ពានរង្វាន់បាល់ទាត់ជើងឯកនារីឆ្នាំ២០១៥ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅទីលានមជ្ឈមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទីបានស្វែងរកឃើញក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រហើយបន្ទាប់ពីបញ្ចប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅល្ងាចថ្ងៃច័ន្ទទី ២១ ខែ ធ្នូ ឆ្នាំ ២០១៥។
ចំពោះលទ្ធផលនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះមានក្រុមមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបងប្រកួតឈ្នះក្រុមសមាគមកីឡាបាល់ទាត់សៀមរាបអង្គរដោយ ៨ ទល់ ០ ខណៈក្រុមមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងបានប្រកួតចាញ់ក្រុមមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងដោយលទ្ធផល ៦ ទល់ ១។
ក្រុមបាល់ទាត់ចំនួន ៨ក្រុមបានចូលរួមប្រកួតប្រជែងដណ្ដើមជើងឯកនៅឆ្នាំនេះត្រូវបានគណៈកម្មការរៀបចំការប្រកួតបានបែងចែកជា២ ពូល ដោយឡែកពីមុនឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងផ្ដាច់ព្រ័ត្រ។
សម្រាប់ពូល Aមានក្រុមមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបងមន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំកងរាជអាវុធហត្ថខេត្តកំពង់ធំនិងមន្ទីរអប់រំយុវជន និង កីឡាខេត្តស្វាយរៀងហើយពូល B មានមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្ដាលសមាគមកីឡាបាល់ទាត់ខេត្តសៀមរាបអង្គរមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យ និង មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង។
ការប្រកួតពានរង្វាន់សម្រាប់នារីនេះធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ ២៣ ខែធ្នូ ឆ្នាំ២០១៥លើទីលានមជ្ឈមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទីក្នុងខេត្តតាកែវ។
កីឡាការិនីដែលបានចុះឈ្មោះចូលលេងនេះតម្រូវឲ្យមានសញ្ជាតិខ្មែរ និង មានអាយុក្រោម១៤ឆ្នាំ ដែលមានថ្ងៃខែឆ្នាំកំណើតចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០០១ ដល់ ៣១ ខែធ្នូ ឆ្នាំ២០០៣។
សម្រាប់កម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងរៀបចំឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៥ លើទីលានមជ្ឈមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទីដោយក្រុមមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបងប្រកួតជាមួយក្រុមមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងនៅវេលាម៉ោង ៣ រសៀលខណៈក្រុមមន្ទីរអប់រំយុវជន និង កីឡាខេត្តកំពង់ឆ្នាំងត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ជាមួយក្រុមសមាគមកីឡាបាល់ទាត់សៀមរាបអង្គរនៅវេលាម៉ោង ៨ ព្រឹក៕
ស្វែងរកឃើញក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ជើងឯកនារីឆ្នាំ២០១៥ហើយ
0 Comments