ឆ្មាំសមុទ្ររបស់ក្រិកបានបដិសេធយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ពីប្រទេសទួរគីដែលថា ខ្លួនមានចេតនាព្យាយាមពន្លិចទូកដឹកជនភៀសខ្លួនស៊ីរី ដែលកំពុងឆ្លងកាត់សមុទ្រ Aegean។
វីដេអូមួយបានបង្ហាញថា បុរសម្នាក់កំពុងព្យាយាមយកឈើទៅចាក់ទម្លុះទូកពោងមួយ ទោះបីជាវាកំពុងដឹកជនភៀសខ្លួនចំនួន ៥៨ នាក់ក៏ដោយ។ វីដេអូនេះត្រូវបានចេញផ្សាយដោយវិទ្យាស្ថានការទូតសាធារណៈទួរគី។
ទូកបានចាប់ផ្ដើមលិច ដោយជនភៀសខ្លួនបានផ្លុំកញ្ចែ និងស្រែកឲ្យគេជួយ។ ឆ្មាំសមុទ្ររបស់ប្រទេសទួរគីបានធ្វើអន្តរាគមន៍ និងបានទាញជនចំណាកស្រុកទៅកាន់ទីសុវត្ថិភាព។ បន្ទាប់មកពួកគេត្រូវបានគេនាំយកទៅកំពង់ផែ Didim របស់ទួរគី។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ឆ្មាំសមុទ្រក្រិកបានបដិសេធយ៉ាងខ្លាំង ចំពោះការចោទប្រកាន់នេះ។
សេចក្ដីថ្លែងការណ៍មួយបានលើកឡើងថា “ទីស្នាក់ការកណ្ដាលនៃឆ្មាំសមុទ្រក្រិកបានបដិសេធចំពោះសេចក្ដីរាយការណ៍នេះ នៅក្នុងកាសែតបរទេស និងនៅលើគេហទំព័របរទេស”។
សេចក្ដីថ្លែងការណ៍នេះបានបន្ថែមថា ទាំងឆ្មាំសមុទ្រក្រិក និងទួរគីកំពុងជួយជាមួយអ្នកដទៃទៀត ក្នុងការព្យាយាមសង្គ្រោះទូក ដែលផ្ទុកជនភៀសខ្លួន។
ទន្ទឹមនោះដែរ Reuters បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ហើយប្រធានឆ្មាំសមុទ្រក្រិកត្រូវបានបង្ហាញវីដេអូនេះ ដោយសមភាគីទួរគីរបស់លោក។
លោកឧត្ដមនាវី Hakan Ustem មេបញ្ជាការនៃឆ្មាំសមុទ្រទួរគីបាននិយាយថា “យើងនឹងរីករាយយ៉ាងខ្លាំង បើសិនជាអ្នកបញ្ជាឲ្យក្រុមរបស់អ្នកជៀសវាងសកម្មភាពបែបនេះ”។
ដោយឡែក ឆ្មាំសមុទ្ររបស់ក្រិកបាននិយាយថា ពួកគេបានជួយសង្គ្រោះជនភៀសខ្លួនប្រហែល ៩០០០០ នាក់ ដែលបានជាប់គាំងនៅក្នុងសមុទ្រចាប់តាំងពីដើមឆ្នាំ ២០១៥ មក។
នេះមិនមែនជាលើកដំបូងទេ ដែលមានសេចក្ដីរាយការណ៍អំពីក្រុមមនុស្សមួយចំនួនកំពុងព្យាយាមពន្លិចទូកដឹកជនភៀសខ្លួន។
របាយការណ៍រិះគន់មួយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក្នុងខែតុលា បានឲ្យដឹងថា បុរសពាក់ម៉ាស់ប្រដាប់អាវុធមកពីជុំវិញកោះក្រិក គឺបានកំណត់គោលដៅលើទូកជនចំណាកស្រុក និងរុញពួកគេឲ្យត្រឡប់ទៅវិញ ដោយពេលខ្លះបានបោះម៉ាស៊ីនទូកពួកគេចោល។
ឧប្បត្តិហេតុចំនួនពីរត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅថ្ងៃទី៧ និងទី ៩ ខែតុលានៅពេលដែលអ្នកវាយប្រហារត្រូវបានគេចោទប្រកាន់ថា បានបិទម៉ាស៊ីនទូកជាច្រើន និងបានទម្លុះប្រហោងទូកពោងរបស់ពួកគេ។ ទូកមួយចំនួនត្រូវបានគេសណ្ដោងឲ្យត្រឡប់ចូលទៅកាន់ដែនទឹករបស់ទួរគីវិញ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សមានការខឹងសម្បាយ៉ាងខ្លាំង ចំពោះការរកឃើញនេះ ហើយអ្នកជំនាញក្រិករបស់អង្គការនេះគឺលោកស្រី Eva Cosse កំពុងទាមទារឲ្យធ្វើសកម្មភាព។ លោកស្រីបាននិយាយថា សកម្មភាពបទល្មើសព្រហ្មទណ្ឌទាំងនេះតម្រូវឲ្យមានការឆ្លើយតបជាបន្ទាន់ពីអាជ្ញាធរក្រិក៕
RT
ទីក្រុងអាតែនបដិសេធថា ឆ្មាំសមុទ្រក្រិកគ្មានចេតនាព្យាយាមពន្លិចទូកជនភៀសខ្លួនស៊ីរីទេ
0 Comments