ភ្នំពេញ ៖ នៅម៉ោង៨ថ្ងៃទី២២ ខែវិច្ឆិកានេះពិធីបង្សុកូលឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុរត់ជាន់គ្នាលើស្ពានពេជ្រគំរប់ខួប៥ឆ្នាំបានធ្វើឡើងនៅស្តុបមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយបាននិមន្តព្រះសង្ឃចំនួន១០៨អង្គរាប់បាត្រទៅតាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ដែលពិធីនេះរៀបចំដោយសាលារាជធានីភ្នំពេញ។
ពិធីនេះត្រូវបានធ្វើឡើងនៅស្តូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះស្ថិតនៅ ជាប់ស្ពាននាគនៃតំបន់កោះពេជ្រជាទីដែលជនរងគ្រោះបានបាត់បង់ជីវិត កាលពី៥ឆ្នាំមុនក្នុងឧបទ្ទវហេតុរត់ជាន់គ្នាកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ កន្លងទៅ។ អញ្ជើញចូលរួមនាឱកាសនោះរួមមាន លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, មន្ត្រីរាជការ, អាជ្ញាធរដែនដី, សាច់ញាតិក្រុមគ្រួសាររបស់ជនរងគ្រោះ និងប្រជាពលរដ្ឋបានចូលរួមជាច្រើនរយនាក់។
នេះជាពិធី តាមបែបសាសនាសុទ្ធសាធ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធជូនជនរងគ្រោះនៅលើស្ពានកោះពេជ្រ និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធអ្នកដែលបានលាចាកលោកទៅនោះ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ម្យ៉ាងទៀតក៏បានបង្ហាញឲ្យឃើញពីមនោសញ្ចេតនាសោកស្ដាយ អាឡោះអាល័យយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារនៃជនរងគ្រោះចំពោះការបាត់បង់ សមាជិកគ្រួសារក្នុងហេតុការណ៍ដ៏សោកសង្រេងកាលពី៥ឆ្នាំមុន។
លោក ប៉ា សុជាតិវង្ស មានប្រសាសន៍ថា ការរៀបចំបុណ្យបង្សុកូលនេះធ្វើឡើងក្រោមអនុសាសដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ក្នុងគោលដៅតែម្យ៉ាងគត់គឺមនុស្សធម៌ និងតាមប្រពៃណីសាសនា។
លោកអភិបាលមានប្រសាសន៍ថា អាស្រ័យដោយមានការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល, សាលារាជធានីភ្នំពេញ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសដោយមានការចូលរួមពីប្រជាពលរដ្ឋផងនោះ ធ្វើឲ្យការរៀបចំព្រះរាជពីធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំនេះប្រព្រឹត្តទៅដោយរៀបរយល្អទាំងសន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចការរៀបចំឲ្យមានកន្លែងកំសាន្តសប្បាយច្រើនកន្លែង។
លោក ប៉ា សុជាតិវង្ស បានប្រកាសថា ពិធីបង្សុកូលឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៅកោះពេជ្រនេះ សាលារាជធានីភ្នំពេញនឹងធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២២ ខែវិច្ឆិកា និងសូមអញ្ជើញសាច់ញាតិ បងប្អូន ជនរងគ្រោះចូលរួមតាមពេលវេលាកំណត់នេះ។ មានប្រសាសន៍យោងទៅលើការរៀបចំពិធីបង្សុកូលដាច់ដោយឡែករបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២១ ខែវិច្ឆិកា លោកអភិបាលគូសបញ្ជាក់ថា វាមិនមែនជាការធ្វើឡើងដោយសុទ្ធចិត្តនោះទេ តែជាការកេងចំណេញខាងនយោបាយ។ យើងមិនចង់ឃើញការបែងចែក សូម្បីតែធ្វើបុណ្យក៏ប្រកាន់ដែរនោះទេ ព្រោះវាបានបង្ហាញពីការមិនឯកភាពគ្នាស្រុះស្រួលគ្នា នៅពេលដែលគណបក្សនយោបាយទាំង២កំពុងតែអង្គុយធ្វើការជាមួយគ្នា។
ក្នុងឱកាសនោះដែរ លោក ប៉ា សុជាតិវង្ស និងលោកស្រី លោកម៉ប់ សារិន រួមនឹងមន្ត្រីរាជការ សាច់ញាតិ ជនរងគ្រោះ បានអញ្ជើញរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គ និងបានសំណេះសំណាលជា មួយក្រុមគ្រួសារជនរងគ្រោះ និងបាននាំយកថវិការបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅជូនដល់គ្រួសារជនរងគ្រោះចំ នួន៧៤នាក់ក្នុងម្នាក់២០ម៉ឺនរៀល និងជូនលោកយាយ លោកតាដែលបានចូលរួមក្នុងពិធីនេះផងដែរ៕
និមន្តព្រះសង្ឃចំនួន១០៨អង្គ រាប់បាត្របង្សុកូលឧទ្ទិសកុសល ដល់ជនរងគ្រោះដែលស្លាប់ដោយរត់ជាន់គ្នានៅកោះពេជ្រគំរប់ខួប៥ឆ្នាំ
0 Comments