន់ អន្តរជាតិទាំង៣៥ ប្រទេស ជុំវិញពិភពលោក។ ជាមួយនឹងបេសកកម្មចម្បង គឺការធ្វើឲ្យជីវិតកុមារមានភាពប្រសើរឡើង តាមរយៈការផ្តល់កម្ចីខ្នាតតូច និងសេវាហិរញ្ញវត្ថុផ្សេងៗ ដល់គ្រួសាររបស់ពួកគេ។ កិច្ចការងាររបស់យើង គឺផ្តល់អំណាចដល់អតិថិជនឲ្យទទួលបានជោគជ័យក្នុងការពង្រីកអាជីវកម្ម ដែលនឹងផ្តល់លទ្ធភាពដល់កូនៗរបស់ពួកគេ ឲ្យធំធាត់ប្រកបដោយសុខភាពល្អ និងការសិក្សាអប់រំប្រសើរជាងមុន។ លើសពីនេះ វីសិនហ្វាន់ ខេមបូឌា ក៏មានផ្តល់នូវសេវាហិរញ្ញវត្ថុជាច្រើន រួមមាន សេវាប្រាក់កម្ចី ប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើសម្រាប់កុមារ និង សេវាផ្ទេរប្រាក់ នៅគ្រប់ខេត្ត និងក្រុងទូទាំងប្រទេស។
លោកស្រី បានបន្តថា វីសិនហ្វាន់ ខេមបូឌា ជានិច្ចកាលតែងតែ ផ្តល់ឱកាសការងារដល់យុវជន ដែលជាសិស្ស និស្សិត បញ្ចប់ការសិក្សា ពីមហាវិទ្យាល័យនានា ហើយមានសមត្ថភាព គ្រប់គ្រាន់ និងមានបំណងស្វែងរកការងារធ្វើ ដែលពួកគេអាចដាក់ពាក្យធ្វើការប្រឡង ពីសមត្ថភាពរបស់ខ្លួន នៅ វីសិនហ្វាន់ ខេមបូឌា បាន ដែលដំណាក់កាលនីមួយៗ ត្រូវធ្វើឡើង ប្រកបដោយសច្ចភាព និងមិនមានការរើសអើងនោះឡើយ។ វីសិនហ្វាន់ ខេមបូឌា មានកញ្ចប់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ប្រាក់លើកទឹកចិត្ត អត្ថប្រយោជន៍ផ្សេងៗទាំងប្រចាំខែ និងប្រចាំឆ្នាំ ការបណ្តុះបណ្តាល សមត្ថភាព និងជំនាញការងារ ក៏ដូចជា ការយកចិត្តទុកដាក់លើសុខុមាលភាព និងសុវត្ថិភាពបុគ្គលិក រួមបញ្ចូលទាំងការផ្តល់ សេវាធានារ៉ាប់រងសុខភាព និងអាយុជីវិត និង មានកម្មវិធីលើកទឹកចិត្តដល់បុគ្គលិកព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើន។
ជារៀងរាល់ឆ្នាំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ តែងតែធ្វើការជ្រើសរើសបុគ្គលិកជាមធ្យមជាង ៥០០នាក់ និង ផ្តល់ឱកាសឲ្យនិស្សិតចូលហ្វឹកហាត់ការងារដើម្បីឲ្យពួកគេក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ការងារជាក់ស្តែង។
គួរបញ្ជាក់ថា វីសិនហ្វាន់ ខេមបូឌា គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងឆ្នាំ ២០០៤ និង អាជ្ញាប័ណ្ណបញ្ញើសន្សំក្នុង ឆ្នាំ២០១១ ហើយក៏ជាគ្រឹះស្ថាននាំមុខគេខាងផ្នែកសង្គម។
វីសិនហ្វាន់ ខេមបូឌា មានបុគ្គលិកសរុបជិត ១៥០០នាក់ បម្រើអតិថិជន និងបានជួយផ្លាស់ប្ដូរជីវភាពរបស់ប្រជាជន នៅតាមសហគមន៍ សរុបជាង ២៦ម៉ឺនគ្រួសារ ព្រមទាំងផ្តល់ផលប៉ះពាល់លើកុមារកម្ពុជា សរុបជាង ៨ សែននាក់ នាដំណាច់ ខែកញ្ញា ឆ្នាំ ២០១៥៕
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ ខេមបូឌា ចូលរួមលើកស្ទួយវិស័យការងារនៅកម្ពុជា
0 Comments