ភ្នំពេញ ៖ ជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនចំនួន៥០នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀនរាជធានី កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្នុងនោះរួមជាមួយវត្ថុតាងគ្រឿងញៀន ក្រាមពណ៌សថ្លា សរុបចំនួន៨កញ្ចប់ព្រមទាំងសម្ភារៈសម្រាប់សេពជាច្រើនទៀត។
មន្ត្រីការិយាល័យស្រាវជ្រាវប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីបានឲ្យដឹង នៅវេលាម៉ោង ១៤និង០០ រសៀលថ្ងៃទី៧ ខែវិច្ឆិកាថា ការិយាល័យបង្ក្រាបគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយអាវុធហត្ថខណ្ឌពាក់ព័ន្ធ ដោយចាប់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ជាមួយនឹងថ្នាំញៀនជាច្រើនកញ្ចប់។
កម្លាំងការិយាល័យបង្ក្រាបគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានជនសង្ស័យ១២នាក់ នៅផ្ទះសំណាក់វិមានអង្គរជ័យ ផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងកម្លាំងអាវុធហត្ថខណ្ឌឫស្សីនិងកម្លាំងអន្តរាគមន៍ចេញល្បាតចាប់បានជនសង្ស័យ១៤នាក់ និងថ្នាំ៤កញ្ចប់ទៀតនៅថ្ងៃទី១ ខែវិច្ឆិកា។
មន្ត្រីដដែលបានបន្តថា នៅយប់ថ្ងៃទី៣ និង ទី៥និងទី៦ ខែវិច្ឆិកា កម្លាំងអាវុធហត្ថខណ្ឌមានជ័យចាប់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន១កញ្ចប់ហើយនៅរសៀលថ្ងៃដដែលកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក សហការជាមួយកម្លាំងការិយាល័យជំនាញចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន១៨នាក់ទៀត និងថ្នាំញៀន១កញ្ចប់ និងសំភារៈមួយចំនួននៅចំណុចមុខពេទ្យលោកសង្ឃ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅថ្ងៃទី៦ ខែវិច្ឆិកា កម្លាំងអាវុធហត្ថការិយាល័យជំនាញចាប់ខ្លួនជនសង្ស័យ៤នាក់និងថ្នាំ៤កញ្ចប់។
បច្ចុប្បន្នជនសង្ស័យទាំងអស់ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការជាបន្តបន្ទាប់ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាបន្តបន្ទាប់មិនលើកលែងឡើយ៕
បញ្ជូនជនសង្ស័យ៥០នាក់ទៅតុលាការជាមួយថ្នាំញៀន១០កញ្ចប់
0 Comments