ភ្នំពេញ ៖ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៨កញ្ចប់ជាមួយជនសង្ស័យ៨នាក់ ពាក់ព័ន្ធករណីប្រើប្រាស់និងចែកចាយគ្រឿងញៀនត្រូវបានកម្លាំងអាវុធហត្ថរាជធានី និង ខណ្ឌពាក់ព័ន្ធចាប់ខ្លួនបានជាបន្តបន្ទាប់រយ:ពេល២ថ្ងៃកន្លងមកនេះ។
ករណីទីមួយកម្លាំងអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀនម៉ាទឹកកក៦កញ្ចប់នៅចំណុចចំណតឡានក្នុងផ្សារសុរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៧និង២០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥។
មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងនៅល្ងាចថ្ងៃទី២១ ខែធ្នូថា ជនសង្ស័យទាំង២នាក់គឺ១-ឈ្មោះ ជា សំណាងភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដជាម្ចាស់ថ្នាំ និង ទី២-ឈ្មោះ គង់ បារាំងភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកអង្គការកសាង ស្នាក់នៅផ្ទះជួលលេខ២៦ ផ្លូវបេតុងលេខ២១ ភូមិត្នោតជ្រំ សង្កាត់បឹងទំពុង ខណ្ឌមានជ័យ ។
មន្ត្រីដដែលបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យ ២នាក់ គឺកម្លាំងអាវុធខណ្ឌដូនពេញ បានជិះល្បាតការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យ២នាក់កំពុងតែឈរនៅចំណុចចំណតឡានក្នុងផ្សារសុរិយាម៉ល ដែលសម្បូរហាងបារាំងជាច្រើននោះ ទីតាំងនេះគឺជាកន្លែងដែលងាយស្រួលជនល្មើសចែកចាយ និង ជួញដូរគ្រឿងញៀនយ៉ាងសកម្មនោះ ក៏ចាប់ឃាត់ខ្លួននិងឆែកឆេរឃើញមានថ្នាំញៀនចំនួន៦កញ្ចប់ធំតូចជាក់ស្តែងតែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតវត្ថុតាងមាន ក្រាមពណ៌សថ្លា ចំនួន៦កញ្ចប់ (ធំ០១ តូច០៥),កន្ត្រៃចំនួន០១,ដែកកេះ ០១,កែងសំរាប់ជក់ ចំនួន០៧,ថង់សម្រាប់ច្រកមួយចំនួន,ទូរស័ព្ទដៃ ម៉ាកអាយហ្វូនស៊េរីចាស់ ចំនួន០១គ្រឿង និង ម៉ាកសាំសុងបត់០១គ្រឿង,ម៉ូតូ០១គ្រឿងម៉ាកស្តេប ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1E-7190និងអត្តសញ្ញាណប័ណ្ណចំនួន០១និងកាតគ្រីម៉ូតូចំនួន០១សន្លឹក ។
ដោយឡែកនៅព្រឹកថ្ងៃទី២១ធ្នូឆ្នាំ២០១៥នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានឃាត់ជនសង្ស័យ៦នាក់បន្ថែមទៀត នៅចំណុចមុខមន្ទីរពេទ្យព្រះកុសមៈ ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខដែលជាកន្លែងបង្ក្រាបមិនចេះអស់ ដោយដកហូតបានថ្នាំញៀន២កញ្ចប់ទៀត៕
អាវុធហត្ថរាជធានីឃាត់ខ្លួនជនសង្ស័យ៨នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន
0 Comments