ការនាំប្រេងចេញពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសជប៉ុន បានកើនឡើងចំនួន ២០% នៅក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០១៥ ប្រៀបធៀបនឹងឆ្នាំទៅ នៅក្នុងរយៈពេលដូចគ្នានេះ។ លោក Igor Sechin ប្រធានប្រតិបត្ដិរបស់ក្រុមហ៊ុន Rosneft បាននិយាយដូច្នេះនៅក្នុងអំឡុងពេលទៅធ្វើទស្សនកិច្ចនៅទីក្រុងតូក្យូ កាលពីថ្ងៃសុក្រ។ នេះជាការកើនឡើងមួយ បើទោះបីជាមានការថយចុះជាទូទៅ នៅក្នុងពាណិជ្ជកម្មទ្វេភាគីក៏ដោយ។
លោក Sechin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា នៅក្នុងឆ្នាំ ២០១៤ ការនាំចេញប្រេងពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសជប៉ុន បានកើនឡើងដល់ ១៣.៥ លានតោន ដែលបានផ្ដល់ ៨.២%នៃការប្រើប្រាស់ប្រេងសរុបរបស់ប្រទេសចំនួន ១៦៨ លានតោន។ លោក Sechin បានបន្ថែមថា ប៉ុន្ដែសក្ដានុពលនៃទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់យើងនៅតែមិនទាន់បានល្អនៅឡើយ។
យោងទៅតាមលោក Sechin បានឲ្យដឹងថា ការផលិតថាមពលនៅប្រទេសរុស្ស៊ី គឺមានស្ថិរភាព ឬស្ថិតនៅក្នុងការកើនឡើងនោះផង ដូចផលិតផល ដែលត្រូវបាននាំចេញនោះ។ លោកបានបន្ថែមទៀតថា សភាពការណ៍តម្លៃបច្ចុប្បន្ននៅក្នុងទីផ្សារថាមពល គឺជាឱកាសដ៏ល្អមួយសម្រាប់ប្រទេសអ្នកប្រើប្រាស់ថាមពល ដូចជាប្រទេសជប៉ុន ដើម្បីកាត់បន្ថយចំណាយ។
លោកSechin ក៏បាននិយាយអំពីយុទ្ធសាស្ដ្រប្រេងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតផងដែរ។ យោងទៅតាមប្រធានប្រតិបត្ដិរបស់ Rosneft រូបនេះបានឲ្យដឹងថា ការចំណាយដ៏ច្រើនសម្បើមដើម្បីកាន់កាប់ ឬក៏ដើម្បីបង្កើនចំណែកទីផ្សារ មិនបាននាំយកមកឲ្យទីក្រុងរីយ៉ាត នូវកំណើនដ៏សំខាន់ណាមួយនោះទេ។
លោក Sechin បានបន្ថែមថា តម្លៃទាបបានបង្ខំឲ្យពួកគេចំណាយរាប់ពាន់លានដុល្លារពីមូលនិធិទ្រព្យខ្ពស់បំផុត ដែលនាំឱ្យគេងាកទៅរកការខ្ចីប្រាក់ពីបរទេស។ នៅពេលថ្មីៗនេះ វាក៏បានក្លាយជាការចាំបាច់សម្រាប់ពួកគេ ដើម្បីអនុវត្ដវិធានការទាំងឡាយនៃការត្បិតត្បៀតសារពើពន្ធ។ ហេតុដូច្នេះក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានផ្ដល់អនុសាសន៍ដល់ក្រសួងផ្សេងៗឲ្យកាត់បន្ថយការចំណាយ។ ជាពិសេសក្រសួងនេះបានផ្ដល់អនុសាសន៍ណែនាំកុំឲ្យទិញរថយន្ដថ្មី និងគ្រឿងសង្ហារិម និងកុំឲ្យជួលអចលនទ្រព្យថ្មី ព្រមទាំងបង្កកការតែងតាំងនិយោជិតថ្មី រហូតដល់ដំណាច់ឆ្នាំ។
ប្រធានប្រតិបត្ដិរបស់ Rosneft រូបនេះបានបន្ដថា ទោះបីជាមានការចំណាយដ៏ច្រើនសម្បើមក៏ដោយ ក៏បណ្ដាប្រទេសរបស់ OPEC បន្ដបដិសេធមិនឲ្យធ្វើនិយតកម្មទីផ្សារប្រេងនោះដែរ។ នៅក្នុងពេលប្រជុំថ្មីៗនេះរបស់ OPEC ពុំមានសេចក្ដីសម្រេចត្រូវបានធ្វើឡើងម្ដងទៀតនោះទេ៕
RT
ការនាំចេញប្រេងឆៅរបស់រុស្ស៊ី ទៅកាន់ប្រទេសជប៉ុន កើនឡើង បើទោះបីជាពាណិជ្ជកម្មខ្សោយក៏ដោយ
0 Comments