ភ្នំពេញ ៖ ក្រុមជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយសំបុក ចំនួន៦នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ចុះមកបង្ក្រាបជាក់ស្ដែង ព្រមទាំងដកហូតថ្នាំញៀនចំនួន៦០កញ្ចប់។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះធ្វើឡើងកាលពីវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចបន្ទប់លេខ៤៨ ផ្ទះលេខ៩៨E0 ផ្លូវលេខ៨១ ភូមិ១០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានម្ចាស់ផ្ទះឈ្មោះ ពៅ ហុង ភេទប្រុស អាយុ៥០ឆ្នាំ។
មន្ត្រីនគរបាលជំនាញបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានស៊ើបដឹងយ៉ាងច្បាស់ថា នៅទីតាំងបន្ទប់ផ្ទះជួលនោះប្រមូលផ្ដុំទៅដោយក្រុមអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនប្រុស/ស្រីជាច្រើននាក់កំពុងពួនលាក់ខ្លួននៅទីនោះ។
ដូច្នេះហើយ ទើបកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ដឹកនាំដោយលោក ចាន់ ឆេង នាយរងការិយាល័យ និងលោក សួស ចិន្ដា ក្រឡាបញ្ជី បានចុះមកសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ចុះបង្ក្រាបជាក់ស្ដែង ដោយឃាត់ខ្លួនមនុស្សចំនួន០៦នាក់ ស្រី២នាក់ ក្នុងនោះជនជាតិវៀតណាម០៤នាក់ និងខ្មែរ០២នាក់ ព្រមទាំងដកហូតវត្ថុតាង ប្រភេទម្សៅក្រាមសថ្លាចំនួន៦០កញ្ចប់តូច រួមទាំងកូនថង់ប្លាស្ទិកសម្រាប់ច្រកថ្នាំញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួនបន្ថែមទៀតបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ព័ទ្ធចាប់បន្ទប់ជួល ឃាត់ខ្លួនមនុស្ស០៦នាក់ និងដកហូតថ្នាំញៀន៦០កញ្ចប់
0 Comments