Ad Code

ស្ទាក់​កាប់​គ្នា​ពេល​បុណ្យ​កឋិនទាន ផ្អើល​ពេញ​វត្ត​ទាំង​យប់​

បាត់ដំបង ៖ ក្រុម​ក្មេង​ពាល​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រហែល​៥​នាក់ បាន​ធ្វើ​សកម្មភាព​ស្ទាក់​កាប់​ទៅ លើ​ជនរងគ្រោះ​ម្នាក់​ បណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ ខណៈ​ដែល​ទី​អារាម​នេះ​មានការ​ដង្ហែ​អង្គ​កឋិនទាន​ចូល​ផង និង​បង្ក​ឲ្យ​រង​របួស​ជា​ទម្ងន់។


ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​៨​និង​២៥​នាទី​យប់ ត្រង់​ចំណុច​ខាងមុខ​វត្ត​ផ្អៀង ស្ថិត​ក្នុង​ភូមិ​ផ្អៀង ឃុំ​កកោះ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង​ដោយ​កាលពី​ពេល​ថ្ងៃ វត្ត​នេះ​ត្រូវ​បាន​ពុទ្ធបរិស័ទ​ដង្ហែ​អង្គ​កឋិនទាន​ចូល​ផង ដូច្នេះ​គណៈកម្មការ​បាន​រៀបចំ​កម្មវិធី​រាំ​លេង​កម្សាន្ត​នៅ​ក្នុង​បរិវេណ​វត្ត​នា​ពេល​រាត្រី។


ភ្លាមៗ​នោះដែរ​ ក៏​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ខាង​មុខ​បរិវេណ​វត្ត​ដោយ​បន្សល់​នូវ​យុវជន​ម្នាក់​ដែល​ដួល​ដេក​នៅ​ក្នុង​ថ្លុក​ឈាម​ ដោយសារ​តែ​មាន​ក្មេង​ពាល​មួយ​ក្រុម​បាន​ព្រួត​គ្នា​ប្រើ​កាំបិត​កាប់​ និង​ចាក់​ទៅ​លើ​ជនរងគ្រោះ​រូប​នោះ ហើយក៏​បាន​នាំគ្នា​រត់គេចខ្លួន​បាត់​អស់។


ជនរងគ្រោះ​ដែល​មាន​ឈ្មោះ នាក់ នៅ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​កើតហេតុ​ខាង​លើ​បាន​រៀបរាប់​ទាំង​ការឈឺចាប់​ថា នៅ​យប់​នោះ ​ខ្លួន​បាន​មក​លេង​ក្នុង​វត្ត​នឹង​គេ​ដែរ​ ដោយសារ​តែ​មាន​អង្គ​កឋិន​បាន​ដង្ហែ​ចូល ប៉ុន្តែ​នៅ​ពេល​ដែល​ខ្លួន​ដើរ​ចេញពី​វត្ត​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ ក៏​ស្រាប់​តែ​មាន​ក្រុម​ក្មេងស្ទាវ​មួយ​ក្រុម​មាន​គ្នា​ប្រហែល​៥​នាក់​ប្រដាប់​ដោយ​កាំបិត​ស្ទើរ​គ្រប់​ដៃ បាន​ដេញ​កាប់​មក​លើ​រូប​ខ្លួន​បណ្តាលឲ្យ​ត្រូវ​ចំ​ក្បាល​មួយ​កន្លែង និង​ចាក់​ចំ ​ពោះ​ទឹក​ផ្នែក​ខាងឆ្វេង​មួយ​កន្លែង​ផង​ដែរ រួច​ពួកវា​បាន​នាំ​គ្នា​រត់គេចខ្លួន​បាត់​អស់​តែម្ដង ខណៈ​ដែល​មាន​កម្លាំង​នគរបាល​មក​ជួយ​អន្តរាគមន៍ ដោយ​កម្លាំង​បាន​បញ្ជូន​ខ្លួន​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោងឬស្សី​ដើម្បី​សង្គ្រោះ ។


ជនរងគ្រោះ​បាន​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​ចំនួន​២​នាក់​ដែល​គេ​បាន​ស្គាល់​ក្នុង​ចំណោម​បក្ខពួក​ទាំង​៥​នាក់​ គឺ​ឈ្មោះ រុំ ហើយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ឈ្មោះ ព្រឿ​ម​ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ អ្នក​ទាំងពីរ​មាន​មុខរបរ​ធ្វើស្រែ និង​រស់នៅ​ភូមិ​កោះ​ចារ ឃុំ​មោង។​


ដោយឡែក ​លោក គិត ហ៊ាង អធិការ​នគរបាល​ស្រុក​មោងឬស្សី​បាន​គូស​បញ្ជាក់​ថា​ កន្លងមក​ក្រុម​ទាំងពីរ​នេះ​ធ្លាប់​មាន​ទំនាស់​នឹង​គ្នា​ ដោយសារតែ​ពួកគេ​រស់នៅ​ភូមិ​ជាប់​គ្នា​ ដូច្នេះ​ករណី​នេះ​វា​អាច​ជា​រឿង​គំនុំ​ចាស់​ក្នុង​ការ​តាម​សងសឹក ប៉ុន្តែ​បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​តាម​រក​មុខសញ្ញា​ទាំង​នេះ​ហើយ​ ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៕



ស្ទាក់​កាប់​គ្នា​ពេល​បុណ្យ​កឋិនទាន ផ្អើល​ពេញ​វត្ត​ទាំង​យប់​

Post a Comment

0 Comments

Close Menu