កំពង់ស្ពឺ ៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ម៉ោង១១និង៣០នាទី លើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ៤២-៤៣ ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2Q.2722 បើកបរដោយឈ្មោះឈុំ ប្រាក់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជើងដឹក ឃុំប្រាំយ៉ាង ស្រុកស្រី សន្ធរ ខេត្តកំពង់ចាម ធ្វើដំណើរមក ពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើបានបុក ម៉ូតូ ១គ្រឿងម៉ាកហុងដាC125សេរី2015 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1G.1418 អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ(ជិះគ្នា២នាក់។
លោកវរសេនីយ៍ត្រី ឃុត សុផល អធិការស្រុកសំរោងទងបានឲ្យដឹងថា អ្នករងគ្រោះនិងរថយន្តខាងលើគេបានឃើញធ្វើដំណើរស្របទិសគ្នា ពេលនោះម៉ូតូបានបត់ឆ្លងផ្លូវពីទិសខាងត្បូងទៅទិសខាងជើងបណ្ដាលមកបុកឡានចំពីមុខពេញទំហឹងបណ្ដាល ឲ្យអ្នកជិះម៉ូតូស្លាប់1នាក់ របួសធ្ងន់១នាក់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត កំពង់ស្ពឺ។
អធិការបន្តថា ចំណែកអ្នកបើករថយន្ត បានចុះរត់គេចខ្លួនបាត់ ដោយឃើញស្ថានភាពមានអ្នកស្លាប់និងរងរបួសយ៉ាងធ្ងន់ធ្ងរ។ អ្នកបើកបរត្រូវបានអ្នកជិះរថយន្តនោះ បានប្រាប់ឈ្មោះដល់សមត្ថកិច្ច ទើបបានស្គាល់នេះ។
បច្ចុប្បន្នទាំងរថយន្តនិង ម៉ូតូខូចកម្រិតស្រាល ត្រូវបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕
បត់មិនមើលបុកស្លាប់ម្នាក់របួសធ្ងន់ម្នាក់
0 Comments