បាត់ដំបង ៖ ស្ត្រីវ័យចំណាស់ម្នាក់បានរងរបួសជាទម្ងន់ ព្រមទាំងបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ផងដែរ បន្ទាប់ពីស្ត្រីវ័យចំណាស់រូបនេះបានធ្វើដំណើរចាកចេញពីវត្តឆ្លងថ្នល់ត្រឡប់ទៅផ្ទះ ហើយត្រូវម៉ូតូបុកប៉ើងនៅកណ្ដាលទ្រូងផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង៤និង៥០នាទីល្ងាច តាមបណ្ដោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
លោក ម៉ី ឆេងលី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំសំពៅបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានស្ត្រីម្នាក់ឈ្មោះ ឡឹក ខូ អាយុ៧៩ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុខាងលើបានដើរចេញពីវត្តទ្រុងមាន់ បំណងឆ្លងកាត់ផ្លូវត្រឡប់ទៅផ្ទះវិញក្នុងទិសដៅពីត្បូងទៅជើង។
លោកនាយប៉ុស្តិ៍បានបន្តថា លុះខណៈដែលស្ត្រីរូបនោះកំពុងតែឆ្លងដល់កណ្ដាលទ្រូងផ្លូវទៅហើយនោះ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1R-6663 បានបើកបរដោយបុរសម្នាក់យ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត ហើយក៏បានបុកទៅលើស្ត្រីវ័យចំណាស់រូបនោះយ៉ាងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះប៉ើងដួលដេកនៅកណ្ដាលទ្រូងផ្លូវតែម្ដង។ ដោយឡែកម៉ូតូក៏បានដួលប្រកាច់ប្រកិន និងបង្កឲ្យអ្នកបើកបររងរបួសស្រាលផងដែរ។
នៅពេលដែលសមត្ថកិច្ចប៉ុស្តិ៍ចុះមកដល់ដើម្បីធ្វើការត្រួតពិនិត្យ និងវាស់វែងទីតាំងកើតហេតុទើបដឹងថាអ្នកបើកបរម៉ូតូមានឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ដោយពេលនោះដែរ សមត្ថកិច្ចបានបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ចំណែកម៉ូតូត្រូវបាននាំយកទៅរក្សាទុកនៅប៉ុស្តិ៍រង់ចាំដោះស្រាយជាក្រោយ៕
ត្រឡប់ចេញពីវត្តឆ្លងថ្នល់ទៅផ្ទះ ត្រូវម៉ូតូបុកប៉ើងរបួសធ្ងន់
0 Comments