មានភាសិតសកលមួយឃ្លាពោលថា L’homme n’est pas parfait គឺមនុស្សមិនមានភាពល្អឥតខ្ចោះនោះទេ ពោលគឺមនុស្សតែងមានចំណុចខ្វះខាតដែលត្រូវតែមានការកែលម្អ ឬតាមរយៈការនិន្ទាទោះតិចនិងច្រើននោះ វាជារឿងធម្មតា។ ក្នុងនោះក៏មានពុទ្ធភាសិតមួយឃ្លាទុកជាសម្គាល់ថា”នត្ថិលោកេ អនិន្ទិតោ” ប្រែថាក្នុងលោកនេះពុំមានអ្វីដែលគេមិននិន្ទានោះឡើយ។
ជាការពិតណាស់មនុស្សម្នាក់ៗតែងមានយោបល់
យល់ឃើញខុសៗគ្នាដែលមានភាសិតសកលមួយឃ្លាពោលថា “Beaucoup de tetes beaucoup de connaissances” ប្រែថា មនុស្សច្រើនយោបល់ច្រើន។ ឯអ្វីដែលជាការផ្គាប់ចិត្តមនុស្សនោះឃើញថា ពុំបានសម្រេចនូវការព្រមព្រៀងទាំងអស់គ្នានោះទេ។ លោកបានធ្វើការប្រៀបប្រដូចទៅនឹងព្រះអាទិត្យ-ព្រះច័ន្ទដែលបានបំភ្លឺភពផែនដីនេះក៏មិនអាចផ្គាប់ទៅតាមបំណងប្រាថ្នាប្រកបទៅដោយការលោភលន់របស់មនុស្សនោះបានដែរ។ អ្នកខ្លះថា ភ្លឺពេកនិងងងឹតពេក ឬអ្នកខ្លះថា ក្តៅពេក និងត្រជាក់ពេក…..។ ដោយឡែកចំពោះមាតាចម្អិនម្ហូបអាហារផ្គត់ផ្គង់ក្នុងគ្រួសារនីមួយៗ ក៏មិនបានផ្គាប់ទៅតាមចំណង់ចំណូលចិត្តរបស់សមាជិកទាំងអស់ក្នុងគ្រួសារបានគ្រប់គ្នាដ៏ល្អ ឥតខ្ខោះនោះដែរ។ អ្នកខ្លះថា សាបពេកខ្លះថា ប្រែពេក និងខ្លះថាឆ្ងាញ់ចាប់មាត់ ឯខ្លះទៀតថា មិនឆ្ងាញ់…។ ក្នុងការរស់នៅរបស់មនុស្សនៃពិភពតណ្ហានេះក៏បានបង្ហាញអំពីការនិន្ទាឈ្នានីស បន្ទាបបន្ថោកបន្តុះបង្អាប់ ការចាប់ជើងគ្នាបោក ឬហៅថា ជាការកាច់កុងគ្នា មិនចេះចប់ឡើយ។ ដ្បិតមនុស្សតែង*សេចក្តីប៉ង់ប្រាថ្នាមិនចេះគ្រប់គ្រាន់ និងមិនចេះឆ្អែងព្រមល្មមទាល់តែសោះ។ គេបាននេះហើយតែងចង់បានអ្វីនោះទៀត ពោលគឺ សមុទ្រតណ្ហានៅតែមានកង្វះខាតឃែតៗ ដដែល។
គ្រប់ការងាររបស់មនុស្សក្នុងលោកនេះមិនមានអ្វីដែលហៅថា ល្អឥតខ្ចោះ ឬពុំមានកំហុសឆ្គងនោះទេ។ គេតែងនិយាយថា អ្នកដែលធ្វើការងារនោះតែងមានកំហុសដោយប្លែកគ្នាតែត្រង់ការខុសឆ្គងតិចតួច ឬការខុសឆ្គងធំដុំនោះទេ។ ប៉ុន្តែរវាងអ្នកចាំតែថា ឬចាំតែមើលកំហុសឃើញហើយធ្វើការនិន្ទានិងមានការស្តីបន្ទោសនោះវាមិនពិបាកនោះទេ។ ឯអ្វីដែលពិបាកនោះនៅត្រង់ការធ្វើសម្រាប់ឲ្យគេរិះគន់ទៅវិញទេដែលតែងមានចំណុចជាច្រើនដែលមិនសមស្រប នឹងចិត្តអ្នកដែលមិនធ្វើនោះជាញឹកញាប់បំផុត។ ផ្ទុយទៅវិញប្រសិនបើគេទម្លាក់ការងានោះដោយប្រគល់ឲ្យអ្នកដែលចាំតែចាប់កំហុសគេនោះធ្វើម្តងប្រាកដជាគេដឹងថា អ្នកនោះនឹងមានភាពស្រពេចស្រពិលពពីមពពើម ព្រមទាំងមានចំណុចខ្វះខាតច្រើនជាងគេវិញផង។ នេះហើយដែលកន្លងមក។ គេតែងនិយាយថា សាលាថានិងសាលាធ្វើនោះវាមិនដូចគ្នាទេព្រោះបើគ្រាន់តែថា វាងាយស្រួលជាងធ្វើ។
តាមរយៈការរៀបរាប់ខាងលើនេះបើគេធ្វើការបង្ហាញអំពីការងារគ្រប់គ្រងសង្គមជាតិ ឬការងារដឹកនាំប្រទេសវិញនោះក៏មិនបានបំពេញបំណងគ្រប់មនុស្សទាំងអស់គ្នាបានដែរ។ ចំពោះភាគច្រើនគេថា ល្អតែចំណែកឯមតិភាគតិចថា មិនល្អ។ ដូចនេះបើអនុលោមទៅតាមលទ្ធិប្រជាធិបតេយ្យនោះឃើញថា មតិភាគច្រើនដែលថា ល្អនោះគឺ អាចសម្រេចយកជាសាច់ការក្នុងការអនុវត្តបានហើយ។ ម្យ៉ាងទៀតចំពោះមតិរិះគន់ក៏មានចែកជាពីរយ៉ាងដែរគឺ ការរិះគន់ទី១ ដើម្បីស្ថាបនា ឬដើម្បីធ្វើការកែលម្អឡើងវិញក្នុងបំណងល្អ។ ឯមតិរិះគន់ទី២ គឺ ជាន័យផ្តួលរំលំហៅថា ប៉ែងជើងគេឲ្យដួលដើម្បីខ្លួនឯងឡើង ឈរជំនួសទៅតាមមហិច្ឆតា របស់ខ្លួនក្នុងការប្រជែងយកអំណាច និងផលប្រយោជន៍។
វាពិតជាអ៊ីចឹងមែនមិនថា តែការដឹកនាំប្រទេសជាតិទាំងមូលតែងតែមានការជួបប្រទះនូវមតិប្រឆាំងរិះគន់ត្រង់ចំណុចនេះ ឬចំណុចនោះចចេចចចូចអេចអូចឥតស្វាងនោះទេ ព្រោះវាជារឿងធម្មតា អ្វីៗ មិនដែលល្អ ឥតខ្ចោះក្នុងការបំពេញបំណងដល់មនុស្សគ្រប់គ្នានោះឡើយ។ សូម្បីតែផ្ទៃក្នុងនៃគណបក្សសង្គ្រោះជាតិកន្លងមកនេះក៏មានការប្រេះឆាបែកបាក់ប្រកបដោយការរិះគន់ហុយដីដែរ។ គេថា ចុះទំរាំតែមេបក្សនេះបានធ្វើជាអ្នកដឹកនាំសង្គមជាតិទាំងមូលនោះតើអាចចៀសផុតពីកំហុសឆ្គងដែរឬទេ? បានសេចក្តីថា មិនខុសពីពាក្យចាស់ពោលថា លាងតែគូថខ្លួនឯងមិនជ្រះផង បែរជាព្យាយាមលាងគូថឲ្យគេទៅវិញ តើទៅរួចដែរឬទេ?….៕
ទស្សនៈ ៖ គ្មានទេភាពល្អឥតខ្ចោះ!
0 Comments