ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ពាក់ព័ន្ធនឹងភាពយន្តភាគបរទេស ក្រសួងព័ត៌មានមិនមែនហាមប្រាមមិនឲ្យចាក់ផ្សាយនោះទេ គ្រាន់តែជារួម យើងចង់ជំរុញ និងលើកកម្ពស់វណ្ណកម្មផលិតភាពយន្តក្នុងស្រុកមានការរីកចម្រើន ដូច្នេះហើយបានជាក្រសួងជ្រើសរើសម៉ោងមាស ពីម៉ោង៧ ទៅម៉ោង៩ សម្រាប់ចាក់ភាពយន្តខ្មែរ មិនឲ្យចាក់ផ្សាយភាពយន្តបរទេសក្នុងម៉ោងមាសនោះទេ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ លើកឡើងយ៉ាងដូច្នេះនៅក្នុងសិក្ខាសាលាស្តីអំពី «នាទីភាពយន្តចិន» នាព្រឹកថ្ងៃទី២១ ខែធ្នូនេះ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការរៀបចំរវាងទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុប្រជាជនតំបន់ស្វ័យតក្វាងស៊ី ប្រទេសចិន។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់បន្ថែមថា មូលហេតុនេះហើយបានជាក្រសួងជ្រើសរើសចាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ទៅ ក្រសួងហាមប្រាមមិនឲ្យចាក់ផ្សាយភាពយន្តបរទេស ក្នុងចន្លោះពីម៉ោង៧ ទៅម៉ោង៩ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់វណ្ណកម្មផលិតភាពយន្តខ្មែរ ក្រៅពីម៉ោងមាសនេះ ភាពយន្តបរទេសមានលទ្ធភាពចាក់ផ្សាយបានជាធម្មតា។
លោករដ្ឋមន្ត្រីលើកឡើងថា បើផ្សាយតែភាពយន្តក្នុងស្រុករបស់យើងសុទ្ធ វាក៏មិនគ្រាប់គ្រាន់ដែរ ហើយក៏មិនដែលមានស្រុកណាផ្សាយតែរបស់ក្នុងស្រុកទាំងអស់នោះទេ បើមិនដូច្នោះទេ ដូចកង្កែបក្នុងអណ្តូងសុទ្ធហើយ។ អញ្ចឹងទេ ត្រូវតែឲ្យមានការបើកទូលាយ ដើម្បីឲ្យយើងឃើញថា របស់គេមានកម្រិតប៉ុនណា របស់យើងមានកម្រិតប៉ុណ្ណា ដើម្បីដកពិសោធន៍ពីគ្នាទៅវិញទៅមក។ ជាពិសេសក្នុងសម័យដែលសេដ្ឋកិច្ចសកលភាវូបនីយកម្មយើងនេះ មិនអាចគ្មានអញ្ចឹងបានទេ ប្រៀបបានធ្វើឲ្យគេជឿនលឿនក្នុងភាពល្ងង់ខ្លៅ។
លោករដ្ឋមន្ត្រីបន្ថែមថា ការដែលយកភាពយន្តបរទេសមកចាក់ផ្សាយក្នុងស្រុកយើង មិនមែនធ្វើឲ្យប៉ះពាល់ដល់ភាពយន្តក្នុងស្រុកនោះទេ គឺមកពីយើងអន់។ ប៉ុន្តែលោកគិតថា ខ្មែរយើងមិនអន់ទេ មកពីយើងមោទនភាពហួសហេតុពេក។ បើនិយាយពីវប្បធម៌វិញលោកគិតថា មានតែខ្មែរទេ ដែលល្អជាងគេ ហើយនៅពេលដែលយើងទទួលពីគេ សួរថាយើងនៅកម្រិតណា ហើយអ្វីត្រូវយកពីគេ។ ដូច្នេះមិនមែនមានតែខ្មែរមួយដែលល្អជាងគេមួយពិភពលោកនោះទេ សំខាន់កុំឲ្យខ្មែរយើងមានទស្សនបែបកង្កែបក្នុងអណ្ដូងបានហើយ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់បន្ថែមថា វប្បធម៌របស់គេយកមកមើល មិនមែនឲ្យយើងចម្លងតាមគេទាំងស្រុងនោះទេ ប៉ុន្តែយើងយកមកត្រូវចេះច្នៃឲ្យកាន់តែល្អថែមទៀត នោះជាការល្អ។
រដ្ឋមន្ត្រីរំលឹកថា ថ្ងៃនេះយើងជួបប្រជុំគ្នាក្នុងសិក្ខាសាលាស្ដីពីកម្មវិធីខ្សែភាពយន្តភាគចិន ដែលយើងចាត់ទុកថា ជាការជួបជុំមួយដ៏មានសារៈសំខាន់ ដើម្បីដកពិសោធន៍ទៅលើកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌របស់យើង និងតំបន់ស្វ័យតខេត្តក្វាងស៊ី ប្រទេសចិន ហើយក៏ជាផ្នែកមួយនៃផ្លូវសូត្រតម្រង់មកអាស៊ីអាគ្នេយ៍ ក្នុងនោះវប្បធម៌ គឺជាផ្នែកមួយដ៏សំខាន់។ តាមពិតយើងក៏ធ្លាប់សហការនឹងវិទ្យុប្រជាជនតំបន់ស្វ័យតក្វាងស៊ី ប្រទេសចិនរួចមកហើយ តែរហូតមកដល់ឆ្នាំ២០១៤ ទើបយើងចុះកិច្ចព្រមព្រៀងជាផ្លូវការ ដើម្បីសហប្រតិបត្តិការជាមួយគ្នា ដែលលោករដ្ឋមន្ត្រីសូមសម្តែងការរីករាយនូវកិច្ចសហប្រតិបត្តិការនេះ ដែលធ្វើឲ្យយើងឈានទៅដល់ការសហការគ្នាលើវិស័យព័ត៌មាន ជាពិសេសទៅទៀតបានឈានទៅទទួលបាននូវខ្សែភាពយន្តភាគចិនមកចាក់ផ្សាយ។ ដូចជាការចាក់បញ្ចាំងខ្សែភាពយន្តចិនរឿង«សាមកុក» គឺប្រជាជនកម្ពុជា មានការគាំទ្រច្រើនក្នុងមួយថ្ងៃបានផ្ញើសារគាំទ្រតាមរយៈ SMS មានពី៣០០ ទៅ១.០០០សារ។
លោករដ្ឋមន្ត្រីក៏បានឲ្យដឹងដែរថា លើការផ្លាស់ប្ដូរវប្បធម៌នេះ កន្លងមកយើងបានធ្វើសហប្រតិបត្តិការ ជាមួយប្រទេសបារាំងពីឆ្នាំ១៩៨៣ បន្ទាប់មកយើងបានសហប្រតិបត្តិការផ្លាស់ប្ដូរវប្បធម៌ជាមួយវៀតណាម រុស្សី ថៃ ដោយគេបានផ្តល់ឲ្យយើងសម្រាប់ការចាក់ផ្សាយ។ ឥឡូវនេះយើងបានបន្តកិច្ចសហប្រតិបត្តិការជាមួយចិន ហើយនឹងឈានទៅជាមួយប្រទេសកូរ៉េ និងជប៉ុនជាបន្តបន្ទាប់ទៀត៕
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ការចាក់ផ្សាយភាពយន្តបរទេសវាមិនប៉ះពាល់ដល់ភាពយន្តខ្មែរនោះទេ
0 Comments