Ad Code

ពលរដ្ឋ​សាទរ​ទៅ​នឹង​ការសម្រេច​ដក​សិទ្ធិពី ក្រុមហ៊ុន សុខ គង់ ក្នុង​ការ​ប្រមូល​ថវិកា​ពី​ការ​លក់​សំបុត្រ​អង្គរវត្ត

សៀមរាប ៖ ពលរដ្ឋ​ទូទាំង​ខេត្តសៀមរាប​ឲ្យ​ដឹង​ថា ពួកគាត់​មានការ​ត្រេកអរ​យ៉ាង​ខ្លាំង​បន្ទាប់ពី​ទទួលដំណឹង​ថា រាជរដ្ឋាភិបាល​បានសម្រេច​បញ្ឈប់​ការផ្តល់​សិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន សុខ គង់ ក្នុងការ​ប្រមូល​ថវិកា​ពី​ការ​លក់​សំបុត្រ​នៅ​តំបន់​អង្គរវត្ត ទៅ​ឲ្យ​រដ្ឋ​គ្រប់​គ្រង​វិញ។


ពលរដ្ឋ​នៅ​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បាន​ឲ្យ​ដឹង​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានសម្រេច​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​។ សម្តេច​បាន​បញ្ជក់​ថា ការ​ដក​យក​មក​គ្រប់គ្រង​វិញ​នេះ ជា​កំណែទម្រង់​មួយ ហើយ​ការសម្រេច​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ដើមឆ្នាំ​២០១៦​នេះ​តទៅ។


លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​អប្សរា បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​០៦​នេះ​ថា សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​បា​នស​ម្រេ​ច​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​០៦​នេះ​ថា​នឹង​ដក​សិទ្ធ​ពី​ក្រុមហ៊ុន សុខាអូតែល​ដែល​បាន​ទទួល​សិទ្ធិ​លក់​សំបុត្រ​នៅ​តំបន់​អង្គរ មក​ឲ្យ​រាជរដ្ឋាភិបាល​គ្រប់គ្រង​វិញ​។


លោក​បន្ត​ថា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជា​អន្តរក្រសួង​រៀបចំ​គណៈកម្មាធិការ​នេះ​។ លោក​បញ្ជាក់​ថា ចំណែក​កា​ងារ​របស់​អាជ្ញាធរ​អប្សរា​មាន​តួនាទី​ដដែល​គឺ​មិន​មាន​អ្វី​ផ្លាស់​ប្តូរ​នោះ​ទេ។


លោក​បន្ថែម​ថា តាម​ការ​ជាក់ស្តែង​ការងារ​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​រាជរដ្ឋាភិបាល​ដែល​បាន​សម្រេចចិត្ត​យ៉ាង​ត្រឹមត្រូវ​ដើម្បី​បង្កើន​ថវិកា​របស់​ជាតិ​ឲ្យ​កាន់តែ​កើនឡើង​។ ជាមួយគ្នា​នោះ​ដែរ​លោក​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុ​ជាថ្មី តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​០៦​នេះ​ថា ក្នុងនាម​អាជ្ញាធរ​ខេត្ត​លោក​មានការ​គាំទ្រ​និង​ពេញចិត្ត​ទៅ​នឹង​ចំណាត់ការ​របស់ សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ដែល​បានសម្រេច​ដក​សិទ្ធិ​ពី​ក្រុមហ៊ុន សុខ គង់ ដើម្បី​ឲ្យ​រដ្ឋ ជា​អ្នកគ្រប់គ្រង​លើ​ការ​លក់​សំបុត្រ​នៅ​តំបន់​អង្គរ។


សូម​រំលឹក​ថា ក្រុមហ៊ុន សុខ គង់ ដែល​បាន​ទទួល​សិទ្ធិ​គ្រប់គ្រង​ចំណូល​អង្គរវត្ត​តាំងពី​ឆ្នាំ​១៩៩៩ ហើយ​នៅ​ដើមឆ្នាំ​២០១៦​នេះ​នឹង​ត្រូវ​ប្រគល់​សិទ្ធិ​ឲ្យ​រដ្ឋ​ជា​អ្នកគ្រប់គ្រង​វិញ​៕



ពលរដ្ឋ​សាទរ​ទៅ​នឹង​ការសម្រេច​ដក​សិទ្ធិពី ក្រុមហ៊ុន សុខ គង់ ក្នុង​ការ​ប្រមូល​ថវិកា​ពី​ការ​លក់​សំបុត្រ​អង្គរវត្ត

Post a Comment

0 Comments

Close Menu